អ្នក​នៅ​ជាយ​ដែន​ខ្មែរ​ថៃ​អំពាវនាវ​ឲ្យ​មាន​ពលរដ្ឋ​វិល​ទៅ​រស់​នៅ​វិញ

អ្នក​ភូមិ​មួយចំនួន​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ជាប់​ព្រំដែន​ខ្មែរ​ថៃ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ពលរដ្ឋ​វិល​ត្រឡប់​មក​រស់​នៅ​តំបន់​នេះ​ឲ្យ​បាន​កុះករ​ឡើង​វិញ។

ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​កំពុង​ទ្រាំ​រស់​នៅ​ភូមិ​ជប់គគីរ​លើ​ខ្នង​ភ្នំ​ដងរែក​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​នៃ​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ បាន​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ជួយ​រៀបចំ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ច្រើន​បាន​វិល​ត្រឡប់​មក​រស់​នៅ​តំបន់​ព្រំដែន​នោះ​វិញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចុះ​ចោល​ទី​លំនៅ​ចាប់​តាំង​ពី​មាន​វិបត្តិ​ព្រំដែន​រវាង​ប្រទេស​ខ្មែរ​-​ថៃ​មក​នោះ។

មេ​ភូមិ​ជប់គគីរ​ខាង​លិច លោក សយ ថ្លៃ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​ធ្នូ ថា កាល​ពី​មុន​កើត​មាន​វិបត្តិ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​បាន​រស់​នៅ​ក្នុង​ភូមិ​ចំនួន​២ គឺ​ភូមិ​ជប់គគីរ​ខាង​លិច​និង​ភូមិ​ជប់គគីរ​ខាង​កើត។ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​មក ប្រជាពលរដ្ឋ​បាន​ចុះ​ចោល​ភូមិ​អស់ នៅ​សល់​តែ​ជាង ៦០​គ្រួសារ​ដោយសារ​តែ​អ្នក​ខ្លះ​ភ័យ​ខ្លាច​និង​លក់​ដី​ទៅ​ឲ្យ​ឈ្មួញ និង​ខ្លះ​ទៀត​ដោយសារ​តែ​ការ​ខ្វះ​ខាត​ស្បៀង​អាហារ។

លោក សយ ថ្លៃ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​អំពាវនាវ​រាជ​រដ្ឋាភិបាល សម្តេច​តេជោ សុំ​ឲ្យ​ជួយ​រៀបចំ​ដី​ដែល​នៅ​សល់។ នៅ​តំបន់​ជប់គគីរ​យើង​ដី​នៅ​សល់​ច្រើន ដល់​ហើយ​មាន​តែ​ដី​អត់​មាន​ប្រជាជន។ ខ្ញុំ​ចង់​បាន​ប្រជាជន​ឲ្យ​បាន​មក​នៅ​កុះករ​ដូច​ពី​ដើម​វិញ។ ម្យ៉ាង​ទៀត​សុំ​ឲ្យ​សម្តេច​តេជោ ហ៊ុន សែន ជួយ​រៀបចំ​ទីផ្សារ​ផង»

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​នៅ​ភូមិ​ជប់គគីរ​ខាង​លិច​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ ដោយ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​ចាប់​តាំង​ពី​មាន​បញ្ហា​ព្រំដែន​រវាង​ខ្មែរ​-​ថៃ គឺ​បាន​ជួប​ប្រទះ​នឹង​ការ​គ្មាន​ចំណូល​និង​ខ្វះ​ខាត​ស្បៀង​អាហារ ដែល​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ជួយ​សម្រួល​ដល់​ដំណើរការ​បើក​ច្រក​ព្រំដែន​ខ្មែរ​-​ថៃ​នៅ​ទី​នោះ​ឡើង​វិញ។

ពលរដ្ឋ​ដដែល​បាន​អះអាង​ថា ៖ «ការ​រស់នៅ​យើង​ហូប​ចុក​វា​លំបាក​បន្តិច​ហើយ ព្រោះ​វា​មិន​បាន​បើក​ផ្សារ​ដូច​ពី​មុន​ណា៎! ដល់​ហើយ​ទៅ​ការ​ខ្វះ​ខាត​វា​ចេះ​តែ​ខ្វះ​ខាត​ហើយ។ ចង់​ឲ្យ​បើក​ផ្សារ​ខ្មែរ​-​ថៃ​ដូច​កាល​ពី​មុន»

ជំនួយការ​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ឈឹម ស៊ីវុធ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ពិបាក​នឹង​ឆ្លើយ​តប​ចំពោះ​បញ្ហា​ទាំង​នោះ ដោយសារ​តែ​ពី​មុន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ​គឺ​អាជ្ញាធរ​បាន​ទទួល​ស្គាល់​និង​បែងចែក​ប្លង់​ដី​ឲ្យ​អស់​ទៅ​ហើយ ក៏​ប៉ុន្តែ​បែរ​ជា​លក់​ទៅ​ឲ្យ​ឈ្មួញ​អស់ ហើយ​នាំ​គ្នា​ចុះ​ចេញ ប៉ុន្តែ​ពេល​ចង់​មក​រស់​នៅ​វិញ បែរ​ជា​សុំ​ឲ្យ​បែងចែក​ដី​ថ្មី​ទៀត​នោះ។

លោក ឈឹម ស៊ីវុធ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​នឹង​ស្វាគមន៍​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​ទៅ​រស់​នៅ​ព្រំដែន​នោះ​ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ថ្មី​ចង់​ទៅ​រស់នៅ ត្រូវ​ធ្វើ​ការ​ស្នើសុំ​តាម​រយៈ​ភូមិ​ឃុំ បើ​គ្រួសារ​ទាហាន​គួរ​ស្នើសុំ​តាម​រយៈ​មេ​បញ្ជាការ នោះ​អាជ្ញាធរ​ខេត្ត​នឹង​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច​បន្ត​ទៀត​ដើម្បី​រក​ដី​ទំនេរ​ចែក​ជូន។

លោក ឈឹម ស៊ីវុធ បាន​បញ្ជាក់​ថា ៖ «បើ​ថា​ស៊ីវិល មក​តាម​ភូមិ​ឃុំ​អីចឹង​មក​ណា! បើ​ថា​ទាហាន តាម​រយៈ​ទាហាន​គេ​មាន​មេ មាន​កើយ​គេ​ដែរ»

មន្ត្រី​ឃុំ​អំពិល​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ជប់គគីរ​ខាង​កើត​និង​ខាង​លិច គឺ​មិន​មាន​ដី​ស្រែ​និង​មុខ​របរ​ទេ ដែល​កាល​ពី​មិន​ទាន់​មាន​ទំនាស់​ព្រំដែន​ខ្មែរ​-​ថៃ គឺ​ទីពឹង​តែ​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​បិទ​ច្រក​ព្រំដែន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ចាកចោល​ទី​លំនៅ​ចុះ​ពី​ខ្នង​ភ្នំ ពីព្រោះ​តែ​ការ​ភ័យ​ខ្លាច​និង​ខ្វះ​ស្បៀង៕