ឌុច៖ វៀតណាម​ប្រឌិត​វិន័យ​សន្តិបាល​នៅ​សារមន្ទីរ​គុក​ទួលស្លែង

លោក កាំង ហ្កេក​អ៊ាវ ហៅ ឌុច អតីត​ប្រធាន​មន្ទីរ​ស-​២១ បាន​បដិសេធ​ថា បទ​វិន័យ​សម្រាប់​ណែនាំ​អ្នក​ទោស​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​បច្ចុប្បន្ន មិន​មែន​ជា​បទ​វិន័យ​របស់​មន្ទីរ​ស-​២១​ទេ គឺ​ជា​បទ​វិន័យ​ដែល​ប្រឌិត​ឡើង​ដោយ​វៀតណាម។

0:00 / 0:00

ការ​បដិសេធ​នេះ បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ចៅក្រម​ជំនុំ​ជម្រះ​នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០០៩ នៅ​ពេល​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​សួរ​ថា តើ​មន្ទីរ​ស-​២១ មាន​បទ​វិន័យ​សម្រាប់​ណែនាំ​អ្នក​ទោស​ឬ​ទេ មុន​យក​ទៅ​សួរ​ចម្លើយ​នោះ?

ជន​ជាប់​ចោទ ឌុច ឆ្លើយ​ដូច្នេះ ៖ «វិន័យ​សន្តិបាល​នេះ មិន​មែន​ជា​របស់​ស-​២១​ទេ ខ្ញុំ​ឃើញ​ហើយ​កាល​ថ្ងៃ​ទៅ​ត​ទល់​គ្នា។ គឺ​ជា​ការ​ប្រឌិត​របស់​យួន​កាល​គេ​ចូល​មក​នោះ មាន ១០​«ខ»។ ដែល​ខ្ញុំ​បាន​បដិសេធ​ហើយ សម័យ​ដែល​ត​ទល់​គ្នា»

ការ​ឆ្លើយ​បដិសេធ​របស់ ឌុច គឺ​ចង់​សំដៅ​ទៅ​ផ្ទាំង​បដា​ធំ​មួយ ស្ថិត​នៅ​អគារ "ក" នៃ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​បច្ចុប្បន្ន ដែល​មាន​សរសេរ​អំពី​បទ​វិន័យ​សន្តិបាល​ទាំង​នោះ នៅ​ពេល​ចៅក្រម​ស៊ើប​អង្កេត​នាំ​គាត់​ទៅ​សម្តែង​ឡើង​វិញ​នៅ​គុក​ទួល​ស្លែង​នោះ កាល​ពី​ឆ្នាំ​មុន។

>> ពង្រីក​រូបភាព >>>

កាល​ពី​ក្នុង​សវនាការ​សប្តាហ៍​មុន ជន​ជាប់​ចោទ ឌុច ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា អគារ​"ក"​នោះ ត្រូវ​គាត់​ប្រើ​ជា​កន្លែង​សួរ​ចម្លើយ។

សេចក្ដី​ដក​ស្រង់​បទ​វិន័យ​សន្តិបាល​ទាំង​នោះ​ខ្លះ មាន​ដូច​ជា វាយ ឬ​ឆក់​ខ្សែ​ភ្លើង​មិន​ឱ្យ​ស្រែក​ដាច់​ខាត, មិន​ឲ្យ​ធ្វើ​អ្វី​ទាំង​អស់ គឺ​អង្គុយ​ស្ងៀម​រង់ចាំ​បញ្ជា​អញ អត់​បញ្ជា​កុំ​ធ្វើ, សួរ​អី​ឆ្លើយ​ហ្នឹង មិន​បង្វែង​សំណួរ​របស់​អញ, កុំ​យក​លេស​កម្ពុជា​ក្រោម​បាំង​មុខ​មាត់​ក្បត់​បដិវត្តន៍​របស់​អា​ឯង​ឲ្យ​សោះ និង​ប្រឆាំង​វិន័យ​មួយ​ចំណុច​ត្រូវ​រង​១០ រំពាត់ ឬ​ខ្សែ​ភ្លើង​ឆក់ ៥​ឆាច់ ជា​ដើម។

បញ្ជាក់​នឹង​បទ​វិន័យ​ខាង​លើ ត្រូវ​បានអ្នក​​សិក្សា​ស្រាវជ្រាវ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​មួយ​ចំនួន អះអាង​ថា ពិត​ជា​មាន​បទ​វិន័យ​នេះ​នៅ​មន្ទីរ​ស-​២១។

លោក ជ័យ សុភារ៉ា ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ ៖ «ចូល​មក ខ្ញុំ​ឃើញ​អ៊ីចឹង។ ឃើញ​គេ​សរសេរ​លើ​ក្តារខៀន​ជា​ដី​ស។ យើង​ក៏​ថត​ទុក​ទៅ ហើយ​ចម្លង​ឡើង​វិញ។ មិន​មែន​វៀតណាម​ឯ​ណា​ប្រឌិត​ទេ»

ចំពោះ​ប្រព័ន្ធ​ការងារ​សំខាន់​នៅ​ក្នុង​មន្ទីរ​ស-​២១ ឌុច បាន​ជម្រាប​ជូន​អង្គ​ជំនុំ​ជម្រះ​ថា មាន​ពីរ​ផ្នែក គឺ​ការងារ​សន្តិបាល ដែល​គាត់​ទទួល​ខុស​ត្រូវ និង​ការងារ​យោធា មិត្ត ហ៊ អនុប្រធាន​របស់​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ។

ឌុច និយាយ​ថា ចាប់​តាំង​ពី​គាត់​ឡើង​ធ្វើ​ប្រធាន​មន្ទីរ​ស-​២១ គាត់​ធ្វើការ​ជាប់​តែ​នឹង​ការ​អាន​ឯកសារ​សួរ​ចម្លើយ ហើយ​ការ​អាន​ឯកសារ​សួរ​ចម្លើយ​នោះ​ហើយ ជា​ឧក្រិដ្ឋកម្ម​ដែល​គាត់​បាន​ធ្វើ ពីព្រោះ​គាត់​បង្កើត​ឯកសារ​ឈាន​ទៅ​ប៉ះ​មនុស្ស​ដទៃ​ទៀត​ដែល​នៅ​មាន​សេរី​ភាព​នៅ​ឡើយ៕