តំណាងសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានអំពាវនាវនៅថ្ងៃច័ន្ទ ទី៤ ខែតុលា ឆ្នាំ២០១០ សុំឲ្យអាជ្ញាធរ និងក្រុមសមត្ថកិច្ចប្រញាប់ចាត់វិធានការណ៍បង្ក្រាបជាបន្ទាន់ទៅលើសកម្មភាពជនជាតិវៀតណាមដែលនៅតែបន្តចូលមកដីខ្មែរជាប់តំបន់ព្រំដែន ដើម្បីកាប់ឈើនាំចេញទៅទឹកដីវៀតណាម។
សេចក្ដីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍ភូមិប៉ក់តូច បានប្រទះឃើញជនជាតិវៀតណាមជាក្រុមតូចៗ មានគ្នាពីបីទៅបួននាក់ក្នុងមួយក្រុម ប្រដាប់ដោយម៉ាស៊ីនកាត់ឈើ អាររំលំដើមឈើក្នុងដីខ្មែរ នៅតំបន់អូរត្រុកជិតប៉ុស្តិ៍ការពារព្រំដែនខ្មែរ ភ្នំក្រហម ចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីភូមិ។ នៅក្នុងហេតុការណ៍នោះ ប្រជាសហគមន៍បាននាំគ្នារិបអូសបានម៉ាស៊ីនកាត់ឈើមួយគ្រឿង កាលពីថ្ងៃ អាទិត្យទី៣ ខែតុលាកន្លងទៅថ្មីៗនេះ។
តំណាងសហគមន៍ភូមិប៉ក់តូច លោក សល់ សូផាត មានប្រសាសន៍បញ្ជាក់ថា ព្រៃឈើនៅតំបន់នោះរងការកាប់ ហើយដឹកជញ្ជូនចេញអស់ជាច្រើនខែកន្លងមកហើយ ដែលរហូតមកទល់នឹងបច្ចុប្បន្ន សកម្មភាពនេះមិនទាន់បានបញ្ឈប់ទេ។
លោកបន្តថា តាមសេចក្ដីរាយការណ៍ពីជនជាតិវៀតណាមទាំងនោះ ឲ្យអ្នកភូមិដឹងថា មន្ត្រីជាសមត្ថកិច្ចប៉ូលិស និងយោធាប៉ុស្តិ៍ការពារព្រំដែនភ្នំក្រហម បានត្រូវរ៉ូវគ្នាជាមួយជនជាតិវៀតណាម ក្នុងករណីកាប់ឈើនៅតំបន់នោះ ៖ «ខាងទាហានការពារព្រំដែនហ្នឹង ពីរទៀតឈ្មោះ ឆាត។ ឈ្មោះ ឆាត ហ្នឹងខាងប៉ូលិស ហើយ ហ៊ុន ជាមួយអាអ្នកដែលផ្ដល់ថវិកាហ្នឹង ឈ្មោះ ហុង យួន»។
សមាជិកសហគមន៍ លោក សេវ ធឿន មានប្រសាសន៍បញ្ជាក់ដែរថា សកម្មភាពអាររំលំឈើធ្វើឡើងនៅពេលយប់។ ក្រុមជនជាតិវៀតណាមអ្នកកាប់ឈើនាំគ្នាអារជ្រៀកឈើមូលក្នុងព្រៃដីខ្មែរហើយ ដឹកជញ្ជូនតាមរទេះក្របីនាំចូលទៅក្នុងទឹកដីវៀតណាមដោយគ្មានការបង្ក្រាប ឬទប់ស្កាត់ពីសមត្ថកិច្ចនៅតំបន់នោះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមេបញ្ជាការវរយោធាការពារព្រំដែន លោក លី សុវណ្ណារ៉ា ដើម្បីបញ្ជាក់បញ្ហានេះបានទេ។ ប៉ុន្តែស្នងការរងប៉ូលិសខេត្តរតនគិរីទទួលបន្ទុកកិច្ចការព្រំដែន លោក ស៊ូវ៉ាន់ ខាំវ៉ាន់ មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់ទទួលបានសេចក្ដីរាយការណ៍ពីករណីនេះនៅឡើយ ៖ «បើប៉ូលិសមិនចាប់ទេ មិនឲ្យពួកសហគមន៍ហ្នឹងចាប់ផងទៅ។ ចាំមើលខ្ញុំឆែកមើលៗ»។
បុគ្គលិកផ្នែកអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិតែងរាយការណ៍សុំកិច្ចអន្តរាគមន៍ពីករណីវៀតណាមចូលមកកាប់ឈើក្នុងដីខ្មែរជាបន្តបន្ទាប់។ លោកបន្តថា វាបង្កើតឲ្យមានអំពើរំលោភច្បាប់ និងពុករលួយ ៖ «ជនអន្តោប្រវេសន៍វៀតណាមដែលឆ្លងដែនដោយខុសច្បាប់លួចកាប់ឈើតាមបណ្ដោយព្រំដែននោះ គឺថាសមត្ថកិច្ចតែងតែយកការយោគយល់ បន្ទាប់មកធ្វើការដោះលែង»។
កាលពីឆ្នាំ២០០៩ សហគមន៍ជនជាតិដើមភាគតិចរស់នៅជាប់តំបន់ព្រំដែនវៀតណាម ក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស ខេត្តរតនគិរី រួមទាំងក្រុមសមត្ថកិច្ចប៉ូលិសមូលដ្ឋាន ធ្លាប់បានឃាត់ខ្លួន និងរិបអូសម៉ាស៊ីនកាត់ឈើ និងរថយន្តដឹកជញ្ជូនឈើ ពីក្រុមវៀតណាមដែលចូលមកកាប់ឈើក្នុងដីខ្មែរមិនតិចជាង ១០ករណីទេ ក៏ប៉ុន្តែក្រុមអាជ្ញាធរបានដោះលែងជនជាតិវៀតណាមទាំងអស់នោះ៕
