អង្គការសង្គមស៊ីវិលទាំងនោះរួមមាន អង្គការលីកាដូ អាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន និងសមាគមអ្នកសារព័ត៌មានកម្ពុជា ហៅថា ខេមបូចា ជាដើម នៅថ្ងៃទី២១ឧសភា បានចេញសេចក្ដីថ្លែងការណ៍រួម ដោយព្រួយបារម្ភយ៉ាងខ្លាំងអំពីការចាប់ខ្លួនលោក អ៊ុក ម៉ៅ ថាជារឿងមិនត្រឹមត្រូវឡើយ។
របាយការណ៍បញ្ជាក់ថា លោក អ៊ុក ម៉ៅ ជាសកម្មជន និងអ្នកសារព័ត៌មាន ដ៏ក្លាហានម្នាក់ ដែលហ៊ានលាតត្រដាង អំពីបទល្មើសព្រៃឈើ ដែលអ្នកពាក់ព័ន្ធមានតួនាទីជាមន្ត្រីមានអំណាច។ ដូច្នេះ ការចាប់ខ្លួន លោក អ៊ុក ម៉ៅ គឺជាផ្នែកមួយនៃការបំបិទសំឡេង អ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាននៅកម្ពុជា ដែលបានលាតត្រដាងពីបទល្មើសធនធានធម្មជាតិ។
លោក អ៊ុក ម៉ៅ អាយុ៤៩ឆ្នាំ ជាសកម្មជនការពារព្រៃឈើ អ្នកសារព័ត៌មាន «ឥន្ទ្រីផ្លាសញ៊ូ» និងជាមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលមួយឈ្មោះថា ដើម្បីកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ឧសភាថា ការចាប់ខ្លួនលោក អ៊ុក ម៉ៅ នេះនឹងធ្វើឱ្យរដ្ឋាភិបាលរងការរិះគន់កាន់តែខ្លាំងពីសហគមន៍អន្តរជាតិរឿងការរឹតត្បិតសិទ្ធិសេរីភាព របស់សកម្មជនការពារព្រៃឈើ និងអ្នកសារព័ត៌មាន។
ការចាប់ខ្លួនលោក អ៊ុក នេះដូចជាមិនមានការផ្ដល់ចំណេញណាមួយដល់កម្ពុជាទេ ពីព្រោះផ្ទុយទៅវិញមានការរិះគន់ជាបន្តបន្ទាប់។ហើយបើយើងមើលទៅលើសកម្មភាពកន្លងមក សារព័ត៌មានបរទេសក៏បានចុះផ្សាយអំពីបទល្មើសព្រៃឈើ តាមរយៈការរាយការណ៍របស់លោកអ៊ុក ម៉ៅនឹងផងដែរ»។ ហើយចំណុចនេះគេអាចនឹងផ្សារភ្ជាប់ ហើយនឹងមើលឃើញថាដោយសារសកម្មភាពសកម្មរបស់លោក អ៊ុក ម៉ៅ នឹងបានមានការចោទប្រកាន់នឹងការចាប់ខ្លួន។
— លោក អំ សំអាត
សមត្ថកិច្ចខេត្តស្ទឹងត្រែងបានចូលចាប់លោក អ៊ុក ម៉ៅ ដល់ក្នុងផ្ទះទាំងគ្មានសម្លៀកបំពាក់សមរម្យ និងមិនបានបង្ហាញដីកា ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះ ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី១៦ ខែឧសភា។ តុលាការបានចោទប្រកាន់លោក អ៊ុក ម៉ៅ ពីបទញុះញង់និងបទបរិហារកេរ្តិ៍ដែលលោកប្រឈមជាប់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀត។ សកម្មជនការពារព្រៃឈើរូបនេះមានបណ្ដឹង ចំនួន១៥ករណីនៅតុលាការខេត្តស្ទឹងត្រែង ដែលដើមបណ្ដឹងជាមន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធ។
ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរពាក់ព័ន្ធឈប់ធ្វើទុក្ខបុកម្នេញ លោក អ៊ុក ម៉ៅ និងអ្នកសារព័ត៌មានផ្សេងទៀតដែលរាយការណ៍អំពីបញ្ហាបរិស្ថាន និងជម្លោះដីធ្លីរបស់ពលរដ្ឋ។បន្ថែមពីនេះរដ្ឋាភិបាលគួរតែស៊ើបអង្កេតដោយឯករាជ្យចំពោះអំពើហិង្សាពីសំណាក់មន្ត្រីពាក់ព័ន្ធមកលើលោក អ៊ុក ម៉ៅ កាលពីថ្ងៃទី២៤ខែមីនាកន្លងទៅ ហើយធានាសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មានដោយស្របតាមរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។