អ្នក​ភូមិ​នៅ​ខេត្ត​បន្ទាយមានជ័យ​បារម្ភ​ពី​ការ​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន

អ្នក​ភូមិ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​ការ​បំពុល​បរិស្ថាន ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ចិន មួយ​ដែល​បាន​ទៅ​បោះ​ទីតាំង​រុករក​រ៉ែ​មាស​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។

0:00 / 0:00

សកម្មភាព​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន នេះ កើត​មាន​តាំង​ពី​ឆ្នាំ​២០១១ រហូត​មក​ដល់​ចុង​ឆ្នាំ​២០១២ នេះ នៅ​តែ​បន្ត។

ក្រុម​អ្នក​ភូមិ​ថ្លែង​ថា ក្រុមហ៊ុន​ចិន មួយ​បាន​ជីក​រូង​ដី មាន​ជម្រៅ​ចុះ​ទៅ​ក្រោម​ជិត ១០០​ម៉ែត្រ ចំនួន ៤រណ្ដៅ ដើម្បី​រុករក​រ៉ែ​មាស​នៅ​ជាប់​ភូមិឋាន​អ្នក​ស្រុក​រស់នៅ ក្នុង​ភូមិ​ធ្មេញត្រី ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។ រណ្ដៅ​រុករក​រ៉ែ​មាស​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាក់​ដី​ស្រុត​ចុះ នឹង​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ភូមិឋាន​របស់​អ្នក​ភូមិ។

អ្នក​ភូមិ​ឈ្មោះ រៀម តាត អាយុ ៤០​ឆ្នាំ បាន​ថ្លែង​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ថា សកម្មភាព​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន នេះ បាន​កើត​មាន​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ។ នៅ​កន្លែង​រុករក​រ៉ែ​មាស​នោះ ខាង​ក្រុមហ៊ុន​មាន​ដាក់​កម្លាំង​ការពារ មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ចូល​ជិត​ទេ៖ «ខ្លាច​ចេះ​តែ​ខ្លាច​ហើយ ប៉ុន្តែ​មាន​អ្នក​ណា​ហ៊ាន​និយាយ នេះ​វា​ដើរ​វាស់​មក​នេះ ដើរ​វាស់​ចូល​មក​ភូមិ​ដី​ខ្ញុំ​ត្រង់​នេះ វា​ចូល​ដល់​ត្រង់​នេះ ខ្ញុំ​ថា​អាដែង​នេះ​វា​ដើរ​ធ្វើ​អី ដល់​ពេល​វា​ដើរ​មក​ដល់​មុខ​ផ្ទះ​ខ្ញុំ​ត្រង់​នេះ ក៏​ខ្ញុំ​ចេញ​មក​សួរ​ថា អា​នាង​ដើរ​វាស់​អី អត់​និយាយ​រក​ខ្ញុំ​មួយ​ម៉ាត់​ទេ ចិន ក៏​ដើរ​ចេញ​ទៅ»

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន នោះ​មាន​អាជ្ញាធរ​ប័ណ្ណ​រុករក​រ៉ែ ដែល​ចេញ​ដោយ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល។ អាជ្ញាធរ​ខេត្ត​បាន​ពិនិត្យ​អាជ្ញា​ប័ណ្ណ​នោះ ហើយ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​រុករក​រ៉ែ​មាស នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក៖ «ខាង​ផល​ប៉ះពាល់​ហ្នឹង យើង​បាន​ណែនាំ​ហើយ ព្រោះ​គាត់​ថា ការ​សិក្សា​ជំហាន​ដំបូង គាត់​មាន​ឈាន​ទៅ​ដល់​ការ​រុករក ឬ​ក៏​ដាក់​គ្រឿងចក្រ​មក​ណា អត់​ទេ គ្រាន់​មក​ស្រាវជ្រាវ​មើល យក​អាចម៍​ដី​យក​ទៅ​ធ្វើ​តេស្ដ ធ្វើ​ដាក់​ឡា​បូ មើល​ប៉ុណ្ណឹង​ទេ អត់​ទាន់​មាន​ទៅ​ដល់​ដំណាក់​កាល​ដែល​គាត់​ត្រូវ​ចុះ​ដាក់​គ្រឿងចក្រ ខូង​យក​រ៉ែ​មក​ផលិត​យក​រ៉ែ​មាស​ទេ ខាង​ភ្នំ​ស្រុក»

ទោះ​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន កំពុង​រុករក​រ៉ែ​នេះ​មាន​ឈ្មោះ​អ្វី​នោះ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ភូមិ​មាន​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង។

លោក ទៀង សំអូន ជា​សមាជិក​សហគមន៍​កូន​ក្លែង នៅ​ជាប់​កន្លែង​ក្រុមហ៊ុន​ចិន រុករក​រ៉ែ​នោះ បាន​ថ្លែង​ថា ក្រុម​អាជ្ញាធរ​ខេត្ត​រហូត​ដល់​ឃុំ បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​មាន​អាជ្ញា​ប័ណ្ណ​រុករក​រ៉ែ ប៉ុន្តែ​ពុំ​មាន​មន្ត្រី​ណា​និយាយ​ពី​ឈ្មោះ​ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ទេ។ លោក​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​ជីក​កកាយ​ដី​ជាច្រើន​រណ្ដៅ​ចុះ​ទៅ​ក្រោម៖ «ជម្រៅ​ទៅ​ក្រោម​នេះ បាន​ទៅ​ដល់ ៨០​ម៉ែត្រ ជាប់​ភូមិ​ធ្មេញត្រី។ បង​ប្អូន​កំពុង​បារម្ភ​ខ្លាច​ដី​បាក់​ស្រុត ពិត​ថា​រូង​យក​ក្រោម​មែន ប៉ុន្តែ​យើង​ស្ដាប់​ព័ត៌មាន​ទេ នៅ​ប្រទេស​គេ​ក្រៅ​ច្រើន​តែ​បាក់​ដី ជា​ពិសេស​ធ្យូង​ថ្ម​នៅ​ស្រុក​ចិន។ នេះ​ភ័យ​អ៊ីចឹង​ឯង ទំហំ​មាត់​វា​ប្រហែល​ពីរ​ម៉ែត្រ ៤​រណ្ដៅ​ចុះ​ទៅ​ក្រោម គេ​លាក់​ការ​ណាស់​មិន​ឲ្យ​ដឹង​ទេ»

ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ទីតាំង​រុករក​រ៉ែ​មាស​ដែល​ក្រុមហ៊ុន​ចិន កំពុង​ធ្វើ​សកម្មភាព​នៅ​ស្រុក​ភ្នំស្រុក នេះ ស្ថិត​នៅ​ជាប់​ទីតាំង​រុករក​រ៉ែ នៅ​ចំណុច​អណ្ដូងបរ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។ ក្រុមហ៊ុន​ចិន ដែល​កំពុង​រុករក​រ៉ែ​មាស​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ត្រូវ​គេ​សង្ស័យ​ថា បាន​ធ្វើ​ឡើង​ដោយ​សំងាត់ និង​មាន​ការ​ឃុបឃិត​គ្នា​រវាង​ភាគី​ចិន និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​កម្ពុជា ជាច្រើន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។