ប៉ុន្តែដោយសារការធ្វើបាតុកម្មនោះមិនសូវមានការចាប់អារម្មណ៍ពីសាធារណជន និងមិនមានការដោះស្រាយដោយអាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកវិធីតវ៉ាផ្សេង ដោយប្រមូលផ្តុំមនុស្សបិទផ្លូវជាតិ។ ការតវ៉ាដោយយកការបិទផ្លូវជាតិដើម្បីសម្ដែងមតិនោះ អាចមានទោសតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិក្នុងការតវ៉ាសម្ដែងមតិចំពោះអ្វីដែលមិនពេញចិត្ត និងសុំឲ្យមានដំណោះស្រាយ។ រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា មាត្រា៣៧ បានចែងថា សិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តក្នុងក្របខណ្ឌច្បាប់។
ច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី មាត្រា៤ បានចែងថា បាតុកម្មដោយសន្តិវិធីសំដៅលើការប្រមូលផ្ដុំគ្នា ឬការដង្ហែក្បួនដោយមនុស្សមួយក្រុម ដើម្បីទាមទារ តវ៉ា ឬសម្ដែងជាសាធារណៈ មនោសញ្ចេតនា គំនិត ឬឆន្ទៈ របស់ក្រុមខ្លួន តាមរូបភាព ឬមធ្យោបាយផ្សេងៗ ដោយសន្តិវិធី។
ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីបានចែងថា ច្បាប់នេះមានគោលបំណងធានាការពារសេរីភាពខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរតាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែមិនត្រូវឆ្លៀតប្រើសិទ្ធិនេះដោយរំលោភច្បាប់ នាំឲ្យប៉ះពាល់សិទ្ធិសេរីភាព និងកិត្តិយសរបស់អ្នកដទៃ ប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គមជាតិ ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិឡើយ។
ប្រជាពលរដ្ឋមួយរូបរស់នៅខេត្តកំពង់ស្ពឺ សុំមិនចេញឈ្មោះ ដែលធ្លាប់បានចូលរួមក្នុងបាតុកម្មតវ៉ាបិទផ្លូវជាតិលេខ៤ កន្លងមក បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើបាតុកម្មបិទផ្លូវជាតិនេះ ដោយសារក្រុមហ៊ុនឯកជនបានមករំលោភយកដីប្រជាពលរដ្ឋដោយអាងអំណាច ហើយអាជ្ញាធរមិនបានដោះស្រាយឲ្យ។ ដូច្នេះប្រជាពលរដ្ឋមិនដឹងធ្វើម៉េចឲ្យអាជ្ញាធរដោះស្រាយជួយទប់ស្កាត់កុំឲ្យគេយកត្រាក់ទ័រមកឈូសដំណាំចោល មានតែធ្វើបាតុកម្មបិទផ្លូវជាតិ ៖ "ការបិទផ្លូវនេះឬ? បាទភ័យទេតើ យើងដឹងថាយើងខុសច្បាប់។ សុំជម្រាបយោបល់ថា វាអស់ជម្រើស បើយើងមិនធ្វើអ៊ីចឹង។ ធ្វើនេះធ្វើឲ្យបងប្អូន អ្នកធ្វើដំណើរគេដឹងថា អ្នករំលោភនេះ វាដោយបំពាន។ រំលោភនេះ វាខុសច្បាប់តែម្ដង។ បើយើងមិនធ្វើអ៊ីចឹង គេមិនផ្អើលមិនដឹង"។
លោក យី សុខសាន ជាអ្នកអង្កេតការ និងឃ្លាំមើលការពារសិទ្ធិមនុស្សខាងដីធ្លី នៅអង្គការអាដហុក បានឲ្យដឹងថា ការរំលោភយកដី និងការចាប់ចង ចោទប្រកាន់តំណាងប្រជាពលរដ្ឋ បានធ្វើឲ្យកើតមានការធ្វើបាតុកម្មបិទផ្លូវជាតិនានាកន្លងមក ៖ "ការធ្វើទាមទារអ៊ីចឹង បើយើងនិយាយពីផ្លូវច្បាប់ វាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ គាត់យល់។ តែគាត់ចង់ឲ្យសាធារណជនដែលប្រើប្រាស់ផ្លូវសាធារណៈបានដឹង ឃើញថាពួកគាត់នឹងទទួលភាពអយុត្តិធម៌ពីការមិនដោះស្រាយ។ អានេះខ្ញុំមើលឃើញថា វាខុសច្បាប់ហើយ តែគាត់វាមិនដឹងថាធ្វើម៉េច។ ទី៣ គាត់ធ្វើហ្នឹងដោយសារអាជ្ញាធរហ្នឹង គាត់អសមត្ថភាពក្នុងការដោះស្រាយជូនពួកគាត់ដែរ"។
ប៉ុន្តែការធ្វើបាតុកម្មដោយបិទផ្លូវជាតិ ត្រូវមានទោស។ ពីព្រោះការធ្វើបាតុកម្មដោយមានការបិទផ្លូវជាតិធ្វើដំណើរនោះ មិនមែនជាបាតុកម្មដោយសន្តិវិធីទេ។ សកម្មភាពនោះគេហៅថាកុបកម្ម។
លោកមេធាវី សុក សំអឿន ជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា។ លោកបានមានប្រសាសន៍ថា កុបកម្មត្រូវមានទោសតាមក្រមព្រហ្មទណ្ឌ ៖ "ក្រមព្រហ្មទណ្ឌ វាមានវិសាលភាពទូទៅ។ ពីព្រោះនៅក្នុងនោះ គេនិយាយអំពីការមានទោសដោយសារកុបកម្មរាំងផ្លូវអីនោះ។ គេអាចយកអាហ្នឹងមកប្រើបាន"។
ក្រមព្រហ្មទណ្ឌ មាត្រា៤៥៦ បានចែងអំពីនិយមន័យនៃពាក្យកុបកម្មថាគឺជាអំពើហិង្សាជាសមូហភាព ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឲ្យមានការប៉ះពាល់ដល់បូរណភាពដែនដីជាតិ។
ចំពោះទោសដោយសារការធ្វើកុបកម្ម មាត្រា៤៥៧ នៃក្រមព្រហ្មទណ្ឌបានចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ទៅ១៥ឆ្នាំ។ អំពើចូលរួមចលនាកុបកម្ម មានដូចតទៅ៖ ១ ដោយសាងសង់គ្រឿងរាំងផ្លូវ គ្រឿងការពារ ឬដោយធ្វើការងារដែលមានគោលបំណងរារាំងសកម្មភាពកម្លាំងសាធារណៈ។ ២ ដោយកាន់កាប់អគារ ឬឋបនីយភណ្ឌដោយកម្លាំង ឬដោយកលល្បិច។ ៣ ដោយបំផ្លិចបំផ្លាញអគារ ឬឋបនីយភណ្ឌ។ ៤ ដោយរ៉ាប់រងការដឹកជញ្ជូន ឬការផ្គត់ផ្គង់ព័ស្តុភារឲ្យកុបករ។ ៥ ដោយញុះញង់ដោយផ្ទាល់ឲ្យមានការប្រមូលផ្ដុំកុបករ។ ៦ ដោយមានការកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។ ៧ ដោយតាំងខ្លួនជំនួសអាជ្ញាធរស្របច្បាប់។
ចំពោះជនណាដែលត្រូវចោទប្រកាន់ពីបទដឹកនាំកុបកម្មតាមមាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ បានចែងថាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២០ឆ្នាំ ទៅ៣០ឆ្នាំ។
ទោះបីជាមាត្រាច្បាប់នានាបានចែងផ្តន្ទាទោសធ្ងន់ធ្ងរចំពោះការធ្វើបាតុកម្មបិទផ្លូវក៏ដោយ ក៏បុគ្គលិកអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ឲ្យដឹងថា ការបិទផ្លូវកន្លងមកនោះ មិនមានបំណងផ្ដួលរំលំរដ្ឋអំណាចអីនោះទេ។ សកម្មភាពបិទផ្លូវនោះ ដើម្បីសុំឲ្យអ្នកមានសមត្ថកិច្ចមកដោះស្រាយបញ្ហាប្រជាពលរដ្ឋកំពុងជួបគ្រោះភ័យដោយសារបាត់បងដីធ្លីតែប៉ុណ្ណោះ ៖ "តាមការសង្កេតរបស់ខ្ញុំទៅ ពួកគាត់គាត់គិតថា ការតវ៉ាកន្លងមកនេះ គឺការស្វែងរកដំណោះស្រាយសម្រាប់ពួកគាត់ គឺវាមិនសូវមានប្រសិទ្ធភាព។ ដល់អ៊ីចឹងទៅ ជាជម្រើសចុងក្រោយរបស់គាត់ គឺការបិទផ្លូវនេះ ហើយបើទោះបីជាវាប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក៏ដោយ គាត់គិតថា អានេះវាជាចំណាប់អារម្មណ៍មួយសម្រាប់ឲ្យរាជរដ្ឋាភិបាល អាជ្ញាធរធ្វើការចរចាជាមួយគាត់ និងមានការដោះស្រាយជាមួយគាត់"។
លោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរី! បើលោកអ្នកនាងមានចម្ងល់ផ្សេងៗ ទាក់ទងបញ្ហាច្បាប់ សូមទូរស័ព្ទមកទាក់ទងនាទីច្បាប់តាមលេខ ០១៦ ២៦ ១២ ៧៣។ សូមអរគុណ៕
