មតិ​អំពី​ថា​តើ​គួរ​កាត់ទោស​អតីត​មេ​ខ្មែរ​ក្រហម​លើស​ពី​៥​រូប ឬ​មិន​គួរ

«បើ​គេ​ចង់​បាន​ច្រើន ខ្ញុំ​ក៏​មាន​ចិត្ត​រីករាយ​ដែរ ពីព្រោះ​មិន​មែន​តែ​ប្រាំ​នាក់ ប្រាំ​មួយ​នាក់​ហ្នឹង​ទេ។ អាច​មាន​គ្នា​ច្រើន​ទៀត»។
ដោយ ឡេង ម៉ាលី
2009-03-11
Share
អៀងធីរិទ្ធ អៀង ធីរិទ្ធ (រូបកណ្ដាល) អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរក្រហម នៅ​ក្នុង​សវនាការ នាថ្ងៃ​ទី ២១ ឧសភា ២០០៨ ។
Pool Photo/Chor Sokunthea

ខាង​លើ​នេះ​ជា​សម្ដី​របស់​អ្នក​លក់​គ្រឿង​ទេស​ក្នុង​ភូមិ​ម្នាក់ នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល គឺ​អ្នកស្រី គឹម ធឿន នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ជម្រាប​សួរ​គាត់​អំពី​រឿង​ជំនុំ​ជម្រះ​ក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ថា​តើ​គាត់​ចាប់​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​ឱ្យ​មាន​ការ​ស៊ើបសួរ​ជន​សង្ស័យ​បន្ថែម​ទៀត​នោះ។

បុរស​ម្នាក់​ក្នុង​វ័យ ៤០​ឆ្នាំ ដែល​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ត្រឹម​តែ​ថា​ឈ្មោះ ស នៅ​ក្នុង​ឃុំ​កំពង់ហ្លួង​ដែរ​នោះ  បាន​ថ្លែង​ថា លោក​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​រឿង​កាត់​ក្តី​នេះ​ប៉ុន្មាន​ទេ ហើយ​លោក​ថ្លែង​បន្ត​ថា ៖ «ខ្ញុំ​គិត​រឿង​ជីវភាព​ច្រើន​ជាង។ ខ្ញុំ​ដឹង​ថា​មាន​តែ​ប្រាំ​នាក់​ប៉ុណ្ណឹង​ទេ។  តែ​គ្រាន់​តែ​ថា ៥​-៦​នាក់​ទៅ​ក្រោយ​ផ្សេង​ទៀត ខ្ញុំ​ដូចជា​អត់​បាន​ដឹង​ដែរ មិន​ដឹង​អ្នក​ណា។ ហើយ​រឿង​អ្នក​ថ្មី​ក៏​ដោយ អ្នក​ចាស់​ក៏​ដោយ ចំពោះ​ខ្ញុំ​វិញ ដូចជា រឿង​ហ្នឹង​វា​យូរ​ណាស់​ទៅ​ហើយ»

យើង​មិន​អាច​ដឹង​បាន​ថា ប្រជាជន​កម្ពុជា​ជាង​ដប់​លាន​នាក់​ទៀត​គិត​យ៉ាង​ណា​នោះ​ទេ ចំពោះ​ការ​ជំនុំ​ជម្រះ​ក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​ត្រូវ​ចោទ​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្រ្គាម កាល​ពី​ជាង ៣០​ឆ្នាំ​មុន​នោះ។

ក៏​ប៉ុន្តែ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បញ្ចេញ​របាយ​ការណ៍​ស្ទាបស្ទង់​មតិ​មួយ​មាន​ចំណង​ជើង​ថា «សំឡេង​មួយ​ពាន់» ដែល​បាន​បញ្ចេញ​មតិ​ប្រជាជន​កម្ពុជា​ជាង​មួយ​ពាន់​នាក់​ស្តីពី​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

ការ​ស្ទង់​មតិ​នេះ បាន​ផ្តោត​ជា​សំខាន់​លើ​លទ្ធភាព​មួយ​ថា តើ​ប្រជាជន​កម្ពុជា​ប្រាថ្នា​ចង់​ឃើញ​សាលាក្តី​ខ្មែរ​ក្រហម​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ច្រើន​ជាង ៥​នាក់​ឬ​ទេ?

លទ្ធផល​បាន​បង្ហាញ​ថា មាន​ប្រជាជន​កម្ពុជា ៥៦,៨​ភាគរយ គាំទ្រ​ឱ្យ​មាន​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​ទៀត​លើស​ពី ៥​រូប ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ។ ចំណែក ៤១,៤​ភាគរយ ចង់​ឱ្យ​មាន​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​តែ​ប្រាំ​នាក់​ដែល​កំពុង​ជាប់ឃុំ។

របាយការណ៍​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​ស្ទាបស្ទង់​មតិ​មួយ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ធ្វើ​ឡើង​ជាមួយ​ប្រជាជន​កម្ពុជា​ចំនួន ១.១១០​នាក់ នៅ​ស្រុក​ចំនួន​ជាង ១០០ នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្រោយ​ពេល​ដែល​លោក រ៉ូប៊ែរ ប៉ឺទី (Robert Petit) សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ស្នើ​សុំ​ឱ្យ​មាន​ការ​បើក​កិច្ច​ស៊ើបសួរ​ថ្មី​លើ​ជន​សង្ស័យ​ជាក់លាក់​ចំនួន ៦​រូប​ទៀត ដែល​គេ​ជឿ​ជាក់​ថា បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្រោម​របប​ខ្មែរ​ក្រហម។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ​ថា ៖ «យើង​ចាប់​ផ្តើម​ដូច​ជា​ពីរ​សប្តាហ៍​ក្រោយ​ពី​សហ​ព្រះរាជ​អាជ្ញា​មាន​ការ​ខ្វែង​គំនិត​គ្នា ហើយ​ហ្នឹង​គឺ​ជា​បញ្ហា​មួយ ដែល​យើង​ខ្វល់ខ្វាយ​តាំង​ពី​នៅ​ក្នុង​ការ​ចរចា​មក​ម្ល៉េះ ថា​តើ​បើ​សិន​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា តើ​មាន​អ្វី​ជា​ដំណោះស្រាយ? អ៊ីចឹង​ពីរ​សប្តាហ៍​ក្រោយ​មក យើង​គិត​ថា​ចាំបាច់​ត្រូវ​សួរ​ប្រជាជន​ផង។ កាល​ណា​យើង​ដាក់​តួលេខ​មួយ ថា​ថែម​ប្រាំ​មួយ​នាក់​ទៀត​អ៊ីចឹង វា​ហាក់​ដូច​ជា​ក្លាយ​ទៅ​ជា​រឿង​នយោបាយ ព្រោះ​ចំនួន វា​មិន​អាច​កំណត់​និយមន័យ​នៃ​យុត្តិធម៌​ចំពោះ​ប្រជាជន​កម្ពុជា​បាន​ទេ។ អ៊ីចឹង ខ្ញុំ​ចង់​ឱ្យ​សំឡេង​ប្រជាជន​ហ្នឹង​គាត់​ឮ​ដែរ។ អ៊ីចឹង​យើង​បាន​ចុះ​ទៅ​ស្រុក​ទាំង ១៨៦ រាប់​ទាំង​ទីក្រុង​ភ្នំពេញ»

លោកស្រី ជា លាង សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​នៃ​សាលាក្តី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​បាន​បង្ហាញ​តួលេខ​អ្នក​គាំទ្រ​ឱ្យ​មាន​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម មាន​ចំនួន​ច្រើន​ជាង​ក្តី ក៏​ចំនួន​នេះ​នៅ​មិន​ទាន់​លើស​លប់​ដែរ។

លោកស្រី ជា លាង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​យល់​ថា អ៊ីចេះ​ទោះ​បី​ជា​មាន​ការ​ខុស​គ្នា​តិច​ក៏​ដោយ  ហើយ​ខាង​ណោះ​មាន​ចំនួន​មួយ ដែល​ខ្ពស់​ជាង​ក៏​ដោយ ប៉ុន្តែ​មិន​មែន​ជា​ចំនួន​មួយ Absolute ទេ ដូច​ថា​ហួស​គ្នា​ឆ្ងាយ ដែល​ត្រូវ​សម្រេច​យក​តាម​នោះ​ទេ នេះ​ជា​គំនិត​របស់​ខ្ញុំ។ ហើយ​ទាក់ទង​នឹង​ការ​សួរ​សំណួរ ដូច​ខ្ញុំ​លើក​ឡើង​អ៊ីចឹង ការ​សួរ​សំណួរ​នេះ​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​សួរ​ទេ។ គោលគំនិត​ធំ​នៃ​ការ​សួរ​ហ្នឹង មាន​បំណង​ចង់​បាន​អី ហើយ​គាត់​មាន​បំណង​ដឹក​មុខ ហើយ​នឹង​ការ​យល់ដឹង​របស់​គាត់​អត់​គ្រប់​គ្រាន់ អាច​មាន​ការ​ឆ្លើយ​ច្រឡំ​ក្នុង​បញ្ហា​ហ្នឹង»

នៅ​ថ្ងៃ​នេះ យើង​មិន​អាច​ទាក់ទង​សហ​ព្រះរាជ​អាជ្ញា​ខាង​អង្គការ​សហ​ប្រជាជាតិ គឺ​លោក រ៉ូប៊ែរ ប៉ឺទី ដើម្បី​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​ស្ទង់​មតិ​ខាង​លើ​បាន​ទេ ដោយសារ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែកឯ​មន្រ្តី​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម គឺ​លោក​ស្រី Hellen Jarvis មាន​ប្រសាសន៍​ថា រឿង​នេះ​គឺ​ជា​រឿង​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ ដែល​អ្នកស្រី​មិន​អាច​អត្ថាធិប្បាយ​ជំនួស​បាន ដោយ​គ្រាន់​តែ​បញ្ជាក់​ដូច្នេះ​ថា ៖ «គេ​កំពុង​តែ​ពិចារណា ប៉ុន្តែ​មិន​ទាន់​ចេញ​ដីកា»

លោក ធន សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស ឈ្មោះ Adhoc មាន​ប្រសាសន៍​ទាក់​ទង​នឹង​ការ​ស្ទាបស្ទង់​មតិ​ខាង​លើ​ដូច្នេះ​ថា៖ «ប្រសិន​ជា​យើង​ឱ្យ​មាន​ការ​កាត់ទោស​ហ្នឹង​ច្រើន​ពេក វា​ធ្វើ​ឱ្យ​យឺត​ដល់​ករណី​មុន​ប្រាំ​នាក់​ហ្នឹង វា​អាច​ធ្វើ​ឱ្យ​ដំណើរការ​ហ្នឹង​យឺត​បន្តិច​ដែរ។ អ៊ីចឹង​គួរ​ថា ឱ្យ​មាន​ការ​ពន្លឿន​នូវ​ការ​ស៊ើប​អង្កេត​និង​ការ​ជំរុញ​ឱ្យ​មាន​ការ​កាត់​សេចក្តី​ក្នុង​ករណី​អ្នក​ទាំង​ប្រាំ​នាក់​ហ្នឹង​ឱ្យ​បាន​កាត់​ទៅ​មុខ​ឱ្យ​លឿន​បន្តិច​ទៅ»

លោក សុក សំអឿន នាយក​អង្គការ​មេធាវី​មួយ​ឈ្មោះ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​លក្ខខណ្ឌ​មួយ ដែល​លោក​លើក​ឡើង​ដូច្នេះ​ថា ៖ «យើង​ថា​គាំទ្រ ក៏​មិន​គាំទ្រ​ដែរ​ណា៎។ ក៏​ប៉ុន្តែ សុំ​ឱ្យ​សហ​ព្រះរាជ​អាជ្ញា​ពិនិត្យ​មើល តែ​បើ​សិន​ជា​អ្នក​ប្រាំ​មួយ​នាក់​ទៀត មាន​ទោស​ប្រហាក់​ប្រហែល​គ្នា​អ្នក​ប្រាំ​នាក់​ដែរ យើង​គាំទ្រ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ថែម​ទៀត»

គួរ​រំឭក​ឡើង​វិញ​ដែរ​ថា កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៨ មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​រវាង​សហ​ព្រះ​រាជ​អាជ្ញា​ជាតិ និង​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម នៅ​ពេល​ដែល​លោក រ៉ូប៊ែរ ប៉ឺទី (Robert Petit) សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​បើក​កិច្ច​ស៊ើបសួរ​ថ្មី លើ​ជន​សង្ស័យ​ជាក់លាក់​មួយ​ចំនួន​ទៀត​ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ជឿ​បាន​ថា ប្រព្រឹត្ត​ឡើង​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ហើយ​គួរ​តែ​ស៊ើប​អង្កេត​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត។

ក៏​ប៉ុន្តែ សំណើ​នេះ ត្រូវ​បាន​សហ​ព្រះរាជ​អាជ្ញា​ជាតិ គឺ​លោកស្រី ជា លាង បដិសេធ​ថា មិន​គួរ​ឱ្យ​មាន​ការ​បើក​កិច្ច​ស៊ើបសួរ​ថ្មី​បន្ថែម​ទៀត​ទេ ដោយ​លើក​សំអាង​អំពី​បញ្ហា​ទាក់ទង​នឹង​ស្ថិរភាព​ប្រទេស​កម្ពុជា ពេល​វេលា និង​ថវិកា​មាន​កំណត់ ព្រមទាំង​កិច្ច​ព្រមព្រៀង​និង​ច្បាប់​បង្កើត​សាលាក្តី​ខ្មែរ​ក្រហម កំណត់​យក​តែ​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ប៉ុណ្ណោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល