ក្រសួង​ការងារ​ប្រាប់​កម្មករ​កុំ​ឲ្យ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ថ្មី​ៗ​នេះ​បាន​ចេញ​លិខិត​ជា​ផ្លូវការ​ប្រាប់​កម្មករ​និយោជិត​នៅ​ទូទាំង​កម្ពុជា កុំ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់​បៀវត្សរ៍។

មន្រ្តី​ក្រសួង​ការងារ​លើក​ហេតុ​ផល​ថា ក្រសួង​កំពុង​រៀបចំ​ឯកសារ​លម្អិត ដើម្បី​បញ្ជូន​ទៅ​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក ជា មុន្នី បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១០ ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អាច​មាន​ផល​ប្រយោជន៍ ជាមួយ​នឹង​សមាគម​កាត់​ដេរ​កម្ពុជា និង​ក្រុម​និយោជក ដោយសារ​តែ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ និង​មិន​ដោះស្រាយ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ។

ករណី​លើក​ឡើង​បែប​នេះ​របស់​លោក ជា មុន្នី ដោយសារ​តែ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​លិខិត​មួយ​អំពាវនាវ​ឲ្យ​កម្មករ​និយោជិត គោរព​ច្បាប់​ការងារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​មិន​ត្រូវ​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ ដែល​ក្រសួង​ចាត់​ទុក​ថា​ធ្វើ​តាម​ការ​ឃោសនា​ខុស​ច្បាប់​នោះ។

នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ក្រសួង​ការងារ​បាន​ចេញ​លិខិត​មួយ ដោយ​បញ្ជាក់​ថា គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​ដំណើរការ​ប្រជុំ​ពិភាក្សា​ម្ដង​រួច​មក​ហើយ ជាមួយ​សហព័ន្ធ​សហជីព ស្តីពី​ការ​ដំឡើង​ប្រាក់​ខែ​ឈ្នួល​អប្បបរមា​ដល់​កម្មករ ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១០ ហើយ​កិច្ចការ​នោះ គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​រៀបចំ​ឯកសារ​លម្អិត​ដើម្បី​បញ្ជូន​ទៅ​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រឹក្សា​ការងារ ហើយ​និង​ធ្វើ​កិច្ច​ប្រជុំ​ពិភាក្សា​នៅ​ពេល​ខាង​មុខ។

លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា ការ​ពិភាក្សា​គ្នា​ថា នឹង​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​នោះ គឺ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៨ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​មាន​លទ្ធផល​នៅ​ឡើយ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​បន្ត​ស្នើ​សុំ​ធ្វើ​កូដកម្ម​បន្ត​ទៀត ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​តាម​ការ​ជជែក​គ្នា​នា​ពេល​កន្លង​មក​នោះ។ លោក ជា មុន្នី បាន​ថ្លែង​ទៀត​ថា កម្មករ​មាន​ប្រាក់​ខែ ៥០​ដុល្លារ​អាមេរិក នោះ​មិន​អាច​ចាត់ចែង​ការ​រស់​នៅ​របស់​គាត់​បាន​គ្រប់គ្រាន់​ឡើយ។

កម្មករ​ម្នាក់​គឺ​លោក អ៊ុន ដារ៉ា ជា​ជំនួយការ​របស់​សហព័ន្ធ​សហជីព​សេរី​កម្មករ​ផង​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា បើ​ធៀប​ប្រាក់​ខែ ៥០​ដុល្លារ​អាមេរិក​នោះ កម្មករ​ម្នាក់​សល់​លុយ​សម្រាប់​ផ្ញើ​ទៅ​ផ្ទះ​វិញ​បាន ១០​ដុល្លារ ឬ ១៥​ដុល្លារ​ក្នុង​មួយ​ខែ។

លោក​បាន​ថ្លែង​ថា ការ​ស្នើ​សុំ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​នេះ គឺ​ជា​រឿង​ដែល​កម្មករ​ទាំង​អស់​សប្បាយ ហើយ​ក៏​សុំ​ឲ្យ​មាន​ការ​ចរចា​គ្នា​តាម​សន្តិវិធី។ លោក​បន្ត​ថា សុំ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ច​ការ​ចរចា និង​សន្យា ដោយ​កុំ​បណ្ដោយ​ឲ្យ​កម្មករ​ទទួល​ប្រាក់​ខែ​ដែល​មិន​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​ផង​នោះ៕