មន្ត្រីអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកថែរក្សាប្រាសាទព្រះវិហារនៅលើខ្នងភ្នំដងរែក នៃស្រុកជាំក្សាន្ត បានឲ្យដឹងថា ការប៉ះប្រយុទ្ធគ្នាដោយអាវុធរវាងទាហានខ្មែរ-ថៃ នៅតាមតំបន់ជម្លោះព្រំដែនជុំវិញប្រាសាទព្រះវិហារ ចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ បណ្ដាលឲ្យប្រាសាទព្រះវិហារទទួលរងគ្រាប់ផ្លោងចំនួន ១៤គ្រាប់យ៉ាងដំណំ និងថ្មប្រាសាទជាច្រើនពាន់កន្លែងទៀត បានរងការខូចខាតដោយសារអំបែងគ្រាប់កាំភ្លើងនៅពេលដែលទាហានថៃ បានបាញ់កាំភ្លើងយន្ត និងកាំភ្លើងផ្លោងជាច្រើនគ្រាប់ចូលទៅក្នុងបរិវេណប្រាសាទព្រះវិហារនោះ។
លោក ចាន់ ឆន មន្ត្រីព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារ ទី៨ ខែកុម្ភៈថា ប្រាសាទបូរាណព្រះវិហារបានទទួលរងការបែកបាក់រាប់ពាន់កន្លែង ដោយសារតែត្រូវគ្រាប់ផ្លោង គ្រាប់កាំភ្លើងយន្ត និងបំណែកគ្រាប់ផ្លោងរបស់ទាហានថៃ នៅពេលដែលប៉ះប្រយុទ្ធគ្នាជាមួយទាហានខ្មែរក្នុងរឿងជម្លោះព្រំដែននៅតំបន់ជុំវិញនោះចំនួន ៤លើកជាប់ៗគ្នា។
លោក ចាន់ ឆន មានប្រសាសន៍ទៀតថា ៖ «ច្រើនណាស់! ហ្នឹងប្រភេទគ្រាប់ធំៗ ត្រូវហើយ រាប់ទាំងមុនទាំងក្រោយហ្នឹង ១៤គ្រាប់។ កន្ទុយនាគ ក្បាលនាគ គោបុរៈទី៥ ចំនួន ២គ្រាប់ គោបុរៈទី៤ ចំនួន ១គ្រាប់ គោបុរៈទី៣ ចំនួន ៤គ្រាប់ រានហាលកន្លែងធ្វើពិធីបួងសួង ១គ្រាប់ ហើយប្រាសាទ១ខាងលិចគោបុរៈទី១នោះ ចំនួន ២គ្រាប់។ វាជះអំបែងត្រូវក្បាច់នោះបែកធំ។ អំបែងប៉ះផង គ្រាប់ ១២,៧ ប៉ះផង ច្រើនណាស់! វាចូលដល់ពាន់ឯណោះ។ ជាក់ស្ដែងឃើញនៅជញ្ជាំងគោបុរៈទី៣ ខាងជើងជ្រុងខាងកើត»។
ចំណែកនៅឯវត្តកែវសិក្ខាគិរីស្វារៈ ដែលនៅចម្ងាយប្រមាណ ៣០០ម៉ែត្រពីប្រាសាទព្រះវិហារវិញ បានទទួលរងការខូចខាតកុដិព្រះសង្ឃ និងសាលាឆទានយ៉ាងដំណំ។
ព្រះសង្ឃព្រះនាម វុន គាំង ដែលនៅតែសម្ងំគង់នៅក្នុងទីវត្តតែមួយអង្គឯងគត់ បានមានព្រះថេរដីកា កាលពីរសៀលថ្ងៃអង្គារ ទី៨ ខែកុម្ភៈថា កុដិរបស់ព្រះសង្ឃ និងសម្ភារៈជាច្រើនបានរងការបំផ្លាញដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ។
ព្រះសង្ឃព្រះនាម វុន គាំង មានថេរដីកាបន្ថែមដូច្នេះ ៖ «គ្រាប់អំបែងវាជះពេញកុដិលោក គ្រែអីដែលលោកគង់វាខ្ទេចជើងគ្រែតែម្ដង។ វាស្ដាយណាស់ ព្រោះអីសម្រាប់លោកគង់ កន្លែងលោកធ្វើធម៌ធ្វើអី។ ស្ដាយប្រាសាទដែរ ប្រាសាទកំពុងតែបាក់បែកហើយដាក់ថែមមកទៀត គឺខ្ទេចតែម្ដង។ ប្រាសាទហ្នឹងត្រូវច្រើនដែរ ដោយជណ្ដើរអីខ្ទេចដែរ។ មិនមែនថា បារម្ភអីសម្រាប់តែអាត្មាទេ គឺសម្រាប់ទាំងអស់គ្នា ព្រោះអីកងទ័ពយើងដែលនៅខាងមុខក្រែងមានគ្រោះថ្នាក់ជួយបន់ជួយអី តែសម្រាប់ព្រះសង្ឃមិនអាចទៅច្បាំងជាមួយគេបានទេ»។
ស្ថានការណ៍ប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃ ក្នុងរឿងជម្លោះព្រំដែននៅតំបន់ជុំវិញប្រាសាទព្រះវិហារ បន្ទាប់ពីប្រយុទ្ធគ្នាចុងក្រោយ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ រួចមក រហូតដល់ថ្ងៃទី៨ ខែកុម្ភៈនេះ មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងទាហានទាំងសងខាងនៅតែត្រៀមប្រយុទ្ធរៀងខ្លួននៅឡើយ។
ពេញ១ថ្ងៃទី៨ ខែកុម្ភៈ កងទាហានខ្មែរបានរឹតបន្តឹងសន្តិសុខ ដោយហាមឃាត់មិនឲ្យមានការចូលទៅជិតតំបន់ប៉ះប្រយុទ្ធគ្នា និងឡើងទៅលើប្រាសាទព្រះវិហារបាននៅឡើយទេ លើកលែងតែក្រុមអ្នកយកព័ត៌មានដែលត្រូវបានអនុញ្ញាតដោយមានការកំណត់ និងត្រួតពិនិត្យយ៉ាងតឹងតែង៕