លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា សហជីពកម្មករ និងសហព័ន្ធសមាគមកម្មករកាត់ដេរចំនួន ៥៣ តំណាងឲ្យកម្មករជាង ១១ម៉ឺននាក់ នៅថ្ងៃទី១៥ ខែសីហានេះ បានបើកកិច្ចប្រជុំកំណត់យកថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១០ ដឹកនាំកម្មករធ្វើកូដកម្មមិនធ្វើការ។
លោកសង្កត់ធ្ងន់ថា បើរដ្ឋាភិបាល និងនិយោជកមិនយកសំណើពួកគេទៅពិចារណាដំឡើងប្រាក់ខែកម្មករឲ្យបានពី ៧៥ ដល់ ៩៣ដុល្លារក្នុង១ខែ និងប្រាក់បន្ថែមផ្សេងទៀតទៅតាមការស្នើសុំទេ គម្រោងធ្វើកូដកម្មមិនចូលធ្វើការរបស់កម្មករ១សប្តាហ៍នឹងធ្វើឡើងតាមការគ្រោងទុក។
លោក អាត់ ធន់ បានថ្លែងឲ្យដឹងពីការទាមទារដំឡើងប្រាក់ខែជូនកម្មករដូច្នេះ ៖ «ដំឡើងប្រាក់ឈ្នួលកម្មករពី ៧៥ ទៅ ៩៣ដុល្លារ។ ទី២ ដំឡើងប្រាក់ឈ្នួលអតីតភាពការងារ ២ដុល្លារក្នុងមួយឆ្នាំ ហើយទី៣ លុយបាយហ្នឹង ឧទាហរណ៍កម្មករថែមម៉ោង មួយម៉ោងមួយពាន់រៀល ហើយលុយប្រាក់រង្វាន់ ១០ដុល្លារ ហើយការផ្ដល់ហ្នឹងគឺឲ្យគ្រប់កម្មករទាំងអស់។ មួយទៀតគឺ នឹងមានការចរចាគ្នាមួយឆ្នាំម្ដង ដោយយោងទៅលើស្ថានភាពសេដ្ឋកិច្ច និងតម្រូវការចាំបាច់របស់កម្មករ»។
ប្រភពពីសហជីពឲ្យដឹងថា ចលនាស្វែងរកការគាំទ្រដើម្បីចរចាដំឡើងប្រាក់ខែកម្មករនេះ បានកើតឡើងបន្ទាប់ពីមន្ត្រីក្រសួងក្រុមប្រឹក្សាការងារ និងភាគីថៅកែរោងចក្រ រួមជាមួយសហជីពកម្មករមួយចំនួន បានសម្រេចដំឡើងប្រាក់ខែកម្មករពី ៥០ដុល្លារ ទៅ ៦១ដុល្លារក្នុងមួយខែ ប៉ុន្តែត្រូវបានសហជីពកម្មករមិនទទួលយក ហើយបានធ្វើកូដកម្មជាញឹកញាប់ដំឡើងប្រាក់ឈ្នួលតែមិនបានសម្រេចក្នុងរយៈពេលកន្លងមក។
ឆ្លើយតបការទាមទាររបស់ក្រុមសហជីពកម្មករ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ ធ្លាប់អះអាងថា ការទាមទារដំឡើងប្រាក់បៀវត្សរ៍ណាមួយពីមេដឹកនាំសហជីពកម្មករ គឺមិនអាចធ្វើទៅបានទេ ព្រោះក្រសួង និងនិយោជកថ្មីៗនេះបានដំឡើងប្រាក់ខែចំនួន ៥ដុល្លារជូនកម្មកររួចហើយ។
ទោះយ៉ាងនេះក្តី លោក អាត់ ធន់ មេដឹកនាំសហភាពសហជីពកម្មករ បានបញ្ជាក់ថា សហជីពបានប្រមូលស្នាមផ្ដិតមេដៃជាភស្តុតាងក្នុងការទាមទារប្រាក់ខែ ដើម្បីគាំទ្រការទាមទារដំឡើងប្រាក់ខែនេះបានជាង ៦ម៉ឺននាក់រួចហើយ។
សមាជិកសភាគណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថ្មីៗនេះបានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យជួយអន្តរាគមន៍ដំឡើងប្រាក់ខែជូនកម្មករឲ្យបានចន្លោះពី ៧៥ ដល់ ៩៣ដុល្លារផងដែរ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះ ៖ «កំណត់ប្រាក់ខែអប្បបរមាធៀបនឹងប្រទេសជិតខាងរបស់យើង ដូចជាប្រទេសវៀតណាម។ វៀតណាម គេកំណត់មិនតិចជាង ១៣០ដុល្លារទេ ហើយជីវភាពកម្មករគេធូរធារ»។
យ៉ាងណាក៏ដោយ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់ពីគោលជំហររបស់ខ្លួនថា បើមិនមានការចរចាដំឡើងប្រាក់ខែជូនកម្មករឲ្យបានចន្លោះពី ៧៥ ទៅ៩៣ដុល្លារក្នុងមួយខែនោះទេ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១០ នឹងមានមហាកូដកម្មដ៏ធំនៅទូទាំងប្រទេសកម្ពុជា៕