ពល​រដ្ឋ​នៅ​ព្រំដែន​ស្វាគមន៍​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី

ប្រទេស​កម្ពុជា និង​ថៃ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ បាន​ស្វាគមន៍​ចំពោះ​ការ​​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ មាន​គម្រោង​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​តាម​ដាន​សភាព​ការណ៍​តាន​តឹង​ផ្នែក​យោធា​នៅ​តំបន់​ជម្លោះ​​ព្រំដែន។

0:00 / 0:00

ប្រជា​ពល​រដ្ឋ​ខ្មែរ ជា​អ្នក​រស់​នៅ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ ជាប់​ជា​មួយ​ប្រទេស​ថៃ បាន​សម្ដែង​ការ​សប្បាយ​ចិត្ត និង​បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​គេ​គ្រោង​បញ្ជូន​តំបន់​ព្រំដែន ដែល​មាន​ជម្លោះ​រវាង​កម្ពុជា-ថៃ ក្បែរ​ប្រាសាទ​ព្រះវិហារ ដើម្បី​ជួយ​សម្រួល​ បន្ធូរ​បន្ថយ​នូវ​ភាព​តានតឹង​ក្នុង​ជម្លោះ​ព្រំដែន​នៃ​ភាគី​ទាំង​ពីរ។

លោក ប៊ុន ស៊ីណាត អ្នក​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​រស់​នៅ​តំបន់​ជាយ​ដែន​មាន​ការ​ធូរ​ស្រាល​ច្រើន ដោយ​សារ​ពួក​គាត់​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ ហើយ​អ្នក​ភូមិ​ភៀស​ខ្លួន​ជា​ច្រើន​នាក់ បាន​វិល​ចូល​ទៅ​កាន់​លំនៅឋាន​វិញ ចំណែក​ការ​ប្រកប​របរ​ចេញ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ក៏​មាន​សុវត្ថិភាព ពុំ​មាន​ការ​ឃាត់​ពី​អាជ្ញាធរ​ថៃ​ទៀត​ទេ ៖ «ជា​ទស្សនៈ​ខ្ញុំ​ក៏​ដូច​បង​ប្អូន​ប្រជា​ពល​រដ្ឋ ចំណុច​នេះ យើង​ចាត់​ទុក​ថា ជា​ចំណុច​សំខាន់។ កន្លង​មក​ប្រជុំ​នៅ​ហ្សាការតា យើង​មាន​តែ​ទ្វេ​ភាគី អត់​មាន​ជន​ទី​បី​ជា​អ្នក​អង្កេត​នៅ​លើ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ភាគី​ខ្មែរ​រំលោភ​ទៅ​លើ​ថៃ ថៃ​រំលោភ​ទៅ​លើ​ខ្មែរ តែ​ឥឡូវ​មាន​ការ​បញ្ជូន​ក្រុម​ការ​ងារ​មក​សម្រប​សម្រួល និង​ពិនិត្យ​ផ្ទាល់ អា​ហ្នឹង​ជា​ចំណុច​មួយ​ដែល​ខ្ញុំ និង​ប្រជា​ពល​រដ្ឋ​ចង់​បាន ហើយ​ចិត្ត​រីក​រាយ​ណាស់ ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ស្នើ​សុំ​រឿង​នេះ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​ក្នុង​ជំនួប​កំពូល​រដ្ឋ​មន្ត្រី​ការ​បរទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស បាន​សម្រេច​​ចិត្ត​បញ្ជូន​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​ទៅ​អង្កេត​តាម​ដាន និង​រាយ​ការណ៍​អំពី​ស្ថាន​ភាព​ជម្លោះ​កម្ពុជា និង​ថៃ ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ។ បញ្ជូន​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ចំនួន ៤០​នាក់​នេះ បន្ទាប់​ពី​កង​ទ័ព​កម្ពុជា និង​ថៃ​បាន​ពើប​ប្រយុទ្ធ​គ្នា​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ចំ​នួន ៤​ថ្ងៃ កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១១។

លោក ជិន សាវ៉ន សមាជិក​ភូមិ​ប្រាសាទ​ត្បែង ក្នុង​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​កង​ទ័ព​ប្រទេស​ថៃ និង​កង​ទ័ព​ប្រទេស​កម្ពុជា បាន​ពើប​ប្រយុទ្ធ​គ្នា​ជា​បន្ត​បន្ទាប់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដោយ​សារ​បញ្ហា​វិបត្តិ​ជម្លោះ​ព្រំដែន បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ខ្មែរ និង​ថៃ ដែល​រស់​នៅ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន មាន​ការ​ភ័យ​ព្រួយ និង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​រយៈ​ពេល​កន្លង​មក ៖ «បើ​សិន​ជា​គូស​មុខ​យក្ស​ដាក់​គ្នា​ហើយ ឃើញ​គ្នា​ក៏​យ៉ាប់ ហើយ​កិច្ច​ប្រជុំ​នៅ​ហ្សាការតា ប្រធាន​ហ្នឹង​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជា​ជន​ខ្ញុំ មាន​ការ​ត្រេក​អរ​ជា​ខ្លាំង ដែល​សន្តិសុខ​បាន​ដូច​ដើម​វិញ»

លោក ជួប ចាន់​ឌី រស់​នៅ​ភូមិ​ធម្មជាតិ ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត ខេត្ត​ព្រះវិហារ​បាន​មាន​ប្រសាសន៍​ថា ទាំង​ប្រជា​ពល​រដ្ឋ​ខ្មែរ ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ថៃ​ដែរ គឺ​ពួក​គេ​មិន​ចង់​ជួប​ឡើយ ចំពោះ​ការ​ធ្វើ​សង្គ្រាម​ច្បាំង​គ្នា។ លោក​បន្ត​ថា ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ពាន់​នាក់​បាន​ជួប​ប្រទះ​នូវ​ការ​លំបាក​យ៉ាង​ខ្លាំង នៅ​គ្រា​ដែល​នាំ​គ្នា​រត់​ភៀស​ខ្លួន​ចេញ​ពី​លំនៅឋាន បន្ទាប់​ពី​កង​ទ័ព​ប្រទេស​ថៃ​បាន​ពើប​ប្រយុទ្ធ​គ្នា​ជា​បន្ត​បន្ទាប់​រយៈ​កាល​កន្លង​មក នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ៖ «វា​លំបាក​ណាស់ មិន​ដូច​នៅ​ផ្ទះ​ខ្លួន​ឯង ទោះ​បី​រាជ​រដ្ឋាភិបាល​គាត់​ជួយ​ជា​អំណោយ ជា​ស្បៀង​យ៉ាងណា​ក៏​មិន​ដូច​នៅ​ផ្ទះ​ខ្លួន​ឯង​ទេ នៅ​តែ​មាន​កុះករ ប្រជា​ពល​រដ្ឋ​ច្របូក​ច្របល់ តែ​មិន​ដឹង​ធ្វើ​ម៉េច វា​មាន​សង្គ្រាម ហើយ​វា​ត្រូវ​តែ​អ៊ីចឹង»

លោក រី វី រស់​នៅ​ភូមិ​ចម្ការ​ចេក សង្កាត់​អូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ បាន​រៀប​រាប់​ពី​ការ​លំបាក​នៅ​ពេល​ដែល​គាត់ និង​ភរិយា​នាំ​កូន​តូច​ចំនួន ៦​នាក់ ភៀស​ខ្លួន​ចេញ​ពី​តំបន់​ព្រំដែន​ខ្មែរ-ថៃ នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ដោយ​ការ​ភ័យ​ខ្លាច​ដូច្នេះ​ថា ៖ «ថ្ងៃ​ដែល​ចាក​ចេញ​នោះ យើង​ភ័យ​ខ្លាច​សង្គ្រាម​ដែល​កើត​ឡើង​ផ្ទុះ​នៅ​តាម​បន្ទាត់​ព្រំដែន បាន​ជា​ខ្ញុំ​ចាក​ចេញ​ពី​លំនៅឋាន ទៅ​នៅ​ឯ​ទី​រួម​ខេត្ត​មួយ​រយៈ​កាល​នោះ​មាន​ការ​លំបាក​ខ្លាំង​មែន ព្រោះ​អី​យើង​ជន​ខ្សត់​ខ្សោយ​ជា​ទី​បំផុត ដែល​យើង​ដឹក​ជញ្ជូន​ទៅ​ថ្មើរ​ជើង ខ្លះ​ទៅ​សុំ​ឡាន​គេ​ជិះ ខ្លះ​ទៅៗ​តាម​ម៉ូតូ​គេ»

ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​ក្នុង​ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា ក្នុង​នាម​ប្រជា​ពល​រដ្ឋ ពួក​គាត់​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​សុខ​សន្តិភាព​នោះ​ទេ ជា​ពិសេស​ទៅ​ទៀត សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ និង​ថៃ ដែល​ជា​អ្នក​រស់​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ។ លោក សុន គួច បាន​មាន​ប្រសាសន៍​អំពី​វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​នៃ​បណ្ដា​ប្រទេស​អាស៊ាន​មក​កាន់​តំបន់​ព្រំដែន​ថៃ-កម្ពុជា​យ៉ាង​ដូច្នេះ ៖ «មាន​អ្នក​អង្កេត​ការណ៍​ទាំង​ពីរ​ហ្នឹង​ឯង​ដែល​នៅ​រង់ចាំ​មើល​ទាំង​សង្ខាង​ពិត​ប្រាកដ​មែន វា​នឹង​ដឹក​ការ​ពិត​ថា​ផ្ទុះ​សង្គ្រាម វា​កើត​ឡើង ឬ​មិន​កើត​ឡើង​វា​អា​ស្រ័យ​លើ​អ្នក​សង្កេត​ការណ៍​ហ្នឹង​ឯង គាត់​ពិនិត្យ​ច្បាស់​លាស់​ថា ចេញ​ពី​ប្រភព​ណា​មុន...»

លោក ស៊ុំ ច័ន្ទគា ប្រធាន​សម្រប​សម្រួល​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​បន្ថែម​លើ​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​អាស៊ាន មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ថា​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា មាន​អរិយធម៌​ប្រហាក់​ប្រហែល​គ្នា ដូច្នេះ​ហើយ កង​ទ័ព​ប្រទេស​ទាំង​ពីរ​មិន​គួរ​បន្ត​ការ​ច្បាំង​គ្នា​តទៅ​ទៀត​នោះ​ឡើយ ៖ «រំងាប់​នៅ​សង្គ្រាម មិន​ឲ្យ​មាន​អរិយភាព​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​ការ​ប្រសើរ គឺ​ជា​ការ​មួយ​ដ៏​ល្អ​បំផុត ព្រោះ​ថា​ការ​ដោះ​ស្រាយ​ដោយ​ចុង​កាណុង​គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ភាគី​ទាំង​សង្ខាង ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ យើង​គិត​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​រួច​ជា​ស្រេច​ទៅ​ហើយៗ បើ​មាន​បញ្ហា​រំលោភ​បំពាន់​លក្ខណៈ​ណា​មួយ យើង​មាន​នីតិ​វិធី​គ្រប់​បែប​យ៉ាង​ទាក់​ទង​ទៅ​លើ​ការ​ចរចា​ដោះ​ស្រាយ​ទៅ​តាម​នីតិ​វិធី​ដោយ​ចុង​ប៉ិច​វិញ»

ប្រទេស​កម្ពុជា និង​ថៃ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ បាន​ស្វាគមន៍​ចំពោះ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​តាម​ដាន​សភាព​ការណ៍​តាន​តឹង​ផ្នែក​យោធា​នៅ​តំបន់​ជម្លោះ​ព្រំដែន នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​នៅ​មុន​កិច្ច​ប្រជុំ​អាស៊ាន​ថា ទោះបី​ជា​លទ្ធផល​របស់​កិច្ច​ប្រជុំ​អាស៊ាន អាច​ផ្អាក​ការ​បាញ់​គ្នា ប៉ុន្តែ​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ព្រំដែន​កម្ពុជា និង​ថៃ​បាន​នៅ​ឡើយ។ ដោយ​សារ​ភាគី​ទាំង​សង្ខាង កម្ពុជា-ថៃ បាន​ប្រើប្រាស់​ផែន​ទី​ផ្ទុយ​គ្នា​ទាក់​ទង​នឹង​តំបន់​ជម្លោះ ៤,៦​គីឡូ​ម៉ែត្រ​ការេ ក្បែរ​ប្រាសាទ​ព្រះវិហារ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បាន​បន្ត​ថា ក្រុម​អ្នក​ច្បាប់​កម្ពុជា​កំពុង​រៀបចំ​ឯកសារ​ច្បាប់​ដាក់​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ ដើម្បី​បក​ស្រាយ​លើ​សាលក្រម​ដែល​ចុះ​កាល​បរិច្ឆេទ កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ទាក់​ទង​បញ្ហា​ប្រាសាទ​ព្រះវិហារ និង​អធិបតេយ្យភាព​កម្ពុជា៕