ប្ដី​ប្រពន្ធ​នៅ​ខេត្ត​ព្រៃវែង​លែងលះ​គ្នា​ដោយ​ពុះ​ចែក​ផ្ទះ​ជា​ពីរ

រឿង​ដ៏​គួរ​ឲ្យ​ចម្លែក​មួយ បាន​កើត​ឡើង​នៅ​ខេត្ត​ព្រៃវែង ដោយ​មាន​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​សម្រេច​ចិត្ត​ពុះ​ផ្ទះ​ចែក​ជា​ពីរ​នៅ​ពេល​ដែល​ពួក​គេ​សម្រេច​លែង​លះ​គ្នា។

0:00 / 0:00

ចំណង​អាពាហ៍​ពិពាហ៍​មួយ​ដែល​បាន​ចង​ភ្ជាប់​ស្រប​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​អស់​រយៈពេល ១៨​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ ត្រូវ​បាន​កាត់​ផ្តាច់​ទៅ​វិញ​ដោយ​ពុំ​ចាំបាច់​ពឹង​ប្រព័ន្ធ​ច្បាប់ ព្រោះ​សាម៉ី​ខ្លួន​ទាំង​សងខាង​សម្រេច​ចិត្ត​ពុះ​ចែក​គេហដ្ឋាន​ដែល​ពួក​គេ​ធ្លាប់​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​នោះ​ជា​២​ចំណែក​ដើម្បី​ជា​ចំណង​ដៃ​នៃ​ការចែក​ផ្លូវ​គ្នា​នេះ។

ព្រឹត្តិការណ៍​ដ៏​ចម្លែក​នេះ បាន​កើត​ឡើង​នៅ​ឯ​ភូមិ​ដាច់​ស្រយាល​មួយ​ឈ្មោះ​ថា ភូមិជាច ស្ថិត​នៅ​ក្នុង​ឃុំ​ជាច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ដែល​មាន​ចម្ងាយ​ប្រមាណ ៤៨ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ព្រៃវែង និង​ប្រមាណ ១៣៩​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។

មូលហេតុ​ដើម​ដែល​នាំ​ទៅ​ដល់​ការ​ប្រេះស្រាំ​ចំណង​អាពាហ៍​ពិពាហ៍​រហូត​មាន​ការ​ពុះ​ចែក​គេហដ្ឋាន​គ្នា​នេះ​ពុំ​មាន​អ្វី​ជា​ធំ​ដុំ​នោះ​ទេ នេះ​បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ដែល​ជា​ភរិយា​ឈ្មោះ វ៉ាត ណាវី ក៏​ដូច​ជា​លោក​តា ហួន មឿន ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់ ហួន សារឹម ស្វាមី​របស់​អ្នកស្រី វ៉ាត ណាវី បាន​រៀបរាប់​នោះ។

អ្នកស្រី វ៉ាត ណាវី ភរិយា​របស់ ហួន សារឹម បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទាំង​ទឹក​មុខ​ស្រពាប់​ស្រពោន​ថា ថ្វី​ត្បិត​តែ​មាន​ទំនាស់​គ្នា​បន្តិច​បន្តួច​តែ​តាម​ពិត​ប្តី ប្រពន្ធ​អ្នកស្រី​ពុំ​មាន​គំនិត​ចង់​លែង​លះ​គ្នា​នោះ​ទេ តែ​មក​ពី​គ្រួសារ​ខាង​ប្តី​បង្ខំ ឯ​ប្តី​អ្នកស្រី​ជា​កូន​កត្តញ្ញូ ទើប​កើត​មាន​ការ​លែងលះ​គ្នា​យ៉ាង​ដូច្នេះ។

អ្នកស្រី វ៉ាត ណាវី ថ្លែង​រៀងរាប់​ដូច្នេះ​ថា ៖ «បើ​តាម​តែ​ប្ដី​ប្រពន្ធ វា​មិន​ស្អី​ប៉ុន្មាន​ទេ ម៉ែ​ឪ​បង​ប្អូន​គេ​ទេ គេ​អ្នក​ខ្លាំង។ ដល់​រួច​ទៅ​គេ​ធ្វើ​ពាក្យ​សុំ​លែង​ខ្ញុំ គេ​មិន​អាច​រស់នៅ​ជាមួយ​ខ្ញុំ​ទៀត។ ខ្ញុំ​អត់​មាន​លែង​គេ​ទេ​ពី​ដំបូង តែ​គេ​ដាច់​អហង្ការ​លែង ដាក់​អហង្ការ​ថា​លែង ខ្ញុំ​ក៏​លែង​ទៅ ប៉ុន្តែ​បែង​ចែក​ទ្រព្យ​សម្បត្តិ។ ដល់​រួច​ទៅ​ខ្ញុំ​ចាញ់​គេ គេ​ឡឹប​ម៉ូតូ​បាត់​ទៅ ពុះ​ផ្ទះ​មួយ​ចំហៀង ហើយ​ម៉ូតូ​ក៏​បាន​ទៅ​គេ ចេញ​ឲ្យ​គេ​អស់ ២​លាន ៤០​ម៉ឺន​រៀល​ទៀត គោ​ក៏​គេ​យក យក​គ្មាន​សល់​អី​ទេ»

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ហួន សារឹម ស្វាមី​របស់​អ្នកស្រី វ៉ាត ណាវី បាន​ទេ ដោយ​លោកតា ហួន មឿន ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​លោក ហួន សារឹម បាន​អះអាង​ថា កូន​របស់​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​ជាមួយ​គ្រូ​ឱសថ​បូរាណ​នៅឯ​ខេត្ត​ស្វាយរៀង ព្រមទាំង​អះអាង​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា លោក​តា​អាច​ឆ្លើយ​ជំនួស​បាន។

លោកតា ហួន មឿន បាន​បដិសេធ​ការចោទ​ប្រកាន់​របស់​អ្នកស្រី វ៉ាត ណាវី ដែល​ជា​កូន​ប្រសារ។ លោកតា​មាន​ប្រសាសន៍​ដោយ​ពឹង​ផ្អែក​លើ​អបិយ​ជំនឿ​ថា ប្រការ​ដែល​កូន​ប្រុស​គាត់​មិន​មាត់​ក​ឬ​ទាមទារ​លែងលះ គឺ​មក​ពី​ត្រូវ​អំពើ​របស់​កូន​ប្រសារ​គាត់ គឺ​អ្នកស្រី វ៉ាត ណាវី។

លោកតា ហួន មឿន មាន​ប្រសាសន៍​ថា ៖ «ព្យាបាល​ម្ខាង​មក​ម្ខាង ត្រឡប់​ត្រឡិនៗ។ ឲ្យ​ពេទ្យ​មក​ចាក់ ចាក់ៗ​ហើម​ខ្លួន។ ហើម​គេ​អ្នក​ផ្ទះ គេ​ថា ធាត់ ខ្លួន​ឯង​ហើម ហើយ​យក​ទៅ​ពេទ្យ​ធំ យក​ទៅ​សួរ ទៅ​ពិនិត្យ ដល់​ពិនិត្យ​ទៅ វា​មាន​ឈាម​ស ឈាម​ក្រហម អាហ្នឹង​វា​មាន​កម្រិត​ខុស​គ្នា​ឆ្ងាយ ព្យាបាល​អាហ្នឹង​មួយ​គន្លាក់។ ព្យាបាល​ទៅ​ធូរ​ហើយ។ វាស់​ពិនិត្យ​អី​ទៅ ពេទ្យ​ថា ទេ​បើ​ជំងឺ​ហ្នឹង​អត់​ធូរ​ទេ អត់​ថយ​ទេ រក​ខាង​ក្រៅ​ទៅ កុំ​មក​រក​ពេទ្យ​ពេក ក្រែង​លោ​ទប់​មិន​ឈ្នះ។ បាន​រក​គ្រូ​ខ្មែរ​ម្ដង»

ប៉ុន្តែ អ្នកស្រី វ៉ាត ណាវី បាន​ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា បើ​តាម​វេជ្ជបណ្ឌិត​ម្នាក់​ដែល​អ្នកស្រី​មិន​ចាំ​ឈ្មោះ​នៅឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រៃវែង បាន​ប្រាប់​ថា ប្តី​អ្នកស្រី​មាន​ជំងឺ​មហារីក​ឈាម​ដែល​ជំងឺ​នេះ ជួនកាល​អ្នក​ជំងឺ​ហាក់​បាន​ធូរ​ស្បើយ ជួន​កាល​ដុន​ដាប។

អ្នកស្រី​បន្ត​ដោយ​ចោទ​ប្រកាន់​ថា ដោយ​ដឹង​ពី​ស្ថានភាព​ជំងឺ​របស់​កូន​ខ្លួន ឪពុក​ក្មេក​អ្នកស្រី​មាន​គំនិត​ចង់​បាន​ចំណែក​ផ្ទះ​សំបែង​និង​ដី​ធ្លី​ដែល​ជា​ញើស​ឈាម​រវាង​អ្នកស្រី​និង​ប្តី​មុន​ពេល​ដែល​ប្តី​អ្នកស្រី​ស្លាប់​ទៅ ៖ «ចំណុច​សំខាន់​បង​ប្អូន​វា ម៉ែ​ឪ​វា វា​ចង់​ចំណាយ​កូន​វា​មួយ​ចោល​ទៅ ដើម្បី​ដី​ភូមិ​ខ្ញុំ​ទេ»

មេឃុំ​ជាច លោក វង ម៉ន មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ពី​ជម្រៅ​នៃ​គំនិត​របស់​គ្រួសារ​អ្នកស្រី វ៉ាត ណាវី នោះ​ទេ។ ប៉ុន្តែ​លោក​ធ្លាប់​បាន​ហៅ​ពួកគេ​ទាំង​២ មក​ផ្សះផ្សា​ជា​ច្រើន​ដង ទី​បំផុត នៅ​តែ​ពុំ​អាច​ជៀសផុត​ពី​ការបែក​បាក់​ដែល​រហូត​ដល់​ការសម្រេច​ពុះ​ផ្ទះ​ជា ២​ចែក​ទ្រព្យ​គ្នា​ដោយ​ពុំ​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ។

លោក វង ម៉ន មាន​ប្រសាសន៍​ថា ៖ «រឿង​ម្ដង​ពីរ​ដង​បាន​លែង​បាន។ ផ្សះផ្សា​ហ្នឹង សម្រួល​មូល​គ្នា​វិញ​ទៅ បើ​ខុស​ឆ្គង​អី​ម៉េចៗ កុំ​ឲ្យ​វា​មាន​បញ្ហា​អី​ទៅ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ ខ្ញុំ​ថា ប្រយ័ត្ន​តែ​ស្ដាយ​ក្រោយ ហើយ​ម្យ៉ាង​កូន​វា​នៅ​តូចៗ ប៉ុន្តែ​កូន​ហ្នឹង​វា​នៅ​ត្រូវ​ខាង​ម៉ែ​វា អត់​ត្រូវ​នឹង​ឪ​ទេ»

អ្នកស្រី វ៉ាត ណាវី មាន​ប្រសាសន៍​ថា ដោយ​មាន​យោបល់​ពី​ញាតិ​មិត្ត​ពន្យល់​ថា ការប្តឹង​ផ្តល់​ទៅ​តុលាការ​ប្រសិន បើ​គ្មាន​ប្រាក់​គឺ​ពុំ​អាច​ឈ្នះ​ក្តី​ឡើយ។ អ្នកស្រី​បន្ត​ថា គ្រួសារ​ខាង​ប្តី​អ្នកស្រី​មាន​ខ្នង​បង្អែក ប្រសិន​បើ​អ្នកស្រី​មិន​យល់​ស្រប​ពុះ​ផ្ទះ​នេះ​ចែក​គ្នា​ទេ គឺ​អ្នកស្រី​ពុំ​អាច​រស់នៅ​មាន​សេចក្តី​សុខ​ជាមួយ​កូន​នោះ​ឡើយ។

អ្នកស្រី វ៉ាត ណាវី រៀបរាប់​បន្ថែម​ទៀត​ដូច្នេះ​ថា ៖ «បាន​ជា​ដាច់​ចិត្ត​ថា ឲ្យ​គេ​យក​ផ្ទះ​ហ្នឹង ព្រោះ​ដើម្បី​ថ្ងៃ​តទៅ​មុខ​ទៀត​ទៅ ៣​នាក់​ម៉ែ​កូន​ហ្នឹង ឲ្យ​មាន​សេចក្ដី​សុខ​ទៀត។ បើ​សិន​ជា​ខ្ញុំ​មិន​ឲ្យ នៅ​លើ​ផ្ទះ​ហ្នឹង ៣​នាក់​ម៉ែ​កូន ប្រហែល​ជា​គ្មាន​សេចក្ដីសុខ​ទេ បង​ប្អូន​គេ គេ​សុទ្ធ​តែ​អ្នក​ខ្លាំងៗ»

យ៉ាង​ណា​ក៏​ដោយ​ការផ្តាច់​ចំណង​អាពាហ៍​ពិពាហ៍​រហូត​ឈាន​ដល់​ពុះ​ផ្ទះ​ចែក​គ្នា​នេះ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង ដល់​កូន​ទាំង​ពីរ​នាក់​នៃ​គ្រួសារ​នេះ​ដែល​កំពុង​នៅ​ក្នុង​វ័យ​សិក្សា។

កញ្ញា សារឹម ស្រីមុំ អាយុ ១៨​ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ជាច មាន​បំណង​ឈប់​រៀន ព្រោះ​តែ​ការអៀន​ខ្មាស​គួប​ផ្សំ​កង្វះ​ខាត​ថវិកា ៖ «ខ្ញុំ​អត់​ចង់​ទៅ​រៀន​ទៀត​ទេ ខ្ញុំ​ចង់​ឈប់​រៀន។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្មាស​គេ ខ្មាស​មិត្ត​ភក្តិ អត់​ចង់​ទៅ​រៀន​ទេ ពេល​ឃើញ​ខ្ញុំ​ដើរ​អ៊ីចឹង គេ​ប្រើ​សម្ដី​ឌឺ​ដង​ចុះ​ឡើង»

ក្នុង​ការលែងលះ​គ្នា​នេះ អ្នកស្រី វ៉ាត ណាវី ទទួល​បាន​ផ្ទះ​មួយ​ចំហៀង​និង​ដី​ភូមិ​ដែល​ជា​កេរ​របស់​ឪពុក​ម្តាយ​អ្នកស្រី​ចង​ដៃ​ឲ្យ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន ពន្យល់​ចំពោះ​ករណី​នៃ​ការ​បែងចែក​ទ្រព្យ​ខាង​លើ​នេះ​ថា ៖ «អត់​អេតាស៊ីវិល គាត់​បែង​ចែក​តែ​គ្នា​គាត់​អ៊ីចឹង​អត់​អី​ទេ ព្រោះ​ហាក់​បី​ដូចជា​យោង​តាម​កិច្ចសន្យា​ដែរ ប៉ុន្តែ​បើ​សិន​ជា​គាត់​មាន​អេតាស៊ីវិល ចែក​អ៊ីចឹង​ក៏​ដោយ ក៏​អត់​មាន​សុពលភាព​ក្នុង​ច្បាប់​ដែរ ហើយ​ដល់​ពេល​ថ្ងៃ​ក្រោយ មាន​ភាគី​ណា​មួយ​តវ៉ា​នាំ​តែ​ពិបាក​ទេ យក​ល្អ​ចែក​ព្រមព្រៀង​អ៊ីចឹង​ហើយ ទៅ​តុលាការ​ថែម​ទៀត ថា ឥឡូវ​សុំ​ឲ្យ​អ្នក​ឯង​ទទួល​ស្គាល់​ការ​ព្រមព្រៀង​របស់​ខ្ញុំ ហើយ​យើង​សុំ​លែងលះ​គ្នា​អ៊ីចឹង​ទៅ ព្រមព្រៀង​ទៅ សុខ​ចិត្ត​តាម​ហ្នឹង​ទៅ​បាន​ហើយ អាហ្នឹង​បាន​ជា​ផ្លូវការ ស្រប​ច្បាប់​បាន»

សូម​បញ្ជាក់​ថា ក្នុង​ការ​លែងលះ​គ្នា​នេះ អ្នកស្រី វ៉ាត ណាវី ជា​អ្នក​ទទួល​បន្ទុក​រ៉ាប់រង​ចិញ្ចឹម​កូន​ទាំង​២​នាក់​គឺ កញ្ញា សារឹម ស្រីមុំ និង កុមារា សារឹម បូរិន៕