របាយការណ៍ចំនួន ២១ទំព័ររបស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សសម្រាប់កម្ពុជា ដែលបានដាក់ជូនទៅមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅសម័យប្រជុំលើកទី១៨ កាលពីថ្ងៃទី២ ខែសីហា បានផ្ដល់អនុសាសន៍ឲ្យមានការកែលម្អដល់ដំណើរការប្រព្រឹត្តទៅរបស់រដ្ឋសភា។
លោក សុរិយា ស៊ូប៊ែឌី បានស្នើឲ្យកម្ពុជាពិនិត្យសើរើឡើងវិញនូវច្បាប់ ឬលិខិតបទដ្ឋានទាំងឡាយណាដែលផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ក្នុងនោះលោកក៏បានស្នើដល់រដ្ឋសភាឲ្យប្រកាន់ជំហរឯករាជ្យនៃមុខនាទីរបស់ខ្លួន។
អនុសាសន៍របស់លោក ស៊ូប៊ែឌី ចង់ឲ្យរាល់សេចក្ដីព្រាងច្បាប់ និងបទបញ្ជារបស់រដ្ឋាភិបាលទាំងអស់ត្រូវចុះផ្សាយជាសាធារណៈ ព្រមទាំងចុះបញ្ជីជាដាច់ខាតក្នុងរាជកិច្ច។ លោកស្នើឲ្យលប់ចោលបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ដែលតម្រូវឲ្យសមាជិកសភាមានការចូលរួមក្នុងក្រុមមួយដើម្បីអាចបញ្ចេញមតិក្នុងសភាពេញអង្គបាននោះ។
ប៉ុន្តែលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលប្រព័ន្ធច្បាប់នៅកម្ពុជា មានប្រសាសន៍ថា អនុសាសន៍របស់លោក ស៊ូប៊ែឌី នៅមានភាពខ្វះចន្លោះជាច្រើន ៖ «ភាពខ្វះខាតទីមួយ គឺក្នុងរដ្ឋធម្មនុញ្ញរបស់យើងវាខ្វះខាត ដូចជាអំណាចរបស់រដ្ឋសភា ដើម្បីត្រួតពិនិត្យសកម្មភាព ឬការអនុវត្តច្បាប់ដែលសភាបានអនុម័ត ការអនុវត្តច្បាប់របស់រដ្ឋាភិបាល។ អាហ្នឹងគាត់អត់បាននិយាយច្រើនទេ។ គាត់គួរស្នើថា មានកែត្រង់នេះៗ ហើយមានដាក់ត្រង់អ៊ីចេះវិញៗ។ អារឿងសភាហ្នឹង ខ្ញុំឃើញការស្នើរបស់គាត់ហ្នឹងដូចជាអត់មានលម្អិត ឬមួយគាត់មិនសូវមានជំនាញត្រង់ហ្នឹងបាទ!»។
លោកបន្តថា ចំណុចខ្វះខាតខ្លះទៀតដែលលោក ស៊ូប៊ែឌី មិនបានលើកឡើង ដូចករណីរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីខកខានមិនបានឆ្លើយតប ឬបានឆ្លើយតិចតួចទៅនឹងសំណួររបស់តំណាងរាស្ត្រចាប់តាំងពីឆ្នាំ១៩៩៣ មកនោះ។
លោកបន្តថា ភាពខកខាននេះជាការរំលោភរដ្ឋធម្មនុញ្ញ ៖ «បូកសរុបទៅគេថា ឆ្លើយបានតែ ២០% ទេ ក្នុងចំណោមលិខិតដែលគេសួរជាសំណួរទៅរដ្ឋាភិបាលហ្នឹង។ រួចដល់អ៊ីចឹងប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ គេថា គេអត់មានសមត្ថកិច្ចពិនិត្យមើលករណីហ្នឹង អ៊ីចឹងវាចប់ត្រឹមហ្នឹងទៅ វាអត់មានទណ្ឌកម្ម។ ដូច្នេះក្នុងរដ្ឋធម្មនុញ្ញយើងវាខ្វះខាតត្រង់ហ្នឹងដែរ»។
ប៉ុន្តែលោកគាំទ្រដល់ការទាមទាររបស់លោក ស៊ូប៊ែឌី ឲ្យមានការចុះបញ្ជីនូវច្បាប់ និងលិខិតបទដ្ឋាននានារបស់រដ្ឋាភិបាល ដូចជាក្រឹត្យ អនុក្រឹត្យ ប្រកាសសារាចរ ឬសេចក្ដីណែនាំផ្សេងៗក្នុងរាជកិច្ច។
រាជកិច្ចជាកាសែតផ្លូវការរបស់រដ្ឋាភិបាលសម្រាប់ផ្សព្វផ្សាយជាសាធារណៈ និងសម្រាប់បញ្ជូនទៅឲ្យមន្ត្រីរដ្ឋាភិបាលទាំងឡាយដើម្បីអនុវត្ត។
វិទ្យុអាស៊ីសេរីមិនអាចសុំសេចក្ដីអត្ថាធិប្បាយពីលោក ជាម យៀប តំណាងរាស្ត្រពីខាងគណបក្សកាន់អំណាចបានទេ កាលពីថ្ងៃច័ន្ទ ទី២៩ ខែសីហានេះ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
អនុសាសន៍របស់លោក សុរិយា ស៊ូប៊ែឌី ក៏ចង់ឃើញសមាជិកក្រុមប្រឹក្សាធម្មនុញ្ញគួរត្រូវបានជ្រើសរើសមនុស្សដែលមានជំនាញច្បាប់ពិតប្រាកដ ដូចជាចៅក្រម និងមេធាវីចាស់ៗ ដែលចូលនិវត្តន៍ ឬសាស្ត្រាចារ្យផ្នែកច្បាប់ដែលជាមនុស្សឯករាជ្យ មិនមែនជាសមាជិករបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា ការធ្វើដូច្នេះគឺដើម្បីឲ្យស្ថាប័នដ៏សំខាន់មួយនេះមានឯករាជ្យ និងមានអំណាច អាចពិនិត្យរាល់ច្បាប់ ក្រឹត្យ អនុក្រឹត្យ សេចក្ដីសម្រេច និងបទបញ្ជាផ្សេងៗទៀតដែលផ្ទុយ ឬប្រាសចាកពីស្មារតីរបស់រដ្ឋធម្មនុញ្ញ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ប៉ែន ថុល ជាសមាជិកមួយរូបក្នុងចំណោមសមាជិក ៩រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលភាគច្រើនជាសមាជិករបស់គណបក្សប្រជាជនកម្ពុជានោះ ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីចុងខែឧសភា ថា ស្ថាប័នរបស់លោកជាស្ថាប័នមួយដែលគោរពច្បាប់យ៉ាងត្រឹមត្រូវជាទីបំផុត។ ប៉ុន្តែលោកមិនអាចធ្វើអត្ថាធិប្បាយបានទេថា តើស្ថាប័នមួយនេះមានឯករាជ្យត្រឹមត្រូវ ឬយ៉ាងណានោះ?
លោកបន្តថា ៖ «ខ្ញុំអត់មានរឿងអីនិយាយអំពីកន្លែងខ្ញុំនោះទេ ព្រោះកន្លែងនេះជាកន្លែងមើលច្បាប់ រដ្ឋធម្មនុញ្ញទាំងអស់។ ប៉ុន្តែខ្ញុំមិនត្រូវធ្វើអត្ថាធិប្បាយពីកន្លែងខ្ញុំទេ ប៉ុន្តែគ្រាន់តែថា យើងគោរពច្បាប់ទាំងអស់ ហើយបើលោកនិយាយអ្វីក្រៅពីរឿងហ្នឹង ខ្ញុំអត់មានយោបល់អ្វីទៀតទេ។ អ្នកទាំងអស់ហ្នឹងតែងតាំងដោយព្រះមហាក្សត្រ ជ្រើសតាំងដោយសភា និងជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ ខ្ញុំអត់និយាយអំពីរឿងលម្អៀង ឬមិនលម្អៀងទេ។ ខ្ញុំសូមជម្រាបថា ពួកយើងជាអ្នកគោរពច្បាប់ ហើយធ្វើតាមទាំងអស់ ហើយបើលោកអ្នកណាយល់យ៉ាងម៉េចជាសិទ្ធិរបស់គេ»។
មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា រាល់ច្បាប់ទាំងឡាយណាដែលមិនគោរពស្មារតីសិទ្ធិមនុស្ស គឺជាច្បាប់មិនល្អ។
លោក ស៊ូប៊ែឌី ក៏បានស្នើឲ្យរដ្ឋសភាគួរធ្វើការកែប្រែឡើងវិញនូវមាត្រាមួយចំនួនក្នុងច្បាប់ព្រហ្មទណ្ឌ ដែលកំពុងកាត់បន្ថយដល់សេរីភាពក្នុងការបញ្ចេញមតិ។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ L(icadho) លោក អំ សំអាត មានប្រសាសន៍ថា ទាំងរដ្ឋាភិបាល ទាំងរដ្ឋសភារបស់កម្ពុជា តែងបង្ហាញពីភាពព្រងើយរបស់ខ្លួនចំពោះរបាយការណ៍របស់សហគមន៍អន្តរជាតិ។ លោកថ្លែងថា ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានភាពរឹតត្បិតទៅៗ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការពីសំណាក់រដ្ឋាភិបាល។
លោក អំ សំអាត បន្ថែមដូច្នេះ ៖ «ក្រោយពីក្រមព្រហ្មទណ្ឌថ្មីចូលជាធរមានហើយហ្នឹង អង្គការលីកាដូ យើងរកឃើញមាត្រាចំនួន ៩ ថា វាអាចរឹតត្បិតដល់សេរីភាពក្នុងការបញ្ចេញមតិ ព្រោះមាត្រាទាំង ៩ នេះ មានទាក់ទងនឹងបទបរិហារកេរ្តិ៍ បទញុះញង់ បទមួលបង្កាច់កេរ្តិ៍ និងបទល្មើសជាច្រើនទៀត»។
សមត្ថកិច្ចរបស់កម្ពុជា កាលពីខែមករា ឆ្នាំ២០១០ បានចាប់ខ្លួនលោក លាង សុខជឿន បុគ្គលិករបស់អង្គការលីកាដូ ពីបទផ្សាយព័ត៌មានមិនពិត។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩ តុលាការក្រុងភ្នំពេញ បានផ្ដន្ទាទោសលោក មឿង សុន ប្រធានអង្គការទ្រទ្រង់អរិយធម៌ខ្មែរ ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទផ្សាយព័ត៌មានមិនពិត។
នៅខែធ្នូ ឆ្នាំ២០១០ លោក សេង គុណការ មន្ត្រីអង្គការស្បៀងអាហារពិភពលោក ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ពីបទញុះញង់។ ចំណែកលោក សម រង្ស៊ី មេបក្សជំទាស់នៅកម្ពុជា កំពុងរស់នៅនិរទេសក្នុងប្រទេសបារាំង គេចពីការតាមចាប់របស់សមត្ថកិច្ចកម្ពុជា ផងដែរ។
ទាក់ទិនទៅនឹងភាពមិនប្រក្រតីនៃការរៀបចំ និងដំណើរប្រព្រឹត្តទៅនៃអង្គការនីតិប្បញ្ញត្តិរបស់កម្ពុជា ដែលលោក សុរិយា ស៊ូប៊ែឌី បានលើកឡើងខាងលើនេះ តំណាងរាស្ត្រពីខាងគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ថ្លែងថា ស្ថាប័នរដ្ឋសភារបស់កម្ពុជា គ្រាន់តែជាគ្រឿងអលង្ការសម្រាប់លម្អឲ្យមាននាមលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ ហើយថា សារស្ថាប័នមួយនេះកាន់តែទន់ខ្សោយទៅៗ ឬសឹងបាត់បង់តួនាទីរបស់ខ្លួនក្នុងការត្រួតពិនិត្យដល់ការអនុវត្តច្បាប់របស់រដ្ឋាភិបាលទៀត។
លោក យឹម សុវណ្ណ មានប្រសាសន៍ទៀតថា ៖ «ប្រទេសគេមិនដែលកាត់ទោសវីរជនស្នេហាជាតិទេ មានតែប្រទេសផ្ដាច់ការទេដែលមិនស្គាល់ មិនយល់ថា អ្នកណាស្នេហាជាតិ អ្នកណាជាអ្នកក្បត់ជាតិ។ ដូច្នេះយើងឃើញថា ប្រទេសកម្ពុជា យើងកំពុងដើរថយក្រោយក្នុងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្ស។ យើងឃើញអំពើពុករលួយកាន់តែធ្ងន់ធ្ងរទៅ សិទ្ធិរបស់ប្រជាពលរដ្ឋត្រូវគេរំលោភរាល់ថ្ងៃ»។
តាមរយៈសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩១ តម្រូវឲ្យកម្ពុជា បង្កើតនីតិរដ្ឋ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាននយោបាយថ្មីសម្រាប់អភិវឌ្ឍកម្ពុជាឡើងវិញ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ដំណើរការសន្តិភាពមិនអាចចាត់ទុកថា បានចប់សព្វគ្រប់នោះទេ ល្គឹកណាស្ថាប័នប្រជាធិបតេយ្យត្រូវបានបង្កើតឡើងនៅក្រោមរដ្ឋធម្មនុញ្ញ ហើយអាចធ្វើការដ៏មានប្រសិទ្ធភាព និងឯករាជ្យ។
លោក ស៊ូប៊ែឌី ថ្លែងថា ការដឹកនាំនៅកម្ពុជា ភាគច្រើនជាការដឹកនាំតាមការប្រើអំណាចបទបញ្ជាជាជាងការដឹកនាំបែបនីតិរដ្ឋ៕