ជន​ជាតិ​ភាគ​តិច​បារម្ភ​សត្វ​ព្រៃ​ផុត​ពូជ

ប្រជា​ពល​រដ្ឋ​សហគមន៍​អ្នក​រស់​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា នៅ​ពេល​បច្ចុប្បន្ន មាន​ក្រុម​សត្វ​ព្រៃ​មួយ​ចំនួន​បាត់​លែង​ឃើញ​មាន​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ដូច​មុន​ទៀត​ហើយ។

0:00 / 0:00

ប្រជា​ពល​រដ្ឋ​ជា​សហគមន៍​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា សត្វ​ត្មាត ខ្លា​ធំ គោ​ព្រៃ រមាំង មិន​សូវ​ឃើញ​មាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ដូច​កាល​មុន​ឆ្នាំ​២០០០ ទៀត​ទេ។ អ្នក​ភូមិ​បារម្ភ​ថា សត្វ​ព្រៃ​ទាំង​នោះ​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ទី​ផ្សេង ដោយ​សារ​កន្លង​ទៅ​បទ​ល្មើស​ព្រៃ​ឈើ​កើត​មាន​ច្រើន​នៅ​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ​នោះ។

ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ខ្ញែង ឃុំ​ចុង​ផ្លាស់ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច គឺ​លោក សាត់ ណាឆៃ។ លោក​បាន​បញ្ជាក់​ថា កាល​ពី​នៅ​វ័យ​ក្មេង​ជំទង់ លោក​តែង​ឃើញ​សត្វ​ត្មាត​រាប់​រយ​ពាន់​ក្បាល​បាន​ចុះ​ស៊ី​ចំណី​នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ ក៏​ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន គេ​កម្រ​ឃើញ​សត្វ​ត្មាត​ច្រើន​ចុះ​ស៊ី​ចំណី​ដូច​មុន គេ​ឃើញ​សត្វ​ត្មាត​នៅ​មាន​ចំនួន​តិច​តួច​បំផុត។ លោក​បន្ត​ថា សត្វ​ព្រៃ​កម្រ​ផ្សេង​ទៀត​ដូច​ជា​ខ្លា​ធំ ដែល​អ្នក​ភូមិ​តែង​ប្រទះ​ដាន​ជើង​ញឹកញាប់​នោះ ក៏​បាត់​លែង​ឃើញ​ដូច​គ្នា ៖ "ខ្ញុំ​ធ្លាប់​ឃើញ​ត្មាត​ពេល​ដែល​សត្វ​ក្របី​វា​ងាប់​អ៊ីចឹង ត្មាត​វា​ចុះ​ច្រើន​មែនទែន រាប់​រយ​ចូល​ជិត​ពាន់ ដល់​មក​ឥឡូវ​អត់​ឃើញ​មាន​មួយ​សោះ"

ជម្រកសត្វព្រៃ២០០
ផែនទី​ដែន​ជម្រក​សត្វ​ព្រៃ​ខេត្ត​មណ្ឌលគិរី របស់​អង្គការ WWF (Photo: RFA/Ratha Visal)

អតីត​ឆ្មាំ​ការ​ពារ​តំបន់​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដែរ​ថា រហូត​បច្ចុប្បន្ន​នេះ ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​ខុស​ច្បាប់ ឬ​ក្រុម​អ្នក​កាប់​រាន​ព្រៃ​ឈើ​យក​ដី​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តែ​មាន​ប្រើ​ម៉ាស៊ីន​កាត់​ឈើ​បំពង​សំឡេង​ធ្វើ​ឲ្យ​សត្វ​ព្រៃ​ផ្អើល។ លោក​បន្ត​ថា កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ក្រុម​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​បាន​រក​ឃើញ​ជំរំ​ស្នាក់​នៅ​របស់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ច្រើន​ក្រុម មាន​ម៉ាស៊ីន​កាត់​ឈើ​ច្រើន​គ្រឿង និង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​បង្ក​សំឡេង​ក្នុង​ព្រៃ​ជម្រក​សត្វ ៖ "ដាន​ក៏​មិន​សូវ​ឃើញ​ប៉ុន្មាន​ដែរ ដូច​ជា​ខ្ទីង ទន្សោង​អី​វា​បាត់​ខ្លះ។ បើ​សិន​ធ្វើ​នៅ​តែ​អ៊ីចឹង ប្រហែល​សត្វ​ព្រៃ​វា​មិន​ដឹង​ទៅ​ណា បើ​អ៊ីចឹង​អនាគត​ដល់​កូន​ចៅ​វា​អត់​មាន។ បើ​យើង​រុក​កន្លែង​ព្រៃ​ចាស់​វា​ធ្លាប់​នៅ វា​អត់​មាន​កន្លែង​នៅ​ជម្រក​វា​ពេល​វា​នៅ​ព្រៃ​វាល​វា​អ៊ីចឹង វា​អត់​សូវ​ហ៊ាន​នៅ"

តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច មាន​ទំហំ​ជាង ២២​ម៉ឺន​ហិកតារ មាន​ព្រំប្រទល់​ជាប់​នឹង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវសីមា តំបន់​ព្រៃ​ឈើ​ការ​ពារ​ខេត្ត​មណ្ឌលគិរី ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី និង​ជាប់​ដែន​ឧទ្យាន​ជាតិ​យ៉ុងដុង ប្រទេស​វៀតណាម។

ប្រធាន​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច គឺ​លោក សំរ៉ង ឌីវិចិត្រ។ លោក​បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ បទ​ល្មើស​ព្រៃ​ឈើ​បាន​ប្រសើរ​វិញ​ហើយ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នោះ ដោយ​សារ​តែ​ក្រុម​អភិរក្ស​បាន​ទប់​ស្កាត់​បទ​ល្មើស​ទាំង​នោះ។ លោក​បាន​បដិសេធ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក សត្វ​ត្មាត​ត្រូវ​បាន​ថែរក្សា​មិន​មាន​បរិមាណ​ថយ​ចុះ​នោះ​ទេ ហើយ​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​មាន​ការ​កើត​ឡើង​ប្រភេទ​សត្វ​ព្រៃ​មួយ​ចំនួន​វិញ និង​រក​ឃើញ​ប្រភេទ​សត្វ​ខ្លា​ថ្មី​មួយ​ប្រភេទ ដែល​មិន​ធ្លាប់​ឃើញ​មាន​នៅ​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា ជា​ធម្មតា​សត្វ​ព្រៃ​តែង​ផ្លាស់​ប្ដូរ​ទី​រស់​នៅ​រក​ចំណី​អាហារ​តាម​រដូវ​កាល​ទៅ​តំបន់​ព្រៃ​ជាប់​គ្នា​នោះ ហេតុ​នេះ​ហើយ​ទើប​មាន​សត្វ​ព្រៃ​ខ្លះ​បាន​បាត់​ចេញ​ពី​ព្រៃ​ក្បែរ​តំបន់​អ្នក​ភូមិ​រស់​នៅ ៖ "ពី​មុន​មក​មិន​ដឹង​បាត់​បង់​មក​ពី​មូល​ហេតុ​អី្វ។ មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​មាន​តែ​កើន​ចំនួន យើង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ហ្នឹង​យើង​ធ្វើ​បាន​ល្អ​ហើយ ការ​កាប់​រាន​ដី​ព្រៃ​ហ្នឹង​វា​អត់​មាន​ទេ អ៊ីចឹង​វា​អត់​ផ្អើល​ទេ។ ផ្ទៃ​ដី​រក​ចំណី​ទី​ជម្រក​របស់​វា​ធំ​ទូលាយ។ ព័ត៌មាន​ខ្លារខិន​វា​ច្រើន។ ឥឡូវ​យើង​បាន​សិក្សា​ពី​ដំរី ហើយ​របាយ​ការណ៍​ពី​ដំរី​អត់​ទាន់​ចប់ ហើយ​ខ្លារខិន​ក៏​យើង​វិភាគ​តាម​ក្រឡា​ដែរ យើង​ដាក់​កាមេរ៉ា"

របាយ​ការណ៍​ស្រាវជ្រាវ​របស់​ក្រុម​មន្ត្រី​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សត្វ​ដំរី​ប្រមាណ​ពី​មួយ​រយ​ទៅ​មួយ​រយ​ចិត​សិប​ក្បាល កំពុង​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។