តើពេញមួយឆ្នាំ២០១២ កន្លងទៅ អគ្គិភ័យកើតឡើងប៉ុន្មានករណី ហើយធ្វើឲ្យខាតបង់ជាទឹកប្រាក់ប៉ុន្មាន?
រយៈពេលតែប៉ុន្មានថ្ងៃមុនឆ្លងចូលឆ្នាំថ្មីឆ្នាំ២០១៣ គេឃើញមានអគ្គិភ័យឆាបឆេះលំនៅឋានរបស់ពលរដ្ឋនៅតាមរាជធានី ខេត្ត រួមទាំងអគាររដ្ឋាភិបាលមួយចំនួនដែរ។
ជាក់ស្ដែង នៅរាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មានអគ្គិភ័យកើតឡើងក្នុងបរិវេណនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ បណ្ដាលឲ្យឆេះបន្ទប់ស្នាក់នៅរបស់ក្រុមបុគ្គលិកក្រសួងមហាផ្ទៃ។
សាក្សីឲ្យដឹងថា បន្ទប់ស្នាក់នៅសង់អំពីឈើប្រក់ស័ង្កសី ត្រូវឆេះអស់ ៣បន្ទប់ នៅគ្រាដែលអ្នកស្នាក់នៅបាននាំគ្នាចាក់សោបន្ទប់ចោល រួចនាំគ្នាទៅដើរលេងឆ្លងចូលឆ្នាំថ្មី។ អគ្គិភ័យនេះ មិនបង្កឲ្យមានមនុស្សរងរបួស និងស្លាប់នោះទេ។
លោក នេត វន្ថា ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ បញ្ជាក់ថា មូលហេតុបង្កអគ្គិភ័យ ដោយសារតែឆ្លងចរន្តអគ្គិសនី៖ «ឆេះតែបន្ទប់ស្នាក់នៅដែលគាត់ចាក់សោចោល ដូចថាថ្ងៃហ្នឹងឆ្លងឆ្នាំ គាត់ដើរលេងនៅក្រៅអ៊ីចឹង ភ្លេចបិទឆ្នាំងដាំបាយ បិទបារ៉ែតភ្លើងអ៊ីចឹងទៅ មានបញ្ហាមកក៏ផ្ទុះ ឆ្នាំងបាយហ្នឹងក៏ធ្លាក់មកលើខោអាវគាត់ស្តុកទុកសម្រាប់ស្លៀកពាក់ប្រចាំការយាមការឆេះអានឹងទៅ ក៏បណ្ដាលឲ្យឆេះបន្ទប់ ៣តូចហ្នឹងទៅ»។
នៅឯខេត្តក្រចេះ ឯណោះវិញ ផ្ទះប្រជាពលរដ្ឋលក់គ្រឿងទេស និងសាំងចំនួន ៣ខ្នង នៅឃុំដា ស្រុកចិត្របុរី ក៏ត្រូវអគ្គិភ័យឆាបឆេះផងដែរ។
អភិបាលស្រុកចិត្របុរី លោក ទួន ញ៉ក់ បានឲ្យដឹងថា អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗ ខណៈដែលម្ចាស់ផ្ទះបានកេះដែកកេះឆ្លុះមើលសាំងសម្រាប់លក់ កាលពីវេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។ លោកបញ្ជាក់ថា អគ្គិភ័យនេះមិនបង្កឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែធ្វើឲ្យខូចខាតគិតជាទឹកប្រាក់ប្រមាណ ១ម៉ឺន ៥ពាន់ដុល្លារ៖ «វាច្រឡំកេះដែកកេះទៅឆាបវឹប។ ខូចខាតតែទ្រព្យសម្បត្តិទេ អស់លុយ ៤លានរៀល ស្រូវ ៤០បាវ និងម៉ូតូអាសង់ ០៥មួយ»។
តាមសេចក្តីរាយការណ៍ពីអាជ្ញាធរឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ឲ្យដឹងថា កាលពីវេលាម៉ោង ២យប់ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មានមនុស្ស ២នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់អគ្គិភ័យ នៅផ្ទះពលរដ្ឋចិញ្ចឹម និងភ្ញាស់ពងទា។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុបង្កឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនីដែលគេនិយមនិយាយតាមភាសាបារាំងថា ទុស្សេខ្សែភ្លើង។
កាលពីរំលងអាធ្រាត្រថ្ងៃទី៨ ខែធ្នូ កន្លងទៅ អគ្គីភ័យបានឆាបឆេះផ្សាររាត្រីសៀមរាប នៅក្នុងសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ដោយបានសម្លាប់មនុស្សចំនួន ៨នាក់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងតូបលក់ដូរអស់ជាច្រើន និងបានបំផ្លាញទ្រព្យសម្បត្តិអស់ប្រមាណជាង ១លានដុល្លារសហរដ្ឋអាមេរិក។
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះអគ្គិភ័យបានកើតឡើងគួរឲ្យកត់សម្គាល់ ដែលបណ្ដាលមកពីបញ្ហាផ្សេងៗ។
តាមលោក នេត វន្ថា ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យ នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ១២ខែឆ្នាំ២០១២ មានអគ្គិភ័យកើតឡើងចំនួន ៧៧ករណី ក្នុងនោះមាន ៤ករណីទ្រង់ទ្រាយធំ។ អគ្គិភ័យនេះបានសម្លាប់មនុស្សចំនួនម្នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៣នាក់។ ចំនួននេះមានការកើនឡើងមួយករណី បើប្រៀបធៀបកាលពីឆ្នាំ២០១១ ដែលមានអគ្គិភ័យកើតឡើងនៅរាជធានីភ្នំពេញ ចំនួន ៧៦ករណី ធ្វើឲ្យមនុស្សស្លាប់ចំនួន ៨នាក់ និងរបួសជាង ១០នាក់។ លោកបន្តថា នៅឆ្នាំ២០១២ អគ្គិភ័យបានធ្វើឲ្យខូចខាតគិតជាទឹកប្រាក់ប្រមាណ ៦៥ ទៅ ៧០លានដុល្លារអាមេរិក។
លោក នេត វន្ថា៖ «ប្រជាពលរដ្ឋយើងនៅតែមិនទាន់យល់ពីកាតព្វកិច្ច និងភារកិច្ចចូលរួមជាមួយអង្គភាពអគ្គិភ័យ ហើយនិងទី២ ទៀត គឺការយល់ដឹងពីវិធានការពន្លត់ការងារបឋមហ្នឹង ហាក់ដូចជានៅមានកម្រិតនៅឡើយ ជាពិសេសការអំពាវនាវរបស់ក្រសួងមហាផ្ទៃ និងឯកឧត្តម នេត សាវឿន ឯកឧត្តម កែប ជុតិមា គាត់តែងតែចេញសេចក្តីជូនដំណឹងគ្រប់ពេលវេលា ស្ដីពីសារាចរណែនាំ ហាក់ដូចជាប្រជាពលរដ្ឋនៅតែមិនទាន់យល់ មិនទាន់ចាប់អារម្មណ៍ចំណុចនេះ។ សេចក្តីណែនាំនេះ គឺសុទ្ធតែកំណត់ឲ្យប្រជាពលរដ្ឋមានទីតាំងលំនៅឋាននៅក្រុងភ្នំពេញ ត្រូវតែមានបំពង់ពន្លត់អគ្គិភ័យមួយដប ក្នុងមួយគ្រួសារយ៉ាងហោចណាស់។ ទីតាំងសំខាន់ៗដូចជាសិប្បកម្ម ស្ថានីយប្រេង ហាងស្តុកហ្គាស ឬក៏កន្លែងចែកចាយប្រេងខ្នាតតូចធំគួរតែមាន»។
លោក នេត វន្ថា បញ្ជាក់ថា នៅក្នុងឆ្នាំ២០១២ មានអគ្គិភ័យធំៗកើតឡើង រួមមានការឆេះរោងចក្រ ឆេះផ្សារទួលសង្កែ ផ្សារឫស្សីកែវ ដែលមន្ត្រីពន្លត់អគ្គិភ័យពិបាកក្នុងការជួយអន្តរាគមន៍ និងប្រើពេលយូររហូតដល់ ៥ ទៅ ៦ម៉ោង ដើម្បីពន្លត់។
ករណីអគ្គីភ័យទាំងនោះ បានជំរុញរដ្ឋាភិបាលកម្ពុជា បង្កើតច្បាប់ថ្មីក្នុងការគ្រប់គ្រង និងទប់ស្កាត់គ្រោះអគ្គិភ័យ។
សេចក្ដីព្រាងច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលមាន ៨ជំពូក និង ៣៣មាត្រា ត្រូវបានតាក់តែងឡើងក្នុងគោលបំណងសំខាន់ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសាធារណៈ និងទប់ស្កាត់គ្រោះអគ្គិភ័យដែលចេះតែកើតឡើងឥតឈប់ឈរ។ សេចក្ដីព្រាងច្បាប់នេះ បានដាក់បញ្ចូលនូវចំណុចខ្លឹមសារសំខាន់ៗដូចជា ការផ្ដន្ទាទោសដល់កម្លាំងសមត្ថកិច្ចណាដែលបំពេញតួនាទីមិនបានល្អ ហើយស្វែងរកលាភសក្ការៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួនក្នុងពេលបំពេញបេសកកម្ម ដែលត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ និងជនបង្កអគ្គិភ័យ អាចជាប់ទោសពី ៣ឆ្នាំទៅដល់ ១៥ឆ្នាំ។
លោក នេត វន្ថា ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ កំពុងស្ថិតក្នុងដៃគណៈអចិន្ត្រៃយ៍រដ្ឋសភានៅឡើយ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តលើសេចក្តីព្រាងច្បាប់នេះរួមមក។ លោកសង្ឃឹមថា ប្រសិនបើច្បាប់នេះចូលជាធរមាននោះ ប្រជាពលរដ្ឋនឹងមានការយល់ដឹងខ្ពស់លើវិធីការពារ និងទប់ស្កាត់អគ្គិភ័យ និងការរួមគ្នាពង្រឹងវិសាលភាពនៃច្បាប់នោះ ប្រជាពលរដ្ឋនឹងគេចផុតពីការរងគ្រោះថ្នាក់លើអគ្គិភ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។