ប្រជាពលរដ្ឋដែលប្រកបរបរសូនដីផលិតឆ្នាំង ក្អម ចង្ក្រាន នៅខេត្តកំពង់ឆ្នាំង មានការព្រួយបារម្ភចំពោះការបាត់បង់មុខរបរផលិតពីដីឥដ្ឋដុត ដែលមានជាយូរមកហើយរបស់ខេត្តកំពង់ឆ្នាំង។
ក្នុងដៃកាន់បន្ទះក្ដារវាយញាប់រន្ថើនទៅលើដីមួយដុំ ដែលមានទម្រង់ជាផើងផ្កា ជាមួយកាយវិការដើរវិលជុំវិញវត្ថុដែលមានរាងជាផើងផ្កានោះ ស្ត្រីវ័យ៥៨ឆ្នាំ ឈ្មោះ ចាន់ សឿង មានប្រសាសន៍ថា គាត់ប្រកបមុខរបរស្មូនឆ្នាំងក្អមនេះ តាំងពីច្រើនតំណមកហើយៗ គាត់មិនដែលបានគិតថា អាចរកចំណូលបានប៉ុន្មានទេក្នុងមួយថ្ងៃ ព្រោះវាជាមុខរបរគួបផ្សំមួយ សម្រាប់ពេលទំនេរ និងបន្ទាប់ពីការធ្វើស្រែប៉ុណ្ណោះ។
ការរីកចំរើន នៃបច្ចេកវិទ្យា ជាពិសេសទំនើបភាវូប្បនីយកម្ម នៃសម្ភារៈប្រើប្រាស់ប្រចាំជាយថាហេតុ បានធ្វើឲ្យវិស័យសិប្បកម្មគ្រឿងស្មូនឆ្នាំងក្អម ស្ទើរត្រូវបាត់មុខពីទីផ្សារក្នុងប្រទេសកម្ពុជា។
គ្រឿងស្មូនឆ្នាំងក្អម ដែលភាសាបាលីហៅថា គ្រឿងកុលាលភាជន៍ គឺជាសិប្បកម្មប្រពៃណី ដែលបានបន្សល់ទុកពីបរមបូរាណរហូតមកដល់សព្វថ្ងៃ នៅតាមគ្រួសារក្នុងប្រទេសខ្មែរ ដូចជានៅខេត្តតាកែវ ព្រៃវែង ជាពិសេស គឺខេត្តកំពង់ឆ្នាំង ដែលមានការរីកចំរើន និងមានគុណភាពល្អជាងគេ ព្រោះវាមានវត្ថុធាតុដើមពីធម្មជាតិច្រើន ដូចជាដី ថ្ម អូស ជាដើម។
សិប្បកម្មស្មូនឆ្នាំងក្អមខ្មែរ គឺជាមុខរបរមួយ មានបង្កប់នូវលក្ខណៈសិល្បៈវប្បធម៌ ដែលមិនមែននរណាក៏អាចធ្វើបាននោះឡើយ។ កញ្ញា ប្រាក់ សុខន អនុប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា សិប្បកម្មស្មូនឆ្នាំងក្អម ក្នុងខេត្តកំពង់ឆ្នាំង បានបាត់បង់ជាបណ្ដើរៗ ដោយសារការរីកចំរើននៃបច្ចេកវិទ្យាផ្នែកសម្ភារៈប្រើប្រាស់។
អនុប្រធានមន្ទីរវប្បធម៌រូបនេះបន្តថា ភាពគងវង់នៃសិប្បកម្មស្មូនឆ្នាំងក្អម ក្នុងខេត្តនេះ កើតចេញពីទឹកចិត្តចង់រក្សាប្រពៃណី វប្បធម៌ ដែលជាកេរ្តិ៍ដំណែលពីដូនតានៃប្រជាពលរដ្ឋ ក្នុងខេត្តនេះតែប៉ុណ្ណោះ។
ប្រភពពីអាជ្ញាធរឲ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង សិប្បកម្មស្មូនឆ្នាំងក្អម មាននៅក្នុងឃុំមួយចំនួន ដូចជាឃុំជ្រៃបាក់ ឃុំស្រែថ្មី ឃុំព្រៃគ្រី ឃុំសំរោងសែន និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ហើយមានតែប្រមាណជាង ៣០០គ្រួសារប៉ុណ្ណោះ ដែលកំពុងប្រកបមុខរបរនេះ ក្នុងរូបភាពជាសិប្បកម្មគ្រួសារ។
ក្ដីកង្វល់ស្ដីពីការបាត់បង់មុខរបរ ដែលមានលក្ខណៈជាសិល្បៈវប្បធម៌ផង និងជាប្រពៃណីខ្មែរតាំងពីបូរាណកាលមកនោះ កំពុងកើតមានក្នុងស្រទាប់ នៃមនុស្សវ័យចំណាស់ និងមន្ត្រីផ្នែកអភិរក្សវប្បធម៌។
លោកយាយ ចេវ អូន អាយុ៧១ឆ្នាំ ព្រឹទ្ធាចារ្យផ្នែកសិល្បៈស្មូនឆ្នាំងក្អមប្រចាំខេត្តកំពង់ឆ្នាំង ដែល ធ្លាប់ទទួលបានវិញ្ញាប័នប័ត្រព្រឹទ្ធាចារ្យវប្បធម៌ សិល្បៈខ្មែរ ពីរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា មុខរបរស្មូនឆ្នាំងក្អម នៅខេត្តកំពង់ឆ្នាំង អាចនឹងសាបរលាប ឈានទៅដល់ការបាត់បង់ ប្រសិនបើគ្មានការជួយជ្រោមជ្រែងអភិរក្ស ពីអាជ្ញាធរ និងរាជរដ្ឋាភិបាលទេនោះ។
ទោះបីជាយ៉ាងនេះក្ដី ការលក់ដូរគ្រឿងស្មូនឆ្នាំងក្អម ឬកុលាលភាជន៍ គេនៅឃើញមាននៅឡើយ ក្នុងខេត្តកំពង់ឆ្នាំង និងនៅទីផ្សារក្នុងខេត្តនានាដែរ។ រីឯការធ្វើជំនួញគ្រឿងស្មូនឆ្នាំងក្អម ឬកុលាលភាជន៍ផ្លូវឆ្ងាយ តាមបែបបូរាណ ដឹកដោយរទេះគោ ក៏គេឃើញនៅមានផងដែរ។
បុរសវ័យ ២៨ឆ្នាំ ឈ្មោះ ធុំ ណាង អ្នកដឹកគ្រឿងស្មូនឆ្នាំងក្អម ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ធ្វើអំពីដី ចល័តតាមរទេះគោ ពីខេត្តកំពង់ឆ្នាំង ទៅលក់តាមបណ្ដាខេត្តនានា ជាច្រើនក្នុងទូទាំងប្រទេសកម្ពុជា។ គាត់ថ្លែងថា បន្ទាប់ពីចប់រដូវធ្វើស្រែជារៀងរាល់ឆ្នាំ គាត់តែងដើរលក់គ្រឿងស្មូនឆ្នាំងក្អមនេះ ដើម្បីរកកម្រៃបន្ថែម សម្រាប់ជីវភាពប្រចាំថ្ងៃ។
គាត់បន្តថា មុខរបរនេះបានជួយជីវភាពគ្រួសារគាត់មួយផ្នែកដែរ ថ្វីត្បិតតែវាមិនមានចំណូលច្រើន ហើយមានការនឿយហត់ និងត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែងក្ដី។
ក្ដីកង្វល់របស់ប្រជាពលរដ្ឋប្រកបមុខរបរគ្រឿងស្មូនឆ្នាំងក្អម ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានមន្ត្រីផ្នែកវប្បធម៌ខេត្តទទួលស្គាល់ថា ជាក្ដីកង្វល់រួមរបស់សាលាខេត្ត។ កញ្ញា ប្រាក់ សុខន អនុប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង បានអះអាងថា អាជ្ញាធរ និងមន្ទីរវប្បធម៌ខេត្ត បានទំនាក់ទំនងជាមួយអង្គការមួយចំនួន ដូចជាអង្គការGTZ និងអង្គការ HWK (Handwerskammer Koblenz) របស់អាល្លឺម៉ង់ ក្នុងការជួយបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍វិស័យកុលាលភាជន៍នៅខេត្តនេះ។
សាស្ត្រាចារ្យផ្នែកកុលាលភាជន៍ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងថា កុលាលភាជន៍ គឺជាសិល្បៈប្រពៃណី ដែលមានចំណាស់ដ៏យូរលង់ណាស់មកហើយ ក្នុងប្រទេសកម្ពុជា ដែលមានអរិយធម៌ វប្បធម៌ឈានដល់កំពូលនាសម័យអង្គរ។ ក្រោយមក មានការធ្លាក់ចុះ ហើយបានបន្សល់ទុកវិស័យសិប្បកម្មធ្វើពាងក្រឡ និងធ្វើក្អមឆ្នាំង ហើយសព្វថ្ងៃនៅសល់តែសិប្បកម្មធ្វើក្អមឆ្នាំងតាមគ្រួសារប៉ុណ្ណោះ។
ទីផ្សារគឺជាគន្លឹះនិរន្តរភាពនៃវិស័យស្មូនឆ្នាំងក្អម ឬកុលាលភាជន៍នៅខេត្តកំពង់ឆ្នាំង ស្ត្រីវ័យ ៣២ឆ្នាំ អ្នកស្រី ស៊ន អែម អ្នកបន្តវេនពីលោកយាយ ចេវ អូន មានប្រសាសន៍ថា វត្ថុអនុស្សាវរីយ៍ ដែលធ្វើពីដីដុត នៅក្នុងហាងរបស់គាត់លក់មិនសូវដាច់ទេ។ ទីផ្សារសម្រាប់វិស័យស្មូនឆ្នាំងក្អម ឬកុលាលភាជន៍ នៅខេត្តកំពង់ឆ្នាំង គឺអាស្រ័យលើភ្ញៀវបរទេសភាគច្រើនជាអ្នកទិញ។ ចំណែកអ្នកស្រី ចាន់ សឿង មានប្រសាសន៍ថា ប្រសិនបើស្ថានភាពទីផ្សារនៅតែបន្តយ៉ាងដូច្នេះរហូតនោះ វិស័យស្មូនឆ្នាំងក្អម ឬកុលាលភាជន៍ នៅខេត្តកំពង់ឆ្នាំង អាចត្រូវបាត់បង់។ តែទោះជាយ៉ាងនេះក្ដី អ្នកស្រីនៅតែប្ដេជ្ញាបន្តមុខរបរនេះ ឲ្យទៅកូនគាត់ទៀត មិនឲ្យបាត់បង់ឡើយ៕