ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ មិនទាន់រុះរើផ្ទះសម្បែងចេញពីតំបន់រ៉ែមាសអូរខ្វាវ នោះទេ បើទោះជាអាជ្ញាធរស្រុកកែវសីមា បានកោះប្រជុំ និងដាក់ឱសានវាទឲ្យរុះរើចាកចេញនៅថ្ងៃទី១២ ខែមិថុនាក៏ដោយ។
តំណាងអ្នកភូមិម្នាក់ថ្លែងថា អ្នកភូមិនឹងចាកចេញ ដរាបទាល់តែមានការជួយគិតគូរប្រាក់សោហ៊ុយក្នុងការរុះរើ ដឹកជញ្ជូនចេញនោះជាមុនសិន ព្រោះជាក់ស្ដែងនៅពេលនេះ ប្រជាជនកំពុងខ្វះខាតខ្លាំងណាស់ ៖ «នៅស្រុកព្រៃមិនដូចនៅតាមផ្លូវថ្នល់ជាតិឯណា ផ្លូវវាផុងវាផាយ សោហ៊ុយវាថ្លៃ ហើយរុះមកមានតែប្រជាពលរដ្ឋហ្នឹង មានតែដាច់បាយហ្នឹង ព្រោះខែណេះ ខែវស្សាហើយ តាំងមានទុនមានស្រែមានភ្លឺណាតម្កល់នៅទីក្នុងព្រៃអ៊ីចឹងៗ»។
មេឃុំចុងខ្លាស់ លោក លាប ប៊ុនស៊ុន មានប្រសាសន៍នៅថ្ងៃទី១៣ មិថុនានេះដែរថា គ្មានគ្រួសារណាមួយធ្វើការរុះរើផ្ទះរបស់ខ្លួននៅឡើយទេ មុនពេលដែលអាជ្ញាធរស្រុក ខេត្តមិនទាន់បានឆ្លើយតបនឹងសំណើសុំរបស់ពួកគាត់នោះ។
អភិបាលស្រុកកែវសីមា លោក ស៊ិន វ៉ាន់វុទ្ធ បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកភូមិទាំងនោះ បានចូលទៅរស់នៅតំបន់រ៉ែមាស និងធ្វើអាជីវកម្មលក្ខណៈគ្រួសារដោយខុសច្បាប់ មិនគោលការណ៍ដោះស្រាយសំណើណាមួយឡើយ។ ប៉ុន្តែទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា លោក អន សំណាង បានបញ្ជាក់ថា លោកនឹងជំរុញការពិចារណាទៅលើសំណើសុំទាំងនោះ ព្រោះតែពលរដ្ឋពិតជាមានការខ្វះខាតមែន រីឯការ ស្នើសុំនោះទៀតសោត មិនមែនហួសហេតុពេកទេ។ ដូច្នេះ លោកនឹងពិគ្រោះយោបល់នៅក្នុងកិច្ចប្រជុំថ្នាក់ក្រុមប្រឹក្សាស្រុកឆាប់ៗនេះដែរ។
លោកមានប្រសាសន៍បន្តថា ៖ «ខ្ញុំថាអានេះវាជាបំណងល្អសម្រាប់ប្រជាជន ហើយនិងជាមួយអ្នកវិនិយោគ ហើយខ្ញុំគាំទ្រប្រជាជនដែលគាត់មានសំណើនេះ វាជារឿងពិតហើយឥឡូវហ្នឹងវាកំពុងតែមានផលវិបាករាំងស្ងួតផង ម្យ៉ាងសេដ្ឋកិច្ចធ្លាក់ចុះ ហើយប្រជាពលរដ្ឋក៏មានផលលំបាក។ ដូច្នេះការគាត់មិនជំទាស់ ហើយគាត់ទាមទារតែសំណងវាជាការមួយល្អហើយ ពីព្រោះគាត់ខ្វះខាង»។
អាជ្ញាធរស្រុកកែវសីមា បានប្រកាសឲ្យដឹងថា ភូមិសាស្ត្រអូរខ្វាវ ឃុំចុងខ្លាស់ ស្រុកកែវសីមា គឺជាតំបន់មានវិសាលភាពរ៉ែមាសរហូតដល់ទៅ ៨.១លានតោន ដែលបានរកឃើញដោយក្រុមហ៊ុនអូហ្សិត (OZ) កាលពីពេលកន្លងមកថ្មីៗ។
មន្ត្រីបណ្ដាញផ្នែកធនធានរ៉ែ ដែលសុំសិទ្ធិមិនបញ្ចេញឈ្មោះ បានថ្លែងថា ក្រុមការងារកំពុងចុះទៅពិនិត្យ និងកំណត់ជាក់លាក់អំពីទំហំដី ដែលបានផ្ដល់ឲ្យក្រុមហ៊ុនធ្វើប្រតិបត្តិការរុករករ៉ែមាស ព្រមទាំងសិក្សាពីភាពមិនចុះសម្រុងគ្នានៅក្នុងរឿង ដែលអាជ្ញាធរតម្រូវឲ្យអ្នកភូមិនៅតំបន់អូរខ្វាវចាកចេញនោះផងដែរ៕