ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ចុះ​វាស់​ដី​ដែល​ក្រុម​និស្សិត​វាស់​រួច

ការ​ចុះ​វាស់​វែង​ដី​ជា​ថ្មី​ឡើង​វិញ​ដោយ​អាជ្ញាធរ​ជំនាញ បន្ទាប់​ពី​ក្រុម​និស្សិត និង​អាជ្ញាធរ​ភូមិ-ឃុំ បាន​វាស់​វែង​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែន​ដី​មាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត ហើយ​បាន​នាំ​គ្នា​ផ្ដិត​មេ​ដៃ​តវ៉ា​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី។

0:00 / 0:00

ប្រជាពលរដ្ឋ ៦៣៦​គ្រួសារ នៅ​ភូមិ​ជ្រៃក្រឹម ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ជំនាញ​ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​ដី​ដែល​ក្រុម​និស្សិត​បាន​វាស់​វែង​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ។

បុរស​អ្នក​ភូមិ​ឈ្មោះ ម៉ុម វណ្ណៈ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៨ វិច្ឆិកា ថា កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា មន្ត្រី​ការិយាល័យ​ភូមិបាល​ស្រុក​ភ្នំក្រវាញ គឺ​លោក ចាន់ ហាក់ បាន​នាំ​កម្លាំង​កង​រាជ​អាវុធហត្ថ ប៉ូលិស និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ចុះ​មក​វាស់​វែង​ដី​ដែល​ក្រុម​និស្សិត​បាន​វាស់​វែង និង​ចេញ​សលាកបត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ​នោះ​ជា​ថ្មី​ម្ដង​ទៀត។

បុរស​អ្នក​ភូមិ​រូប​នេះ​បារម្ភ​ក្រែង​អាជ្ញាធរ​ជំនាញ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន ទូច ហ៊ីវ កាត់​យក​ដី​របស់​ពួក​គាត់​ដែល​ក្រុម​និស្សិត​បាន​វាស់​វែង​ឲ្យ​រួច​ហើយ​នោះ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ទូច ហ៊ីវ វិញ៖ «ពួក​ខ្ញុំ​ខ្លាច​ពួក​គាត់​ដើរ​ចុច រួច​ហើយ​គាត់​កាត់​ដី​ប្រជាពលរដ្ឋ​ចោល។ ទុក​តែ​ដី​អាស្រ័យ​ផល ១កុង ២កុង ​ម្នាក់ ហើយ​បើ​ឲ្យ​ប៉ុណ្ណឹង​ធ្វើ​អី​កើត។ តាម​ពិត ដី​ដែល​នេះ​មិន​មែន​តែ​ប៉ុណ្ណឹង​ទេ ដោយ​សារ​ក្រុមហ៊ុន ទូច ហ៊ីវ រាំង​ស្ទះ​មិន​ឲ្យ​ពួក​ខ្ញុំ​ធ្វើ»

បុរស​អ្នក​ភូមិ​ឈ្មោះ សង ឃន បន្ថែម​ថា គាត់​ចង់​ឲ្យ​រឿង​នេះ​បាន​ដឹង​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​ពួក​គាត់​សង្ឃឹម​ថា​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ៖ «សូម​ឲ្យ​ខាង​សារព័ត៌មាន​មេត្តា​ចុះ​ផ្សាយ​រឿង​នេះ​ឲ្យ​ដឹង​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល ថា​គាត់​បាន​ឲ្យ​និស្សិត​វាស់​ឲ្យ​ប្រជាពលរដ្ឋ​រួច​ហើយ តែ​ឥឡូវ​មាន​ខាង​មេ​ព្រៃ និង​ភូមិបាល​ចុះ​ចុច​ម្ដង​ទៀត ដើម្បី​ឆ្វៀល​យក​ពី​ប្រជាពលរដ្ឋ​វិញ»

ប្រធាន​ក្រុម​និស្សិត​ក្រុម​១០៥ យុវ​និស្សិត​ឈ្មោះ វណ្ណា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី១៨ វិច្ឆិកា ថា ការ​ចុះ​វាស់​វែង​ដី​ជា​ថ្មី​ឡើង​វិញ​ដោយ​អាជ្ញាធរ​ជំនាញ​នេះ គឺ​ជា​រឿង​របស់​អាជ្ញាធរ​ខេត្ត។ ក្រុម​និស្សិត​ពុំ​មាន​ភារកិច្ច ហើយ​ក៏​មិន​ចូល​រួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ៖ «គេ​ឲ្យ​ខ្ញុំ​ចុះ​ទៅ​អង្កេត តែ​ខ្ញុំ​អត់​ទៅ​ទេ ខាង​ខេត្ត​គេ​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ខ្លួន​គេ។ អា​ហ្នឹង គេ​កាត់​ម៉េច​កាត់​ទៅ ខ្ញុំ​អត់​ដឹង​ទេ»

ប្រភព​ពី​អាជ្ញាធរ​ដែនដី​ភូមិ-ឃុំ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​វាស់​វែង​ដី​ជា​ថ្មី​ឡើង​វិញ​ដោយ​អាជ្ញាធរ​ជំនាញ បន្ទាប់​ពី​ក្រុម​និស្សិត​បាន​វាស់​វែង​ម្ដង​រួច​ហើយ​នេះ អាជ្ញាធរ​ដែនដី​មិន​បាន​ចូល​រួម​នោះ​ឡើយ។

យ៉ាង​នេះ​ក្ដី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ បាន​ពន្យល់​ចំពោះ​ការ​ចុះ​វាស់​វែង​ឡើង​វិញ​របស់​អាជ្ញាធរ​ជំនាញ​ថា មក​ពី​ការ​វាស់​វែង​របស់​ក្រុម​និស្សិត​នា​ពេល​កន្លង​ទៅ​នៅ​ចំណុច​ភូមិ​ជ្រៃក្រឹម នេះ មាន​ភាព​មិន​ច្បាស់​លាស់ ក្បាល​ដី​ខ្លះ​ជា​តំបន់​ព្រៃ៖ «ខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ទៀត ដើម្បី​ស្វែង​រក​ភាព​ត្រឹមត្រូវ ពីព្រោះ​ការ​វាស់​វែង​នៅ​ទីនោះ វា​មាន​ជន​ខិល​ខូច​ជា​យូរ​មក​ហើយ។ កន្លែង​ហ្នឹង វា​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ បង​ក៏​ធ្លាប់​ដឹង​ហើយ។ ហើយ​ខាង​ក្រុម​និស្សិត​ទៅ​នេះ ក៏​មិន​មាន​ភាព​ច្បាស់​លាស់​ទៀត ហាក់​ដូច​ជា​មាន​មនោសញ្ចេតនា​ជាមួយ​ប្រជាពលរដ្ឋ។ អ៊ីចឹង​ហើយ បាន​ជា​យើង​ចុះ​ទៅ​ពិនិត្យ​លើ​ក្បាល​ដី​នីមួយៗ ព្រោះ​យើង​ខ្លាច​ដី​ព្រៃ ហើយ​យើង​ចេញ​ប័ណ្ណ​ឲ្យ​អា​ហ្នឹង​គឺ​ខុស​នីតិវិធី​នៃ​ច្បាប់​ហើយ។ បើ​ជា​ត្រឹមត្រូវ​ហើយ នោះ​គឺ​អត់​មាន​អី​ទេ»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ចុះ​អនុវត្តន៍​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​ដោយ​ក្រុម​និស្សិត​នោះ ដី​ទាំង​ឡាយ​ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​រួច​ហើយ តែ​មាន​ផល​ប៉ះពាល់​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច ដី​គម្រប​ព្រៃ​របស់​រដ្ឋ។ល។ គឺ​ត្រូវ​តែ​កាត់​ជូន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។