លោក ថេត អាលេហ្រ្គា (Theodore Allegra) អនុប្រធានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃអង្គារ ទី៣ ខែសីហានេះ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានស្នើឲ្យកម្ពុជា និងថៃ បន្តស្វែងរកដំណោះស្រាយទ្វេភាគីដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិព្រំដែនរបស់ប្រទេសទាំងពីរនេះ ប្រយោជន៍ចៀសវាងការប្រើប្រាស់អាវុធក្នុងការដោះស្រាយ ព្រោះវានឹងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ទាំងមូល។
សេចក្ដីស្នើសុំរបស់មន្ត្រី ជាន់ខ្ពស់ការទូតសហរដ្ឋអាមេរិក បានធ្វើឡើងក្នុងពេលដែលកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នានៅតំបន់ក្បែរប្រាសាទព្រះវិហារ ក្រោយពេលថៃ បានបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាច្រើននាក់មកតំបន់ជម្លោះនៅដើម សប្ដាហ៍នេះ។
ការប្រឈមមុខដាក់គ្នារវាង កងទ័ពប្រទេសទាំងពីរ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយកផែនការគ្រប់គ្រងប្រាសាទព្រះវិហារខ្មែរ នៅក្នុងកិច្ចប្រជុំប្រទេសនៅប្រេស៊ីល ទោះបីបើមានការជំទាស់ពីប្រទេសថៃ កុំឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកទទួលយកគម្រោងរបស់កម្ពុជា។
លោក ថេត អាលេហ្រ្គា បន្ថែមថា ប្រទេសទាំងពីរគួរតែអត់ធ្មត់កុំប្រើប្រាស់កម្លាំងកងទ័ពក្នុងការ ដោះស្រាយបញ្ហាព្រំដែន ៖ "ជំហររបស់សហរដ្ឋអាមេរិកជុំវិញជម្លោះនេះ គឺច្បាស់ណាស់ យើងនៅបន្តទទូចឲ្យភាគីទាំងសងខាង ទាំងបាងកក និងក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតុន ស្វែងរកដំណោះស្រាយទ្វេភាគីទៅលើបញ្ហាជម្លោះព្រំដែន។ សហរដ្ឋអាមេរិកមិនជឿថា វានឹងមានផលប្រយោជន៍សម្រាប់ភាគីណាមួយទេ ប្រសិនបើមានការបង្កើនកម្លាំងកងទ័ព។ យើងជំរុញឲ្យភាគីទាំងពីរ ព្យាយាមអត់ធ្មត់ កុំឲ្យមានសកម្មភាពយោធា ឬការបង្កើនកងទ័ព"។
ឧត្ដមសេនីយ៍ផ្កាយ៤ អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ជា តារា នៅថ្ងៃអង្គារ ទី៣ ខែសីហា បានព្រមានកងទ័ពថៃថា កម្ពុជាត្រៀមជាស្រេចដើម្បីការពារបូរណភាពទឹកដីកម្ពុជា ប្រសិនបើកងទ័ពថៃ ចូលឈ្លានពានទឹកដីកម្ពុជា។ លោក ជា តារា បន្ថែមថា កម្ពុជាបានស្នើឲ្យភាគីថៃ ដកចេញពីតំបន់ជម្លោះប្រាសាទព្រះវិហារ ប្រយោជន៍ដើម្បីបញ្ចៀសការប៉ះទង្គិចផ្នែកយោធា។
អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជា លោក កុយ គួង មានប្រសាសន៍នៅថ្ងៃអង្គារ ដែរថា កម្ពុជាគាំទ្រការស្នើរបស់មន្ត្រីសហរដ្ឋអាមេរិក។ លោកថា កម្ពុជាបានអត់ធ្មត់មិនប្រើកងទ័ពតាំងពីថ្ងៃថៃឈ្លានពានទឹកដី កម្ពុជា ដំបូងមកម្ល៉េះ។ កន្លងមកមានការផ្ទុះអាវុធ ដោយសារផ្ដើមចេញពីភាគីខាងថៃ។ លោកថា បច្ចុប្បន្ននេះកងទ័ពថៃ កំពុងស្នើឲ្យកងទ័ពកម្ពុជា ចេញពីតំបន់ក្បែរប្រាសាទព្រះវិហារជាទឹកដីខ្មែរ។ ប៉ុន្តែកម្ពុជា បានត្រៀមជាស្រេចដើម្បីការពារទឹកដីកម្ពុជា។
លោក កុយ គួង មានប្រសាសន៍ដូច្នេះ ៖ «បើសិនជាថៃ នៅតែព្យាយាមចង់ឈ្លានពានកម្ពុជា ហើយរុនច្រានកងទ័ពកម្ពុជា ឲ្យថយពីតំបន់ដែលជាទឹកដីកម្ពុជានោះ កម្ពុជានឹងស្វាគមន៍ដោយប្រើសិទ្ធិការពារខ្លួនតបវិញហើយ»។
ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានចាប់ផ្ដើមបន្ទាប់ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រទេសថៃបានបញ្ជូនកងទ័ពរាប់រយនាក់ចូលលុកលុយទីវត្តខ្មែរ នៅក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ កងទ័ពកម្ពុជា និងថៃ ធ្លាប់ប្រយុទ្ធគ្នាជាច្រើនលើកមកហើយ ដែលបណ្ដាលឲ្យកងទ័ពរបស់ប្រទេសទាំងពីរ ស្លាប់ និងរបួសជាច្រើននាក់៕
