សហភាពសហជីពកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា បានផ្ញើលិខិតមួយជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយរំលឹកសុំឲ្យលោកនាយករដ្ឋមន្ត្រី ពិនិត្យ និងដោះស្រាយសំណើចំនួន ១៣ចំណុចដែលសហភាពសហជីពកម្ពុជាបានស្នើសុំតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១០ កន្លងមកនោះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងថា លិខិតដែលសហភាពសហជីពកម្ពុជា បានស្នើសុំឲ្យរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានាជួយដោះស្រាយនោះ គឺនៅមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «ត្បិតតែក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ពិតមែន ក៏ប៉ុន្តែយើងមើលឃើញថា រដ្ឋាភិបាលមានលទ្ធភាពនឹងដោះស្រាយបញ្ហាទាំងអស់នេះជូនមន្ត្រីរាជការ គ្រូបង្រៀនបើសិនជាយើងលុបបំបាត់នូវអំពើពុករលួយ។ ទីពីរ ករណីក្រុមហ៊ុន ក៏យើងមើលឃើញថា នឹងមានលទ្ធភាពដំឡើងបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ២០ដុល្លារ។ យើងឃើញថា ក្រុមហ៊ុនមានលទ្ធភាពនឹងដំឡើងជូនកម្មករ កម្មការិនី បើមានឆន្ទៈចង់ដោះស្រាយ និងមានចំណុចផ្សេងៗក្រៅពីហ្នឹងទៀត ខ្ញុំគិតថា រដ្ឋាភិបាលអាចធ្វើបាន បានជាសហភាពសហជីពកម្ពុជា លើកឡើង»។
ចំណុចមួយចំនួនដែលសហភាពសហជីពកម្ពុជា បានស្នើសុំ កាលពីដើមខែឧសភា ក្នុងទិវាពលកម្មអន្តរជាតិខួបលើកទី១២៤ នោះ រួមមាន សុំឲ្យកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ និយោជិកពី ៤៨ម៉ោង មកត្រឹម ៤៤ម៉ោងក្នុងមួយសប្ដាហ៍។ កំណត់បន្ថែមប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិកយ៉ាងហោចណាស់ចំនួន ២០ដុល្លារ ក្នុងមួយខែ ទៅលើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន។ កំណត់ដំឡើងប្រាក់បៀវត្សរ៍អប្បបរមារបស់គ្រូបង្រៀន មន្ត្រីរាជការឲ្យបានចំនួន១លានរៀល ក្នុងមួយខែ។ បញ្ចុះតម្លៃប្រេងសាំងឲ្យនៅត្រឹម ៣,៥០០រៀល ក្នុងមួយលីត្រ និងចំណុចសំខាន់ៗមួយចំនួនទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចពិភពលោកគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើការងាររបស់កម្មករ និយោជិក ហើយប្រទេសដែលមានសេដ្ឋរីកចម្រើន ក៏កំពុងតែកាត់បន្ថយការងារបុគ្គលិក និងកាត់បន្ថយប្រាក់បៀវត្សរ៍ជាដើម។
លោក ថ្លែងទៀតថា បំណងរបស់សហភាពសហជីព នោះគឺជាបំណងល្អក៏ប៉ុន្តែ ដោយសារតែវិបត្តិហិរញ្ញវត្ថុ ក្នុងពេលបច្ចុប្បន្ន គឺមិនទាន់អាចធ្វើទៅបានឡើយ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ៖ «នៅក្នុងនិន្នាការឥឡូវនេះគ្មានអ្នកណាមួយដំឡើងប្រាក់ខែ ហើយឲ្យតែប្រជាជាតិណាមួយរក្សាប្រាក់តម្លៃនៃដំណើរការការងាររបស់គេជាប្រក្រតី នោះគឺគេមានមោទនភាពណាស់សម្រាប់ការងារហ្នឹង»។
លោក ផៃ ស៊ីផាន ថ្លែងបន្តថា រដ្ឋាភិបាលនឹងនៅតែគោរពពាក្យសម្ដីដែលបានសន្យាថា នឹងដំឡើងប្រាក់បៀវត្សរ៍ទៅតាមគោលការណ៍ និងកំណើនសេដ្ឋកិច្ចនៅក្នុងស្រុក។
ក្រុមកម្មករបានត្អូញត្អែរថា ប្រាក់បៀវត្សរ៍ដែលពួកគាត់ទទួលបានចំនួន៥០ដុល្លារ នៅពេលបច្ចុប្បន្ននេះ គឺមិនអាចយកទៅផ្គត់ផ្គង់ ដល់ក្រុមគ្រួសារបានគ្រប់គ្រាន់ឡើយ។ ក្រុមកម្មករទាំងនោះ បានថ្លែងទៀតថា ចំនួនប្រាក់នោះគ្រាន់តែយកទៅផ្គត់ផ្គង់ការរស់នៅផ្ទាល់ខ្លួនក៏ស្ទើរតែមិនបានគ្រប់ផង។
កាលពីពេលថ្មីៗនេះ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា មានគម្រោងអំពាវនាវឲ្យកម្មករធ្វើកូដកម្មចំនួន ៣ថ្ងៃ ដើម្បីទាមទារដំឡើងប្រាក់ខែ ប៉ុន្តែសមាគមម្ចាស់រោងចក្រកាត់ដេរនៅកម្ពុជា បានសុំឲ្យមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយអន្តរាគមន៍ឲ្យមានការផ្អាកសិន៕