នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនារាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពិភាក្សា អំពី «ភាពមិនប្រក្រតី និងការអនុវត្តស្តង់ដារពីរជុំវិញសំណុំរឿងយុវជន យិន ហេង ឬចំប៉ីខ្មៅ ពាក់ព័ន្ធនឹងការប្រមាថជាតិសាសន៍ខ្មែរ»។
វាគ្មិនកិត្តិយស៖ បណ្ឌិត ហៀង រិទ្ធិ អ្នកជំនាញផ្នែកច្បាប់ និងលោក នី សុខា ប្រធានផ្នែកអង្កេតសិទ្ធិមនុស្ស នៃសមាគម អាដហុក (ADHOC) ដែលលោកទាំងពីរចូលរួមតាមប្រព័ន្ធទូរស័ព្ទពីកម្ពុជា។
យុវជន យិន ហេង ដែលមហាជនទូទៅស្គាល់តាមបណ្តាញសង្គម ហ្វេសប៊ុក ថា «ចំប៉ីខ្មៅ» ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៦ កុម្ភៈ ក្រោមបទចោទថា ញុះញង់ឲ្យមានការរើសអើង ស្របតាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ យុវជនរូបនេះ ប្រឈមមុខនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តិកំហុសមែន។
ការចោទប្រកាន់យុវជន «ចំប៉ីខ្មៅ» នេះ ធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បង្ហោះវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៤ កុម្ភៈ ជេរប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានបុរស ៣នាក់ បានប្រើអំពើហិង្សាវាយក្បាលយុវជននេះ។ វីដេអូជេរប្រមាថរបស់ចំប៉ីខ្មៅនេះ នាំឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បើទោះជាយុវជនរូបនេះ ក្រោយមកបានបង្ហោះសារវីដេអូសុំទោសយ៉ាងណាក្តី។ សមត្ថកិច្ចក្រុងភ្នំពេញ ឃាត់ខ្លួនយុវជនរូបនោះបញ្ជូនទៅតុលាការកាលពីថ្ងៃទី៥ កុម្ភៈ។ ក្រោយពីការចាប់ខ្លួនយុវជននេះ សមត្ថកិច្ចក្រុងភ្នំពេញ បានអនុញ្ញាតឱ្យក្រុមអ្នកកាសែត ក្រុមប៉ូលិស និងក្មួយលោក ហ៊ុន សែន ឈ្មោះ ហ៊ុន ជា ដែលសង្ស័យថា ចេញពីពន្ធនាគារមុនកាលកំណត់ អង្គុយទល់មុខដោយយកដៃចង្អុលមុខជនសង្ស័យ សួរចម្លើយជាសាធារណៈថតបង្ហោះផ្សាយផ្ទាល់តាមបណ្ដាញសង្គម។ លោក ហ៊ុន ជា មិនមែនមន្ត្រីសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលត្រូវសួរចម្លើយជនសង្ស័យនោះទេ។ លោក ហ៊ុន ជា អះអាងថា លោក មិនពេញចិត្ត នឹងទង្វើជេរប្រមាថជាតិសាសន៍ខ្មែរ របស់យុវជននេះ ហើយលោកធ្វើនេះ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប។ បញ្ហានេះ រងការរិះគន់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្សថា ជាទង្វើរំលោភសិទ្ធិជនសង្ស័យ ដែលត្រូវបានការពារតាមផ្លូវតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។