ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​នៅ​ព្រៃវែង​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់

ពលរដ្ឋ​ជាង​១០០​គ្រួសារ​ដែល​មាន​លំនៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ នៅ​ចំណុច​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​«ក» ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង បាន​ប្រតិកម្ម​តវ៉ា​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ក្រុមហ៊ុន ផល សារ៉េត ដែល​បាន​វិល​ត្រឡប់​មក​ធ្វើ​សកម្មភាព​ចាប់​កើប​យក​ខ្សាច់​ជិត​លំនៅ​របស់​ពួក​គាត់។

0:00 / 0:00

បុរស​វ័យ​ចំណាស់​ឈ្មោះ សុក វ៉ាន់ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​៨ មេសា ថា ៖ «ថ្មីៗ​នេះ ក្រុមហ៊ុន​នោះ​ក៏​បាន​បញ្ជូន​គ្រឿងចក្រ​ជា​បណ្ដើរៗ​ចូល​ត្រង់​តំបន់​ដែល​ហាម​ឃាត់​ដោយ​សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ​និង​ក្រសួង​ធនធាន​ទឹក»

ស្រ្តី​វ័យ​កណ្តាល​ឈ្មោះ ចាន់ វី មាន​ប្រសាសន៍​ថា ៖ «កាល​ថ្ងៃ​មុន​ហ្នឹង វិទ្យុ​អាស៊ីសេរី​បាន​ចេញ​ផ្សាយ​ថ្មីៗ​ហ្នឹង ឃើញ​ថា ក្រុមហ៊ុន​ហ្នឹង​បាន​ដក​ចេញ​ពី​តំបន់​ហ្នឹង​ទៅ​ខាង​លើ​អស់ ហើយ​ស្រាប់​តែ​ថ្ងៃ​ហ្នឹង​សាឡង់ និង​កប៉ាល់​របស់​ក្រុមហ៊ុន​ខ្សាច់​ខាង​លើ​ហ្នឹង​បាន​ត្រឡប់​យក​ខ្សាច់​វិញ​ដដែល។ ខ្ញុំ​ពិត​ជា​ភ័យ​ព្រួយ​ខ្លាំង​ណាស់​ចំពោះ​ការ​បាក់​ស្រុត​ដី​ផ្ទះ​សម្បែង​រហូត​ដល់​អាយុ​ជីវិត​របស់​ក្រុម​គ្រួសារ​ខ្ញុំ​ទៀត»

ប៉ុន្តែ​អគ្គនាយក​រង​ក្រុមហ៊ុន ផល សារ៉េត អាហរ័ណ នីហរ័ណ ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​ចាប់​កើប​យក​ដី​ខ្សាច់​ពី​បាត​ទន្លេ គឺ​លោក ប៊ុន ច័ន្ទគ្រឹស្នា បាន​បដិសេធន៍​ការ​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​លោក​មាន​ប្រសាសន៍​ពន្យល់​យ៉ាង​ដូច្នេះ​ថា ៖ «យើង​ចាប់​ដោយ​ដី​អា​ហ្នឹង​បាន​ខ្លាច​បាក់​ច្រាំង នេះ​យើង​ចាប់​យក​តែ​ខ្សាច់ ខ្លាច​បាក់​អី ច្រាំង​ទន្លេ​សុទ្ធ​តែ​ដី​ហ្នឹង។ ទន្លេ​មិន​មែន​កើត​ពី​ខ្សាច់​ឯណា កើត​ពី​ដី។ បើ​មិន​យក វា​ហូរ​ទៅ​វៀតណាម អូន​ឯង​ទៅ​មើល​នៅ​វៀតណាម ...វៀតណាម ២០​-៣០ ចាំ​ចាប់​ចាប់​ខ្សាច់​ខ្មែរ​ហូរ​ទៅ វា​មិន​មែន​ចាំ​យើង​យក​ឯណា បើ​យើង​មិន​យក ក៏​វៀតណាម​គេ​ចាំ​យក ហើយ​វៀតណាម​ដី​គេ​ថ្លៃ​ជាង​យើង​ផង គេ​មិន​ខ្លាច​បាក់​ច្រាំង។ វៀតណាម​គេ​ចាំ​ចាប់​យក​តែ​រហូត​ហ្នឹង គេ​អត់​មាន​ឲ្យ​ខ្សាច់​កក​ចោល​នៅ​ក្នុង​បាត​ទន្លេ​គេ​ទេ អ៊ីចឹង​បាន សិង្ហបុរី ចូល​មក​ទិញ​ខ្សាច់​នៅ​វៀតណាម ខ្មែរ​រវល់​តែ​ឈ្លោះ​គ្នា​ខ្លាច​បាក់​ច្រាំងៗ ថា​តែ​មាត់ មិន​ដឹង​សំអាង​លើ​អី»

គួរ​កត់​សម្គាល់​ថា សកម្មភាព​ចាប់​កើប​យក​ដី​ខ្សាច់​ពី​បាត​ទន្លេ​របស់​ក្រុមហ៊ុន ផល សារ៉េត នៅ​តំបន់​អ្នក​លឿង​គិត​ចាប់​ពី​អ្នក​លឿង​ត្រង់​និយាមការ A រហូត​ដល់​ភូមិ​ចម្ការ​តាវែង ត្រង់​និយាមការ B មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ ចាប់​ពី​កំពង់ចម្លង ត្រូវ​បាន​ក្រសួង​ឧស្សាហកម្ម រ៉ែ ថាមពល​និង​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ចេញ​សេចក្តី​សម្រេច​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ដោយ​មាន​ចំណារ​ឯកភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ការ​ហាមឃាត់​របស់​ក្រសួង​ទាំង​២ ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ៕