អាមេរិក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​មក​ដោះស្រាយ​រឿង​បំណុល​ជាមួយ​កម្ពុជា

បំណុល​ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ជិត ៥០០​លាន​ដុល្លារ​អាមេរិក កាល​ពី​សម័យ​ដឹកនាំ​ដោយ លន់ នល់ ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ កន្លង​នោះ គឺ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ក្រុម​​ជំនាញ​របស់​សហរដ្ឋ​អាមេរិក មក​ជួប​ជាមួយ​មន្ត្រី​របស់​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ក្រុម​មន្ត្រី​មួយ​ក្រុម​មក​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ ដើម្បី​មក​ចរចា​ដោះស្រាយ​បំណុល​ដែល​កម្ពុជា ជំពាក់​កន្លង​មក នៅ​ចន្លោះ​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៧៥ ដែល​គេ​បាន​ប៉ាន់​ស្មាន​ថា ទាំង​ដើម​ទាំង​ការ​ប្រាក់​គឺ​មាន​ចំនួន ៤៤៥​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​លោកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ពិស្ដារ​ទេ​ថា តើ​ក្រុម​មន្ត្រី​នោះ​នឹង​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា នៅ​ពេល​ណា។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន ដែល​បាន​បញ្ចប់​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ថា លោកស្រី​បាន​ពិភាក្សា​រឿង​បំណុល​នេះ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ហើយ​យើង​បាន​យល់​ព្រម​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​មួយ​ក្រុម​មក​កម្ពុជា នៅ​ពេល​ឆាប់ៗ​នេះ តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​មក​ចរចា​ស្វែង​រក​វិធី​ក្នុង​ការ​ដោះស្រាយ​បំណុល​នេះ។

លោកស្រី​បាន​បន្ត​ថា ៖ "យើង​ចង់​ឃើញ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ដូច​ដែល​លោក​ឯកឧត្តម​បាន​លើក​ទ្បើង​ថា កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស គឺ​ជា​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា"

របប​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ បាន​ខ្ចី​ប្រាក់​នោះ​ការ​ពី​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​នោះ​ថា យើង​ទទួល​ស្គាល់​បំណុល​នេះ។

លោក​បន្ត​ថា ៖ «យើង​សូម​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​បំណុល​នេះ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​២​ទន្ទឹម​គ្នា។ កិច្ច​ព្រមព្រៀង​ដោះស្រាយ​បំណុល​លក្ខខណ្ឌ​របស់​ក្លឹប​ប៉ារីស ទី​២ ដោះស្រាយ​បញ្ហា​បំណុល​នេះ​ដោយ​ផ្ទេរ​បំណុល​នេះ​ទៅ​ជា​ការ​អភិវឌ្ឍ​កម្ពុជា​វិញ»

មេ​ដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស ជា​គណបក្ស​ប្រឆាំង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​បំណុល​នេះ​ដោយ​មាន​លក្ខខណ្ឌ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ៖ «យើង​ឈប់​រំលោភ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»

កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​រិះគន់​ថា បំណុល​នោះ​ជា​បំណុល​កង្វក់ ដែល​លោក​សុំ​ឲ្យ​លុប​ចេញ៕