ទឹក​ចិត្ត​ឪពុក​ម្ដាយ

ដោយ ហំ ប៉ោវ៉ិញ

(បទ​ពាក្យ​៧)

១. គ្រប់​ឪពុក​ម្ដាយ​ចំណាយ​ធន ការងារ​ស្រាល​ធ្ងន់​មិន​ត្អូញត្អែរ
ចិត្ត​ចង់​ឲ្យ​កូន​រៀន​ពូកែ ស័ក្ដិសម​កូន​ខ្មែរ​អ្នក​ល្បាញ​ល្បី។

២. ម៉ែ​ឪ​ទាំង​ទ្វេ​គ្មាន​ចំណេះ ចង់​ឲ្យ​កូន​ចេះ​មាន​រស្មី
ខ្លាច​កូន​ល្ងឹតល្ងង់​ល្ងើ​អប្រិយ ខំ​ប្រដៅ​ស្ដី​ឲ្យ​កូន​ល្អ។

៣. តែ​បែរ​កូន​ខ្លះ​ខ្លៅ​មិន​ដឹង គន់​គិត​ប្រែង​ប្រឹង​ព្រើល​ឈ្លោះ​ត
គ្មាន​ស្គាល់​គុណ​ទោស​ខ្មៅ​ឬ​ស រក​រឿង​បង្ក​កើត​ជម្លោះ។

៤. ផឹក​ស៊ី​ស្រី​ញី​ញៀន​នឹង​ល្បែង មិន​គិត​កោត​ក្រែង​ដល់​កេរ្តិ៍​ឈ្មោះ
ដើរ​លេង​ប៉ោឡែ​នាំ​អាប់​យស បែក​ឈាម​របួស​រស់​ពិការ។

៥. ទឹក​ចិត្ត​ម៉ែ​ឪ​នៅ​តែ​គិត ទោះ​កូន​ប្រព្រឹត្ត​ខុស​យ៉ាង​ណា
មិន​បោះ​បង់​កូន​នៅ​មេត្តា ថិត​ថែរក្សា​សែន​ស្ងួន​ភ្ងារ។

៦. កាត់​ទឹក​មិន​ដាច់​សាច់​មិន​បង់ នៅ​តែ​តម្រង់​កូន​គ្រប់​គ្នា
ឲ្យ​តែ​កូន​សុខសាន្ត​សោភា ទោះ​ខ្លួន​ឈឺ​ជា​ក៏​មិន​ថា។

៧. នេះ​ហើយ​ទឹក​ចិត្ត​ឪពុក​ម្ដាយ ហ៊ាន​លះ​បង់​កាយ​បង់​សង្ខារ
ព្រោះ​ដើម្បី​កូន​គ្រប់​រូបា អ្នក​ជា​ទេពតា​រក្សា​យើង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។