មន្ត្រី​ស.រ.អា.​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​គិតគូរ​​ពី​សិទ្ធិ​បញ្ចេញ​មតិ

មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក (ស.រ.អា.) លោក វីលៀម ប៊ើនស៍ (William Burns) បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​នៅ​កម្ពុជា ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ចំពោះ​សិទ្ធិ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ មុន​ពេល​ជ្រើស​រើស​យក​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ។

ការ​លើក​ឡើង​របស់​លោក វីលៀម ប៊ើនស៍ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​រាស្ត្រ​លោកស្រី មូរ សុខហួរ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ បង្ខំ​រឹប​អូស​ទ្រព្យ​សម្បត្តិ និង​ប្រាក់​ខែ​រដ្ឋ​សភា ដើម្បី​សង​ប្រាក់​ពិន័យ​ក្នុង​ករណី​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន ដែល​តុលាការ​កាត់​ឲ្យ​លោកស្រី​ចាញ់​ក្ដី។

លោក វីលៀម ប៊ើនស៍ (William Burns) អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៨ កក្កដា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចៀស​វាង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ចំពោះ​អ្នក​បញ្ចេញ​មតិ​ផ្នែក​នយោបាយ។ ទន្ទឹម​ពេល​នោះ​ដែរ លោក​ក៏​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្ដល់​ជំនួយ​ក្នុង​កម្មវិធី​ថ្មី​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​វិស័យ​សន្តិសុខ​ស្បៀង និង​ការ​ទប់ទល់ ការ​ប៉ះពាល់​​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​នៅ​កម្ពុជា។

ការ​ស្នើ​របស់​លោក វីលៀម ប៊ើនស៍ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​គណបក្ស​ជំទាស់​នៅ​កម្ពុជា រួម​មាន​តំណាង​រាស្ត្រ លោកស្រី មូរ សុខហួរ និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា។

លោក វីលៀម ប៊ើនស៍ បាន​ថ្លែង​ដូច្នេះ ៖ "យើង​បាន​ជជែក​ចំពោះ​សារសំខាន់​នៃ​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញ​មតិ។ នៅ​ក្នុង​សង្គម​ដែល​មាន​ការ​ជំរុញ​ឲ្យ​មាន​ប្រព័ន្ធ​នយោបាយ​ទំនើប​មួយ រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា បាន​ផ្ដល់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញ​មតិ ដោយ​យើង​គិត​ថា វា​មាន​សារប្រយោជន៍​ចំពោះ​សង្គម​ដែល​មាន​ការ​រីក​ចម្រើន​ផ្នែក​នយោបាយ ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់ ត្រូវ​មាន​ការ​ថ្លឹងថ្លែង​ករណី​បណ្ដឹង​បរិហារ​កេរ្តិ៍ ពី​ព្រោះ​ជា​រឿយៗ ការ​ជជែក​រិះគន់ ឬ​ការ​ជជែក​ពិភាក្សា វា​ជា​ការ​អនុវត្ត​ល្អ​នៅ​ក្នុង​កិច្ច​ជជែក​ជា​លក្ខណៈ​នយោបាយ ជា​ជាង​តាម​ប្រព័ន្ធ​យុត្តិធម៌"

លោកស្រី មូរ សុខហួរ ត្រូវ​បាន​តុលាការ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋ​សភា​កម្ពុជា កាត់​ប្រាក់​ខែ​លោកស្រី​ដើម្បី​សង​ជំងឺ​ចិត្ត​លោក ហ៊ុន សែន។ តុលាការ​ក៏​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​កម្ពុជា រឹប​អូស​ទ្រព្យ​សម្បត្តិ​លោកស្រី មូរ សុខហួរ ដើម្បី​សង​ប្រាក់​ពិន័យ​ព្រហ្មទណ្ឌ។

លោក វីលៀម ប៊ើនស៍ បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ផ្នែក​កសិកម្ម​មក​ប្រទេស​កម្ពុជា ជាង ៧២​លាន​ដុល្លារ​ផ្ដោត​ទៅ​លើ​បញ្ហា​សុខភាព ការ​អប់រំ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយ​និង​គណនេយ្យ​ភាព​ក្នុង​រដ្ឋាភិបាល។ លោក​នៅ​មិន​ទាន់​បាន​បញ្ជាក់​ចំនួន​ទឹក​ប្រាក់​ដែល​សហរដ្ឋ​អាមេរិក នឹង​ផ្ដល់​ដល់​ប្រទេស​កម្ពុជា ក្នុង​ជំនួយ​ផ្នែក​កសិកម្ម​នេះ​នៅ​ឡើយ​ទេ។

លោក វីលៀម ប៊ើនស៍ ថា សហរដ្ឋ​អាមេរិក នឹង​បន្ត​គាំទ្រ​តុលាការ​ខ្មែរ​ក្រហម​ដែល​បាន​នាំ​ខ្លួន​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​មក​កាត់​ទោស ហើយ​សហរដ្ឋ​អាមេរិក​ស្វាគមន៍​ចំពោះ​ការ​បញ្ចប់​ករណី ០០១ របស់​អតីត​មេ​គុក​ទួល​ស្លែង ឌុច ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ព្រឹត្តិ​ការណ៍​ពិសេស​ក្នុង​ការ​លើក​កម្ពស់​នីតិ​រដ្ឋ និង​បំបាត់​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

សហរដ្ឋអាមេរិក​បាន​ផ្ដល់​ថវិកា​ចំនួន ៥​លាន​ដុល្លារ​ទៅ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កក្កដា​ថា លោកស្រី​បាន​ជួប​លោក វីលៀម ប៊ើនស៍ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៧ ហើយ​លោកស្រី​ស្នើ​ឲ្យ​លោក​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​មួយ។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​លើក​មក គឺ​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​នូវ​ទិដ្ឋភាព​នៅ​កម្ពុជា​យើង ដែល​យក​រឿង​តុលាការ​ជា​រឿង​នយោបាយ​ហើយ។ ដូច្នេះ​ខណៈ​លោក​ជា​មនុស្ស​ជាន់​ខ្ពស់​ទី​៣​នៃ​រដ្ឋាភិបាល​អាមេរិក គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់»

លោកស្រី​នៅ​តែ​ប្រកាន់​ជំហរ​របស់​លោកស្រី គឺ​មិន​បង់​ប្រាក់ និង​មិន​ព្រម​កាត់​ប្រាក់​ខែ​ដើម្បី​សង​ប្រាក់​ពិន័យ​តុលាការ​ដដែល។

អ្នក​នាំ​ពាក្យ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ថា ប្រសាសន៍​របស់​លោក វីលៀម ប៊ើនស៍ សំដៅ​ទៅ​លើ​គណបក្ស​ប្រឆាំង​ជា​ជាង​រដ្ឋាភិបាល ពីព្រោះ​គណបក្ស​ប្រឆាំង​បាន​វាយ​ប្រហារ​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ពិត។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ៖ «យើង​ឃើញ​ថា សារ​នេះ អ្នក​ត្រូវ​តែ​សូត្រ​រាង​ខ្លាំង ហើយ​ច្រើន​ជាង​គេ ស៊ី​ជម្រៅ​ជាង​គេ គឺ​គណបក្ស​ប្រឆាំង​នេះ​ឯង ជា​ពិសេស​លោក​ជំទាវ មូរ សុខហួរ។ គាត់​ត្រូវ​រៀន​សូត្រ​ថា តើ​ការ​ប្រឹក្សា ការ​ផ្លាស់​ប្ដូរ​យោបល់ ការ​ជជែក​វែក​ញែក​ក្នុង​វិស័យ​នយោបាយ​គួរ​តែ​ឲ្យ​ចំហ គួរ​ឲ្យ​មាន​តម្លាភាព ឬ​ក៏​ស្មើ​ភាព​គ្នា ជា​ជាង​ការ​វាយ​ប្រហារ ជា​ជាង​ការ​ដណ្ដើម​អ្វី​ដែល​គេ​ហៅ​ថា នយោបាយ ឬ​ប្រជាប្រិយភាព ឬ​ក៏​ប្រជាភិថុតិ​នោះ​ឯង»

លោក វីលៀម ប៊ើនស៍ បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា ជា​​ម្ចាស់​ផ្ទះ​ធ្វើ​សម​យុទ្ធ​យោធា​ពហុ​សាសន៍ បន្ទាប់​ពី​មាន​ការ​រិះគន់​ថា សហរដ្ឋ​អាមេរិក​បាន​បំពាន​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស។ លោក​ថា ការ​ចាប់​ផ្ដើម​សម​យុទ្ធ​ដែល​មាន​ឈ្មោះ​ថា ឆ្មាំ​អង្គរ ២០១០ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កក្កដា ដែល​បាន​ចូល​រួម​ដោយ​លោក ហ៊ុន សែន បាន​បង្ហាញ​ពី​យុគ​សម័យ​ថ្មី​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​វិស័យ​យោធា​ កម្ពុជា និង​សហរដ្ឋ​អាមេរិក​ក្នុង​ផ្នែក​ជំនួយ​មនុស្ស​ធម៌៕