តុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីថៃ្ងទី៤ កញ្ញា បានផ្តន្ទាទោសមេភូមិទ្បពាង លោកស្រី ទូច លី ឲ្យជាប់គុក១៦ខែ និងផាកពិន័យជាប្រាក់ចំនួន៦លានរៀល ក្រោមបទចោទប្រកាន់ថា លោកស្រីបានក្លែងបន្លំលិខិតស្នាមជុំវិញបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៧៧គ្រួសារប្រឆាំងនឹងក្រុមហ៊ុនឯកជនមួយឈ្មោះ KDC របស់លោកស្រី ជា ខេង ក្នុងរឿងទំនាស់ដីធ្លីចំនួន១០៨ហិកតារនៅក្នុងខេត្តកំពងឆ្នាំង។
លោក ជិន លីដា ជាមេធាវីរបស់លោកស្រី ទូច លី ជាមេភូមិទ្បពាង ឃុំតាជេះ ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនអាចទទួលយកសាលក្រមនេះបានទេ។ ដូច្នេះលោកនឹងប្តឹងទាស់ទៅតុលាការសាលាឧទ្ធរណ៍នាពេលខាងមុខឆាប់ៗនេះ។
លោក ជិន លីដា បានឲ្យដឹងថា ៖ «នៅក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ពេលដែលគេត្រូវការអី គេពឹងពាក់គាត់ ឥឡូវគាត់ចេញមុខជួយអន្តរាគមន៍អីអ៊ីចឹងទៅណា៎។ ខ្ញុំគិតថា គាត់អត់មានកំហុសអី គាត់អត់មានចេតនាទុច្ចរិតអីទេ»។
ក្រុមគ្រួសាររបស់លោកស្រី ទូច លី នោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេជុំវិញការផ្តន្ទាទោសខាងលើនេះ។
លោក ផាត់ ពៅសៀង ជាមេធាវីការពារក្តីឲ្យក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង បានមានប្រសាសន៍យ៉ាងខ្លីថា លោកមិនបានចូលរួមស្តាប់ការប្រកាសសាលក្រមនោះទេ ៖ «ចាំមើលខ្ញុំមើលឯកសារសិន ចាំឆ្លើយជាមួយលោក»។
ប្រភពបានឲ្យដឹងថា ការប្រកាសសាលក្រមកាលពីថៃ្ងសុក្រសប្តាហ៍នេះបានធ្វើទ្បើងក្រោមអធិបតីភាពរបស់លោកចៅក្រម ឆាយ គង់ និងព្រះរាជអាជ្ញា លោក ឯក ឆេងហួត ដោយបានធ្វើនៅចំពោះមុខជនជាប់ចោទ គឺលោកស្រី ទូច លី ជាមេភូមិទ្បពាង ឃុំតាជេះ ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំងនោះ។
លោកស្រី ទូច លី ត្រូវបានអាជ្ញាធរនគរបាលនាំខ្លួនទៅឃុំក្នុងគុកព្រៃស ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រ ខាងលិចទីក្រុងភ្នំពេញ។
លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា លីកាដូ បានមានប្រសាសន៍ថា វាជាការកាត់ទោសដោយអយុត្តិធម៌ចំពោះលោកស្រី ទូច លី នោះ។
លោក អំ សំអាត បានបញ្ជាក់ថា ៖ «ហើយក៏ជាអ្នករងគ្រោះដោយករណីរំលោភដីធ្លីមួយដែរ ពីព្រោះករណីនេះកើតឡើងដោយសារលោកជំទាវ ជា ខេង ប្រធានក្រុមហ៊ុន KDC ហ្នឹង បានស្នើសុំទៅឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបើកកិច្ចប្រជុំដោះស្រាយបន្ទាន់មួយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៨»។
ប្រភពបានអត្ថាធិប្បាយថា លោកស្រី ជា ខេង ប្រធានក្រុមហ៊ុន KDC ជាភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល បានមានជម្លោះដីធ្លីមួយកន្លែងចំនួន១០៨ហិកតារជាមួយនឹងប្រជាពលរដ្ឋចំនួន៧៧គ្រួសារ នៅក្នុងភូមិទ្បពាង ឃុំតាជេះ ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង។
លោកស្រី ទូច លី ជាមេភូមិនោះបានប្រមូលផ្តុំប្រជាពលរដ្ឋឲ្យផ្តិតមេដៃកាលពីឆ្នាំ២០០៨កន្លងទៅ ដើម្បីបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៧៧គ្រួសារនោះជាអ្នករងគ្រោះមិនបានលក់ដីឲ្យទៅក្រុមហ៊ុននោះទេ ប៉ុន្តែស្នាមផ្តិតមេដៃនោះត្រូវបានក្រុមហ៊ុនប្តឹងចោទទៅមេភូមិវិញថា បានក្លែងបន្លំស្នាមផ្តិតមេដៃនិងលិខិតស្នាមទៅវិញ៕
