អតីតគ្រូបង្រៀននៅសាលាអូរបែកក្អម ក្រុងភ្នំពេញ មួយរូបត្អូញថា ភាសាខ្មែរឥឡូវនេះកំពុងតែច្របូកច្របល់ខ្លាំងណាស់ មានការសរសេរអក្សរខុសច្រើន សូម្បីតែមន្រ្តីរាជការនិងក្រុមនិស្សិត ៖ «បោះហើយនិងបោសខុសគ្នា។ បោសសំរាមយើងសរសេរ ប ោ ស បោស ។ ពេលដែលទស្សនិកជនគេមើលទៅលើការសរសេរខុសហ្នឹងហើយ ពេលហ្នឹងគេប្រាកដជាយកតាម អូ!អានេះផ្សាយតាមទូរទស្សន៍ផងសរសេរអ៊ីចឹង អ៊ីចឹងអាហ្នឹងប្រាកដជាត្រូវអ៊ីចឹងហើយ»។
បើសិនលោកអ្នកដើរកម្សាន្តនិងសម្លឹងមើលទីក្រុងភ្នំពេញដែលជាកន្លែងប្រមូលផ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនិងក្រសួងមន្ទីរធំៗនៅកម្ពុជា លោកអ្នកនឹងប្រទះឃើញផ្លាកយីហោជាច្រើនស្ទើរតែលែងប្រើភាសាខ្មែរទៅហើយ បែរជាជំនួសដោយភាសាអង់គ្លេសទៅវិញ ឧទាហរណ៍ដូចជាហាងរចនារូបថត គេឈប់សរសេរថា ហាងរចនារូបទៀតហើយ គេបានសរសេរអក្សរខ្មែរធំៗថា កុំមឺសល អាត ហាងលក់ដូរនំនែក គេដាក់ថា អប្សរា កូនីកា សប។ កន្លែងខ្លះទៀតដាក់ថា ហ្វាសណែត ក្រុមហ៊ុនខ្លះដាក់ថា ក្រុមហ៊ុន អប្សរា ប៊ីសីនេស សេនធឺ ហាងវែនតា គេបានដាក់ថា អាយឃែរ ឬកន្លែងជួបជុំខ្លះទៀតគេសរសេរថា រីវើស្ត្រីត កម្ពុជា អាឡា ត្រាវែល ខាំបូឌា សុខសាន្ត ហ្គេសហោស ភីសា ហៅ ឬ ល្វីសាណា ហ្វ្រាយ ឈីកែន។
អ្នកគ្រូសាលាអូរបែកក្អមបន្ថែមទៀតយ៉ាងដូច្នេះ ៖ «ស្លាកយីហោហ្នឹងជួនកាលគេថាឡូយដែរ ព្រោះប្រើពាក្យបរទេសយកមកដាក់ទាំងដុលៗ ដូចថាពាក្យថា Center, Fried Chicken អ៊ីចឹងវាឡូយ ហើយជួនកាលអ្នកខ្លះអត់ចេះផង Fried Chicken , Center អ៊ីចឹងទៅដែរទៅ។ បើសិនណាជាយើងនៅតែរក្សាតែរបៀបរបបបែបហ្នឹងតទៅទៀតអត់មានការត្រួតពិនិត្យឲ្យត្រឹមត្រូវនៅពេលដែលសរសេរស្លាកយីហោសរសេរអីអ៊ីចឹងទៅ អាហ្នឹងអក្សរសាស្ត្រជាតិប្រហែលជានឹងជួបបញ្ហា»។
អ្នករត់ម៉ូតូឌុបអាយុ៣២ឆ្នាំថ្លែងថា លោកមិនយល់សោះ មិនដឹងហាងនោះឈ្មោះអីឬលក់ដូរអ្វីសោះឡើយ នៅពេលដែលគេដាក់អក្សរខ្មែរជាភាសាអង់គ្លេសដូច្នេះ។
មនុស្សចាស់និងអ្នកស្រែចម្ការបានត្អូញពីរឿងនេះ ប៉ុន្តែក្រុមយុវវ័យវិញមិនជំទាស់នឹងបញ្ហានេះឡើយ ពីព្រោះគេគិតថា ការសរសេរនិងការនិយាយស្តីដោយប្រើភាសាបរទេសជំនួសភាសាខ្មែរក្លាយជារឿងទាន់សម័យសម្រាប់ពួកគេ។
លោក មាច ប៉ុណ្ណ អាយុប្រហែល៨០ឆ្នាំ សមាជិកគណៈកម្មការអក្សរសាស្រ្តខ្មែរនៃពុទ្ធសាសនបណ្ឌិត មានប្រសាសន៍ថា ជួនកាលលោកមិនយល់ទាំងការសន្ទនារបស់យុវជនសម័យបច្ចុប្បន្ននេះទៅទៀត។
លោករិះគន់ថា ការប្រើប្រាស់អក្សរសាស្រ្តខ្មែរនាពេលបច្ចុប្បន្នកំពុងតែធ្វើឡើងយ៉ាងអនាធិបតេយ្យ ពាក្យពេចន៍និយាយខុសឃ្លាប្រយោគ មិនត្រឹមត្រូវតាមក្បួនវេយ្យករណ៍ ហើយជួនកាលគ្មានសុជីវធម៌និងគ្មានសេចក្តីថ្លៃថ្នូរឡើយ។
លោក មាច ប៉ុណ្ណ បានបញ្ជាក់ថា ៖ «ការប្រើភាសាហ្នឹងខ្ញុំឃើញថា វាមិនសូវមានរបៀបទេ។ ឧទាហរណ៍ថា ពាក្យចេញថ្មីៗ អរគុណធំៗអ៊ីៗហ្នឹង គឺពាក្យខ្ញុំមិនដែលឮ។ ពាក្យហ្នឹងខ្មែរហើយ ប៉ុន្តែទម្រង់បែបបទ រចនាបទវាអត់មានខ្មែរ ព្រោះខ្មែរយើងអត់មានអរគុណធំៗអត់មានសោះ ដល់ឮចូលពាក្យអ៊ីចឹងទៅ ចង់រហែកក្រដាសត្រចៀកខ្ញុំហ្នឹងមួយ។ មួយទៀតពួកទំនាក់ទំនង ទំនាក់ទំនងហ្នឹងគេប្រើជានាម ក្លាយមកពីកិរិយាស័ព្ទទាក់ទង យកពាក្យទំនាក់ទំនងជានាមហ្នឹងធ្វើជាកិរិយាស័ព្ទវិញ។ បើអស់លោកចង់ជ្រាបច្បាស់សូមអញ្ជើញទំនាក់ទំនងជាមួយអង្គការណាអ៊ីចឹងទៅ។ នេះជាការងាររបស់គណៈកម្មាធិការជាតិដែរ ត្រូវមើលអាហ្នឹងជាបន្ទាន់។ ខ្ញុំឃើញការសរសេរ ការដាក់ហ្នឹងហាក់ដូចជាមើលងាយពាក្យខ្មែរយើង ហាក់ដូចជាមិនពីរោះ មិនខ្ពង់ខ្ពស់»។
ជុំ សុភ័ក្ត្រ មន្រ្តីកម្មវិធីអភិវឌ្ឍន៍យុវជនបន្ថែមអំពីរឿងនេះ ៖ «ជាក្ដីបារម្ភរបស់ខ្ញុំតែម្ដង បច្ចុប្បន្ននេះខ្ញុំបារម្ភថា អក្សរសាស្រ្ដខ្មែរយើងនឹងមានការធ្លាក់ចុះបន្តិចម្ដងៗដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសនៅក្នុងសង្គមអ្នកដែលធ្វើការគឺគាត់បានប្រើប្រាស់ពាក្យបរទេសក្នុងការនិយាយជំនួសជាភាសាខ្មែរវិញ។ ឧទាហរណ៍ថា យើងនឹងផ្ញើសំបុត្រទៅខាងនេះ យើងលែងប្រើពាក្យផ្ញើហើយ យើងប្រើពាក្យ Send ច្រើនមែនទែន។ ពាក្យថា ស្រណុកសុខស្រួល យើងលែងប្រើហើយជាពិសេសភាសានិយាយ យើងប្រើទៅជា Comfortable អីអ៊ីចឹង។ អ៊ីចឹងហើយអក្សរសាស្រ្ដខ្មែរដែលដូនតាខំកសាងទុករាប់ពាន់ឆ្នាំមកហើយ ហើយមកដល់ពេលនេះយើងទាំងអស់គ្នាត្រូវតែធ្វើម៉េចរួមគ្នា គឺអភិរក្សនិងអភិវឌ្ឍភាសាហ្នឹង មានន័យថា យើងត្រូវចេះភាសាហ្នឹង ប្រើប្រាស់ឲ្យចំពាក្យ សរសេរឲ្យត្រូវពាក្យ ឲ្យត្រូវឃ្លាឃ្លោងប្រយោគនៃពាក្យបែបបទរបស់ខ្មែរហ្នឹង»។
ការត្អូញត្អែរចំពោះការធ្លាក់ចុះនៃអក្សរសាស្រ្តខ្មែរ ទាំងផ្នែកសន្ទនា ប្រើឃ្លាប្រយោគមិនត្រឹមត្រូវ ការសរសេរខុស ការប្រើពាក្យពេចន៍ខ្មែរដែលមានស្រាប់ បែរទៅជាជំនួសប្រើភាសាអង់គ្លេស ត្រូវបានសមាគមគ្រូបង្រៀននិយាយរិះគន់ធ្ងន់ធ្ងរថា មកពីខ្មែរបច្ចុប្បន្នមិនមានមោទនភាពចំពោះអ្វីដែលជារបស់ខ្លួន ដោយយល់ថាទាល់តែប្រើភាសាគេទើបថ្លៃថ្នូរទៅវិញ។
អគ្គលេខាធិការសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា លោក ឡេង ប៊ុនហុង អះអាងយ៉ាងដូច្នេះ ៖ «ខ្ញុំគិតថាទាំងអស់នេះគឺមកពីសង្គម ជាពិសេសមកពីថ្នាក់ដឹកនាំ ពីរដ្ឋាភិបាល។ បើគាត់ខ្លួនឯងមិនឲ្យតម្លៃលើអក្សរសាស្រ្ដខ្មែរ វប្បធម៌ខ្មែរ ជាហេតុធ្វើឲ្យក្មេងៗ យុវជន យុវវ័យអីហ្នឹង គឺថាមិនចង់ប្រើប្រាស់ភាសាខ្មែរខ្លួនឯង ដោយសារការទំនាក់ទំនងពីមួយទៅមួយ ស្ទើរតែគេហៅថាការទំនាក់ទំនងជាអន្តរជាតិ យើងឃើញថា អក្សរសាស្រ្ដដែលគេប្រើប្រាស់ជាភាសាអង់គ្លេស ហើយភាសាខ្មែរយើងបានតែប្រើនៅក្នុងស្រុក។ យើងខំពង្រីកឥទ្ធិពលនៃអក្សររបស់យើង ចង់និយាយថា ពេលដែលអ្នកឯងចូលមក អ្នកឯងត្រូវតែរៀនភាសាខ្មែរយើងដែរ។ វាច្របូកច្របល់គ្នា បើសិនជាលុយវិញមិនដឹងជាលុយស្អីខ្លះទេអាចចាយបានទាំងអស់ អ៊ីចឹងទៅធ្វើឲ្យអក្សរសាស្រ្ដខ្មែរយើងហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានលក្ខណៈមួយគឺថាបាត់បង់ឥទ្ធិពលរបស់ខ្លួន»។
ភាគច្រើននៃអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរកំពុងបារម្ភពីរឿងនេះ។ សមាជិកគណៈកម្មការអក្សរសាស្ត្រ លោក មាច ប៉ុណ្ណ បញ្ជាក់ថា លោកនឹងលើកយកបញ្ហានេះមកជជែក ហើយលោកគ្រោងនឹងបង្កើតជាក្រុមដើម្បីត្រួតពិនិត្យរឹតបន្តឹងតាមដានមើលការសរសេរផ្លាកយីហោផ្សេងៗ៕
