ប្រេសិត​អ.ស.ប.៖ ពលរដ្ឋ​​ខ្មែរ​ជា​ច្រើន​​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការ​ពិត​ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ទី​៥ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មក​កាន់​កម្ពុជា​ នៅ​ថ្ងៃ​ទី​៣ មិថុនា​។

0:00 / 0:00

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី បាន​លើក​ឡើង​នៅ​ចំណុច​ថ្មី​មួយ នៅ​ពេល​ដែល​លោក​បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការ​ពិត​ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ទី​៥ នៅ​កម្ពុជា​ថា ក្នុង​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា លើក​នេះ រូប​លោក​រក​ឃើញ​ថា មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​មតិ ហើយ​កំពុង​តែ​រឹតត្បិត​សេរីភាព​របស់​ខ្លួន​ឯង។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១១ នៅ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ រាជធានី​ភ្នំពេញ លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ស្ថានការណ៍​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​វិស័យ​មួយ​ចំនួន ក៏​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​បាន​ប្រសើរ​នៅ​ឡើយ ដូចជា​សិទ្ធិ​ដីធ្លី ការ​បណ្ដេញ​ចេញ និង​សេរីភាព​បញ្ចេញ​មតិ។

លោក​ថា ដោយសារ​តែ​ភ័យ​ខ្លាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ញុះញង់​មនុស្ស​ជាច្រើន ដែល​មាន​អ្នក​កាសែត អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ ព្រម​ទាំង​បុគ្គល​ឯកជន​នានា ហាក់​ដូចជា កំពុង​រឹត​ត្បិត​ការ​បញ្ចេញ​មតិ​ខ្លួនឯង។

លោក សុរិយា ស៊ូប៊ែឌី បញ្ជាក់​ដូច្នេះ ៖ «ខ្ញុំ​មាន​កង្វល់​ចំពោះ​ការ​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​បែប​នេះ​ប្រឆាំង​ទៅ​នឹង​សកម្មជន​ការពារ​សិទ្ធិ​ខាង​ដីធ្លី និង​បុគ្គល​នានា ដែល​ធ្វើការ​ទាមទារ​សិទ្ធិ​លើ​ដីធ្លី​ដែល​មាន​ទំនាស់»

លោក សុរិយា ស៊ូប៊ែឌី ក៏​បាន​លើក​ឡើង​ថា មាន​ច្បាប់​ជា​ច្រើន​ដែល​រដ្ឋាភិបាល​បាន​តាក់តែង និង​អនុម័ត និង​ធ្វើ​ការ​កែ​លម្អ ក៏​ប៉ុន្តែ​ក្នុង​នោះ​មាន​ច្បាប់​មួយ​ចំនួន​ហាក់​រឹតត្បិត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​យ៉ាង​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​បដិសេធ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ ទីស្ដីការ​ការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ជឿ​ឡើយ​ចំពោះ​ការ​លើក​បញ្ហា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន បញ្ចេញ​មតិ​នោះ។

លោក​បញ្ជាក់​ថា ការ​រិះគន់​ស្ថាបនា​របស់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​ក្នុង​ន័យ​សហការ​គ្នា ហើយ​រដ្ឋាភិបាល​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ការ​កែ​លម្អ​ចំណុច​ខ្វះខាត​ទាំង​នេះ ៖ «បើ​សិន​លោក​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោក​ចេះ​ស្ដាប់​ភាសា​ខ្មែរ ចេះ​អាន​ភាសា​ខ្មែរ លោក​បាន​ដឹង​តាម​រយៈ​វិទ្យុ​អាស៊ីសេរី ពិសេស​រយៈ​វិទ្យុ​ដទៃ​ទៀត»

លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការ​ពិត​ ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ទី​៥ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មក​កាន់​កម្ពុជា រយៈពេល​៥​ថ្ងៃ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១១ គឺ​ជា​បេសកកម្ម​បន្ត​ពី​បេសកកម្ម​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ដដែល។

លោក​ក៏​បាន​លើក​យក​បញ្ហា​ផ្សេង​ទៀត ដូច​ជា ស្ថានភាព​ដីធ្លី និង​ផ្ទះ​សម្បែង​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ បញ្ហា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ប្រជាពលរដ្ឋ។

រីឯ​វិស័យ​ការងារ​ក្នុង​រដ្ឋសភា មាន​ការ​ឆក​ល្វែង​ទាក់​ទង​ការ​ធ្វើ​ច្បាប់​គ្រប់​ដំណាក់​កាល​ពុំ​ទាន់​មាន​តម្លា​ភាព សេរីភាព​បញ្ចេញ​មតិ​របស់​សមាជិក​សភា និង​ការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ។

នៅ​ក្នុង​សន្និសីទ​នេះ​ដែរ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​អនុវត្ត​ច្បាប់​ក្នុង​វិស័យ​តុលាការ​ថា មាន​ករណី​អយុត្តិធម៌​ជា​ច្រើន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ជាប់​ពន្ធនាគារ។ ចំណែក​ឯ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ។

បញ្ហា​ទាំងអស់​នេះ លោក​នឹង​ដាក់​ក្នុង​របាយការណ៍​របស់​លោក​ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ៕