ប្រភពពីសកម្មជនខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះ មានឈ្មោះទី១ ថាច់ ថាញ់ អាយុជាង ២០ឆ្នាំ រងគ្រោះដោយការវាយសម្លាប់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ និងទី២ មានឈ្មោះ ថាច់ ហ្វាង អាយុ ២៦ឆ្នាំ រងគ្រោះដោយការវាយសម្លាប់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១១ នៅពេលយប់។
នាយកប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា លោក ស៊ឺន យឿង បានមានប្រសាសន៍ថា ករណីឃាតកម្មទាំង ២នេះ អាជ្ញាធរវៀតណាម នៅមិនទាន់បានដោះស្រាយចាប់ខ្លួនជនសង្ស័យនៅទ្បើយទេ។
លោក ស៊ឺន យឿង អំពាវនាវថា ៖ «អំពាវនាវដល់អាជ្ញាធរវៀតណាម ធ្វើយ៉ាងណាជួយរកយុត្តិធម៌ដល់បងប្អូនខ្មែរក្រោមទាំងអស់ដែលបានត្រូវជនជាតិវៀតណាម សម្លាប់នៅទីក្រុងព្រៃនគរ ដូចជានៅចុងឆ្នាំ២០១០ ហើយនិងដើមឆ្នាំ២០១១នេះ ដើម្បីរកយុត្តិធម៌ជូនដល់បងប្អូនខ្មែរកម្ពុជាក្រោមទាំងអស់នេះផង»។
ទាក់ទងនឹងការចោទប្រកាន់នេះ លេខាធិការម្នាក់នៃស្ថានទូតវៀតណាម នៅក្នុងប្រទេសកម្ពុជា សុំមិនប្រាប់ឈ្មោះបានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានអំពីសំណុំរឿងឃាតកម្មនេះទេ។
កាលពីខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ ប្រភពពីគ្រួសារជនរងគ្រោះ និងសកម្មជនខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ខ្មែរកម្ពុជាក្រោមចំនួន ៤នាក់ បានរងការវាយសម្លាប់ និងចាក់សម្លាប់ ដោយសារមានជម្លោះពាក្យសម្ដីនឹងគ្នាជាមួយជនជាតិវៀតណាម នៅក្នុងខេត្តរោងដំរី ឬខេត្តតៃនិញ។
ជនរងគ្រោះទាំង ៤នាក់នោះមានឈ្មោះ ទី១ ចៅ ណែត អាយុ ២២ឆ្នាំ ទី២ ឈ្មោះ ចៅ ផាត ទី៣ ឈ្មោះ ចៅ កែវ និងទី៤ មិនស្គាល់ឈ្មោះ។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក យន្ត ថារូ ដែលមានដើមកំណើតខ្មែរកម្ពុជាក្រោម បានដាក់ពាក្យបណ្ដឹងទៅស្ថានទូតវៀតណាម នៅក្នុងប្រទេសកម្ពុជា សុំឲ្យអាជ្ញាធរវៀតណាម ស្វែងរកចាប់ខ្លួនជនសង្ស័យ ប៉ុន្តែលិខិតស្នើនោះ ស្ថានទូតមិនបានទទួលយកទេ៕