ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១១ បានប្រកាសជាផ្លូវការផ្ដល់ជំនួយជាលើកទី២ ចំនួន ២០លាន៣សែនដុល្លារអាមេរិក ដើម្បីគាំទ្រជាអាទិភាពឲ្យមានកំណើនសេដ្ឋកិច្ចនៅកម្ពុជា ធានាសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ។
ការទទួលប្រាក់ជំនួយនេះ ត្រូវបានចុះហត្ថលេខារវាងភារធារីស្ថានទូតសហរដ្ឋអាមេរិក លោក ចេហ្វ ដាយហ្គូល (Jeff Daigle) និងនាយកទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) លោក ហ្លីល ហ្វូលឡឺ (Flynn Fuller) ជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២ ខែវិច្ឆិកា នៅឯទីស្ដីការគណៈរដ្ឋមន្រ្តី។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍តំណាងឲ្យលោក សុខ អាន ក្រោយពីការចុះហត្ថលេខានោះថា ជំនួយនេះគឺស្របតាមសេចក្ដីត្រូវការរបស់កម្ពុជា៖ «បង្ហាញសាជាថ្មីបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងកម្ពុជា ជាមួយនឹងសហរដ្ឋអាមេរិក អាហ្នឹងចំណុចទី១។ និយាយអវិជ្ជមានដែលថា កម្ពុជានៅក្នុងឥទ្ធិពលរបស់ប្រទេសចិន យ៉ាងណាក៏ដោយ ក៏តម្លៃនេះបង្ហាញថា រាជាណាចក្រកម្ពុជា នៅតែបើកចំហ សហប្រតិបត្តិការ មិនថាខាងលិច (សហរដ្ឋអាមេរិក) មិនថាខាងកើត (ប្រទេសចិន) ទេ ពីព្រោះយើងយល់ឃើញថា ជាសហស្សវត្សនៃអាទិភាពនៃការអភិវឌ្ឍ»។
ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា លោក ចេហ្វ ដាយហ្គូល បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានោះថា ការចុះហត្ថលេខានៅពេលនេះ គឺរយៈពេលមួយថ្ងៃនៅមុនខួបលើកទី៥០ នៃការបង្កើតទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន ខិននីឌី (John F. Kennedy)៖ «កម្មវិធីជំនួយនេះគឺជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនពាន់គ្រួសារ ដើម្បីទទួលបាននូវសេវាថែទាំសុខភាព ការអប់រំកូនចៅនៅសាលារៀន និងមុខរបរមួយចំនួន»។
ជាមួយគ្នានេះដែរ អ្នកស្រី ម៊ីសែល ប៊ឺណិត (Michelle Bennett) ជាអ្នកនាំពាក្យស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានមានប្រសាសន៍ជាភាសាខ្មែរថា ជំនួយនេះគឺជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក៖ «គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាលកម្ពុជា ដោយលើកកម្ពស់ផលិតកម្ម កសិកម្ម ពង្រឹងសមត្ថភាពគ្រប់គ្រង ក្រោយការប្រមូលផល។ បង្កើនលទ្ធភាពប្រើប្រាស់ស្បៀង»។
ចាប់តាំងពីឆ្នាំ២០០៨ មក ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្ដល់ជំនួយបែបនេះចំនួនជិត ៥៣លានដុល្លារអាមេរិកហើយមកកម្ពុជា៕