លោក លី ថាក់ឃើរ (Lee Tucker) មន្ត្រីទំនាក់ទំនងសាធារណៈ JPAC បានថ្លែងថា ក្នុងបេសកកម្មនេះ គឺធ្វើយ៉ាងណាដើម្បីស្វែងរកអដ្ឋិធាតុពួកគេរហូតទាល់តែបានត្រឡប់ទៅមាតុភូមិវិញ ដើម្បីប្រគល់ឲ្យក្រុមគ្រួសារគេវិញ ដែលកំពុងតែនៅរង់ចាំ ហើយនឹងបន្តស្វែងរកភស្តុតាងនានាទៀតដែលបានបាត់បង់ក្នុងសង្គ្រាម។
លោកបានបន្តទៀតថា តាមការស្រាវជ្រាវ គឺនៅមានទាហានអាមេរិក ៥៩នាក់ទៀតបាត់ខ្លួននៅកម្ពុជា ក្នុងចំណោមទាហានអាមេរិកដែលបានបាត់ខ្លួនចំនួន ១.៧០២នាក់ នៅក្នុងបញ្ជីបាត់ខ្លួនកាលពីសង្គ្រាមនៅប្រទេសវៀតណាម។
លោក លី ថាក់ឃើរ បានថ្លែងប្រាក់អ្នកសារព័ត៌មាននៅឯការដ្ឋានក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ថា ចាប់តាំងពីឆ្នាំ១៩៧៣ មកក្រុមអ្នកស្វែងរកទាហានបាត់ខ្លួនបានរកឃើញទាហានអាមេរិក បាត់ខ្លួនក្នុងទឹកដីប្រទេសកម្ពុជា ចំនួន ៣១នាក់ហើយ។ ចំពោះព្រឹត្តិការណ៍រុករកទាហានបាត់ខ្លួននៅលើកនេះ គឺធ្វើឡើងពីរកន្លែង មួយនៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម និងមួយកន្លែងទៀត នៅក្នុងទន្លេមួយក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
លោក សាន់ ភួន អាយុ ៤៨ឆ្នាំ រស់នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ដែលកំពុងតែធ្វើការនៅក្នុងការដ្ឋាននោះដែរ បានថ្លែងថា លោកបានឃើញឧទ្ធម្ភាគចក្ររបស់ទាហានអាមេរិកប្រាកដជាធ្លាក់នៅទីតាំងនោះ ក្រោយពីត្រូវគ្រាប់កាំភ្លើងរបស់ទាហានយៀកកុង។
ប្រធានក្រុមរុករកទាហានអាមេរិកនោះបានថ្លែងថា ពួកគាត់សង្ឃឹមយ៉ាងខ្លាំងថា នឹងរកឃើញអត្តសញ្ញាណរបស់ទាហានបាត់ខ្លួនទាំងនោះ។ នៅក្នុងការដ្ឋានក្នុងស្រុកមេមត់ ខេត្តកំពង់ចាមនោះ មានទាហានអាមេរិក ៣នាក់ ហើយនៅស្រុកឆ្លូង ក្នុងខេត្តក្រចេះ មានម្នាក់ទៀត៕