ប្រភពពីប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ថា អាជ្ញាធរវៀតណាមនៅក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក កំពុងតែដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធចំនួនជាច្រើនរយនាក់និងសត្វឆ្កែប្រដេញផងដើម្បីត្រៀមបង្រ្កាបលើបាតុកម្មតវ៉ានិងចាប់ខ្លួនក្រុមប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួនប្រមាណ៤០នាក់ដែលងើបតវ៉ាប្រឆាំងនឹងផែនការជីកព្រែកដែលនាំឲ្យពួកគាត់បាត់បង់ដីស្រែពីដូនតា។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់រស់នៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម នៅក្នុងចំណោមអ្នកតវ៉ាជាង៤០នាក់ ហើយកំពុងតែរត់លាក់ខ្លួន បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា មានកងប្រដាប់អាវុធវៀតណាមជាច្រើនរយនាក់កំពុងតែដាក់ពង្រាយហើយមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងត្រៀមបន្តជីកព្រែក ៖ «ប្រជាជនយើងមានតែអង្គុយមើលគេជីក ហើយគេបាំងព្រំប្រទល់ កន្លែងគេជីកដល់ណាគេបាំងកន្លែងហ្នុង។ កម្លាំងទ័ព ៣៣០-៣៥០ នគរបាល ២៣០ ឆ្កែ ៥»។
វិធានការរបស់អាជ្ញាធរវៀតណាមនៅក្នុងខេត្តអានយ៉ាងនៅក្នុងការបង្រ្កាបក្រុមអ្នកតវ៉ារឿងដីធ្លីនោះ នៅក្រោយពេលដែលតំណាងប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួន៨នាក់បានទៅជួបជាមួយនឹងមេឃុំអាងនុង កាលពីថៃ្ងពុធ ទី៩ ខែកញ្ញាថ្មីៗនេះ ដោយបានទទួលការព្រមានថា គេនឹងមិនដោះស្រាយបញ្ហាសំណងដីធ្លីកសិកម្មឲ្យទេ ពីព្រោះគ្មានឯកសារកម្មសិទ្ធិ។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់ទៀត បានថ្លែងថា គ្មានសំណងចំពោះការបាត់បង់ដីស្រែកសិកម្មទេក្រោមផែនការជីកព្រែកនោះ ៖ «អំពាវនាវដល់ពិភពលោកឲ្យជួយខ្ញុំផង ព្រោះខ្ញុំមានដីស្រែតែប៉ុណ្ណឹងទេ បើថារដ្ឋអំណាចមិនសងខ្ញុំទេ ខ្ញុំមិនដឹងទៅរស់នៅឯណាទេ ខ្ញុំគ្មានអីហូបទេ ខ្ញុំពោះមួយ ដល់៧-៨នាក់នោះ»។
ព្រះភិក្ខុមួយអង្គសុំមិនប្រាប់ឈ្មោះជាអ្នកនាំពាក្យគោចរណ៍របស់ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមបានមានពុទ្ធដីកាថា ៖ «ពួកយួនវាមិនអើពើដល់កិច្ចការរបស់បងប្អូនខ្មែរកម្ពុជាក្រោមសោះ អ៊ីចឹងទៅបងប្អូនកម្ពុជាក្រោមមិនសុខចិត្តទេ»។
មិនអាចទាក់ទងបានទេនៅថៃ្ងព្រហស្បតិ៍ ទី១០ ខែកញ្ញា ដើម្បីសុំការបំភ្លឺពីលោក ទ្រីញ បាកឹម ជាមន្រ្តីអ្នកនាំពាក្យនៃស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជា ជុំវិញការតវ៉ានឹងផែនការបង្រ្កាបខាងលើនេះ ដោយទូរស័ព្ទលើតុនិងទូរស័ព្ទដៃគ្មានអ្នកទទួលឆ្លើយ។
សូមជម្រាបថា អាជ្ញាធរស្រុកទិនបៀង ខេត្តអានយ៉ាង ជាអតីតទឹកដីខែ្មរកម្ពុជាក្រោមដែលកំពុងកាន់កាប់ដោយអាជ្ញាធរវៀតណាម កំពុងតែអនុវត្តផែនការជីកព្រែកមួយខែ្សប្រវែង១០គីឡូម៉ែត្រនិងទទឹង៥០ម៉ែត្រ កាត់តាមដីស្រែជាង៤០០ហិកតារ និងមានគ្រួសារខែ្មរកម្ពុជាក្រោមប្រមាណ៤០០គ្រួសារកំពុងតែប្រឈមមុខនឹងការបាត់បង់ដីស្រែ ដោយគ្មានសំណងជាប្រាក់ឬដីធ្លីទ្បើយ។ ការទាមទាររបស់ពលរដ្ឋខ្មែរដើម្បីដណ្តើមយកវិញនូវទឹកដីរបស់ដូនតាគាត់បានធ្វើឡើងជាច្រើនសប្តាហ៍កន្លងមកហើយ៕