ភាព​ចម្រូង​ចម្រាស​ជុំវិញ​បញ្ហា​ចំនួន​សមាជិក​ខ្មែរ​ក្រហម​ដែល​ត្រូវ​កាត់​ទោស

ស្របគ្នា​នឹង​ដំណាក់កាល​នៃ​ការ​បើក​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ក្តី​លើ​បទ​ឧក្រិដ្ឋកម្ម​របស់​ខ្មែរ​ក្រហម ពេល​វេលា​នេះ​ក៏​បំផុស​ឲ្យ​មាន​ការ​គិត​ឡើង​វិញ​ចំពោះ​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ និង​ជា​ពិសេស​គឺ​ការ​កំណត់​វិសាលភាព​នៃ​យុត្តិធម៌ រួមទាំង​ការ​ទាមទារ​ថា​តើ​សមាជិក​ខ្មែរ​ក្រហម​ប៉ុន្មាន​នាក់​ទៀត គួរ​នាំ​យក​មក​ផ្តន្ទា​ទោស​នោះ​ផង។
ដោយ ហ៊ុយ វណ្ណៈ
2009-03-04
Share
ជើងឯក303 អ្នក​ទេសចរ​ឈរ​ទស្សនា​លលាដ៍​ក្បាល​នៃ​ជន​រង​គ្រោះ​ដែល​ត្រូវ​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម តាំង​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក ជា​យ​ក្រុង​ភ្នំពេញ។
RFA File

សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បាន​យុត្តិធម៌ ១០០% គឺ​មិន​ត្រឹម​តែ​ផ្តន្ទា​ទោស​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អង្គការ​សហ​ប្រជាជាតិ​គឺ​គួរ​ប្រឈម​ការ​ផ្តន្ទា​ទោស​មុន​គេ​នោះ​ដែរ ៖ «បើ​កាត់​មុន​គេ កាត់​សហ​ប្រជាជាតិ​តែ​ម្ដង កាត់​ប្រទេស​ទាំង​ឡាយ​ដែល​គាំទ្រ«អា»​ពត នៅ​អង្គការ​សហ​ប្រជាជាតិ ពី​ឆ្នាំ ៧៩ ដល់ ៩១។  [ឆ្នាំ] ៩១ បាន SNC ទៅ​គ្រប់គ្រង​អាសនៈ​ជំនួស ប៉ុល ពត ប៉ុន្តែ​ក៏​នៅ​តែ​មាន ប៉ុល ពត ទៅ​ដែរ។ ថ្ងៃ​ហ្នុង​ទាំង ខៀវ សំផន ទាំង សុន សេន ទៅ​អង្គការ​សហ​ប្រជាជាតិ​ដែរ​ហ្នឹង»

ថ្លែង​នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បន្ត​ថា ភាគី​ទាំង​ឡាយ​ដែល​ធ្លាប់​គាំទ្រ​ខ្មែរ​ក្រហម ក៏​គួរ​តែ​ប្រឈម​ការ​ផ្តន្ទា​ទោស​ដែរ ៖ «ព្រោះ​ក្រុម​មួយ​ចំនួន​ដឹង​ថា ប៉ុល ពត សម្លាប់​មនុស្ស​ឆ្នាំ ៧៥ ដល់ ៧៩ ហើយ ម៉េច​ក៏​នៅ​គាំទ្រ ប៉ុល ពត រហូត​ដល់​ឆ្នាំ ៩៣។ អ្នក​មិន​ដឹង​គេ​គ្មាន​កំហុស​ទេ តែ​អ្នក​ដឹង​ហើយ​ឃុប​ឃិត អាហ្នឹង​គួរ​ជាប់​ទោស​ធ្ងន់​ជាង​អា​ពត​ទៀត»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បន្ត​អំពី​ការ​លំបាក​របស់​កម្ពុជា​ក្នុង​គ្រា​នោះ​ទៀត​ថា ៖ «គេ​គាំទ្រ ប៉ុល ពត ឲ្យ​អង្គុយ​នៅ​ហ្នឹង​សម្ព័ន្ធភាព ឲ្យ​អង្គុយ​នៅ​អង្គការ​សហ​ប្រជាជាតិ​វ៉ៃ​យើង ហើយ​គេ​ដាក់​ទណ្ឌកម្ម​យើង​ទៀត ពិបាក​វេទនា»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ចង់​ពង្រីក​វិសាលភាព​នៃ​យុត្តិធម៌​កម្រិត​នេះ គឺ​មិន​អាច​ទៅ​រួច​ឡើយ ៖ «តែ​អា​អ្នក​ដឹង​ហើយ​ឃុប​ឃិត អាហ្នឹង​គួរ​ជាប់​ទោស​ធ្ងន់​ជាង​អា​ពត​ទៀត ប៉ុន្តែ​គ្រាន់​តែ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​កាត់​ពួក​ហ្នឹង​ទេ​តើ! ព្រោះ​កាត់​ទៅ វា​ធំ​ពេក វា​ជ្រាលជ្រៅ​ពេក»

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​សហ​ព្រះ​រាជ​អាជ្ញា​បរទេស​មួយ​រូប គឺ​លោក Robert Petit បាន​ទាមទារ​ពង្រីក​វិសាលភាព​នៃ​យុត្តិធម៌ ដោយ​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​សមាជិក​ខ្មែរ​ក្រហម​បន្ថែម ដែល​គេ​រាយការណ៍​ថា យ៉ាង​ហោច ៦​នាក់​បន្ថែម​ទៀត។

ករណី​នៃ​ការ​ចង់​បើក​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​នេះ ត្រូវ​សហ​ព្រះ​រាជ​អាជ្ញា​ជាតិ គឺ​លោកស្រី ជា លាង បាន​ដាក់​ការ​ជំទាស់។ ភាគី​ទាំង​ពីរ​បាន​បញ្ជូន​សារណា​រៀងៗ​ខ្លួន​រួច​ហើយ ហើយ​កំពុង​រង់ចាំ​ចៅក្រម​នៃ​អង្គ​បុរេ​ជំនុំ​ជម្រះ​នឹង​សម្រេច​ថា​ត្រូវ​ចាត់​ការ​យ៉ាង​ណា​នោះ។

ក្នុង​ការ​ថ្លែង​នោះ​ទៀត ទោះ​បី​ជា​មិន​បាន​ពោល​សំដៅ​ចំ​លើ​សហ​ព្រះ​រាជ​អាជ្ញា​បរទេស គឺ​លោក Robert Petit ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​បន្ថែម​ទៀត​ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​ព្យាយាម​កំណត់​ថា​តើ​កម្ពុជា​ត្រូវ​ទទួល​បាន​យុត្តិធម៌​បែប​ណា​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទើប​មក​ឯង​ធ្វើ​សឿង​កាត់​ទោស​អ៊ីចេះ កាត់​ទោស​អ៊ីចុះ ហើយ​អត់​ចប់​ទេ។ ទើប​ឃើញ​សេចក្ដី​ប្រកាស ខ្ញុំ​ទទួល​របាយការណ៍​ពី​ម្សិល​ថា បញ្ចប់​ហើយ​រឿង ទើប​បញ្ចប់!។ អា​នេះ​អ៊ីចេះ អា​នោះ​អ៊ីចុះ រឿង​អី​វា​ច្រើន​ម្ល៉េះ? គេ​កាត់​ទោស​ពី ៧៩ មិន​ទទួល​ស្គាល់​ទេ នៅ​បន្ត .... ឥឡូវ​កាត់​ទោស​ឡើង​វិញ ស្មុគ​ស្មាញ​លុយ​រាប់​រយ​លាន»

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាមទារ​ឲ្យ​អ្នក​ទាំង​ឡាយ​ដែល​ធ្លាប់​គាំទ្រ​ខ្មែរ​ក្រហម ធ្វើការ​សុំ​ទោស​ប្រជាជន​កម្ពុជា​ផង​ដែរ ៖ «បើ​និយាយ​ពី​សិទ្ធិ​មនុស្ស សិទ្ធិ​ដំបូង​គេ​បំផុត សិទ្ធិ​រស់រាន​មាន​ជីវិត​ហ្នឹង​ឯង ហើយ​បើ​អ្នក​ឯង​ឱន​ក្បាល​ចំពោះ​ឃាតករ​ដែល​រំលោភ​សិទ្ធិ​មនុស្ស ហើយ​អ្នក​ឯង​មក​អួត​ក្អេង​ក្អាង​នៅ​ពេល​នេះ ថា​អ្នក​ឯង​ជា​អ្នក​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ អ្នក​ឯង​និយាយ​ភូត​ខ្លួន​ឯង អ្នក​ឯង​គួរ​តែ​សុំ​ទោស​ប្រជាជន​នូវ​អ្វី​ដែល​អ្នក​ឯង​ធ្លាប់​បាន​ធ្វើ តាម​របៀប​ឱន​ក្បាល​ដាក់​ខ្មែរ​ក្រហម​ផង»

របប​ខ្មែរ​ក្រហម​និង​ការ​សម្លាប់​រង្គាល​មនុស្ស​ប្រមាណ ២​លាន​នាក់​នៅ​ប្រទេស​កម្ពុជា កាល​ពី​ជិត​៣០​ឆ្នាំ​មុន គឺ​បាន​កើត​ឡើង ចំ​ពេល​ដែល​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាម​ត្រជាត់​និង​ការ​កើត​ឡើង​នូវ​ភ្លើង​សង្គ្រាម​ក្នុង​តំបន់ ហើយ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​រួម​មាន​ទាំង ខៀវ សំផន និង នួន ជា ធ្លាប់​អះអាង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា បើ​គ្មាន​ការ​លូក​លាន់​ជ្រៀតជ្រែក​ពី​បរទេស ក៏​គ្មាន​ចលនា​តស៊ូ​ខ្មែរ​ក្រហម​នោះ​ឡើយ ហើយ​ការ​ស្លាប់​រង្គាល​មនុស្ស ក៏​គ្មាន​នៅ​កម្ពុជា​ដែរ។

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​ក្រោម​ក៏​ថ្លែង​ថា បើ​គ្មាន​របប​ខ្មែរ​ក្រហម​កើត​ឡើង​ទេ ពួក​គាត់​ច្បាស់​ជា​នៅ​តែ​ជា​អ្នក​ចម្ការ​ដូច​សព្វថ្ងៃ​នេះ គឺ​គ្មាន​ជាប់​ឈ្មោះ​ជា​ឃាតករ​នោះ​ដែរ។

ចំណែក​ឯ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​រិះគន់​ដែរ​ថា ជាង​១០​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម គឺ​គ្មាន​បរទេស​ណា​គាំទ្រ​ឲ្យ​មាន​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ឡើយ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ចំណែក​តុលាការ​អន្តរជាតិ​នេះ ជា​គំនិត​របស់​ខ្មែរ​សុទ្ធ។ អ្នក​ដែល​លើក​គំនិត​ដំបូង​បំផុត​គឺ​ឆ្នាំ ១៩៩២ ឯ​ណោះ នៅ​ក្នុង SNC ដោយ​សម្ដេច ហ៊ុន សែន គឺ​នៅ​មុខ​តំណាង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​តំណាង​ប្រទេស​ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ពី ៩២ រហូត​ដល់​ប៉ុន្មាន បាន​យើង​ធ្វើ​ចេញ​បាន? គឺ​ទាល់​តែ​អា​ពត​រលាយ​អស់។ អាហ្នឹង​ដូច សម្ដេច ហ៊ុន សែន គាត់​តែង​និយាយ​ថា ក្របី​ស៊ី​ស្រូវ​បង​មិន​ហ៊ាន​ដេញ ក្របី​ដើរ​ចេញ​បង​ដេញ​ឲ្យ​ស្រី​មើល»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សហ​ប្រជាជាតិ គឺ​ការ​ចរចា​ដើម្បី​បង្កើត​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ពេល​នោះ។

យោង​តាម​ច្បាប់​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា តុលាការ​វិសាមញ្ញ​នេះ​គឺ​បង្កើត​ឡើង​ក្នុង​បំណង​វិនិច្ឆ័យ​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម និង​ជន​ទាំង​ឡាយ​ណា​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ទៀត​ថា គឺ​មិន​ចំពោះ​តែ​ករណី​នៅ​កម្ពុជា​ទេ សូម្បី​បទ​ពិសោធន៍​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដទៃ​ទៀត ក៏​មិន​អាច​រក​យុត្តិធម៌ ១០០​ភាគរយ​បាន​ឡើយ គឺ​អាច​ផ្តល់​ត្រឹម​យុត្តិធម៌​ជា​និមិត្ត​រូប​ប៉ុណ្ណោះ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ធម្មតា​គឺ​តុលាការ​អន្តរជាតិ​ហ្នឹង រឿង​បញ្ហា​សង្រ្គាម ឬ​បញ្ហា​អី​ហ្នឹង ជា​និច្ចកាល​លើ​ពិភពលោក គឺ​បង្កើត​ឡើង​ដោយ​អ្នក​ឈ្នះ​ដើម្បី​កាត់​រក​អ្នក​ចាញ់ ឬ​បង្កើត​ដោយ​ស្ថាប័ន​អន្តរជាតិ ពីព្រោះ​នៅ​ប្រទេស​គេ​ទាំង​អស់​ការ​កាប់​សម្លាប់​គឺ​មាន​តែ​រវាង​អ្នក​កាន់​សាសនា​មួយ និង​ក្រុមប្រឹក្សា​សាសនា​មួយ​ទៀត ឬ​រវាង​ជន​ជាតិ​មួយ និង​ជន​ជាតិ​មួយ​ទៀត។ ចំណែក​នៅ​កម្ពុជា គឺ​ខ្មែរ​ហើយ​និង​ខ្មែរ អ៊ីចឹង​ហើយ​បាន​គេ​ធ្វើ​ហ្នឹង​គឺ​ដើម្បី​សំខាន់ គឺ​ដើម្បី​ឲ្យ​ក្មេង​ក្រោយ​ហ្នឹង រំឭក​ថា អ្នក​ឯង​មិន​អាច​គ្រាន់​តែ​ផ្អែក​លើ​បញ្ជា​របស់​មេ​ទេ ឬ​ផ្អែក​ដោយសារ​ថា មនោគមន៍​វិជ្ជា អ្នក​ឯង​អាច​សម្លាប់​ម្នាក់​ទៀត​បាន​ទេ។ ប៉ុន្តែ​បើ​ថា​ចង់​ទៅ​ចាប់​មនុស្ស​ទាំង​អស់ កុំ​ភ្លេច​ថា ខ្មែរ​និង​ខ្មែរ​ក្នុង​ពេល​ហ្នឹង គឺ ៥០% ជា​អ្នក​ដែល​យំ ៥០% អ្នក​ដែល​សើច»

នៅ​ក្នុង​បរិបទ​នៃ​យុត្តិធម៌​អន្តរកាល​នេះ​ដែរ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ថ្លែង​ថា គេ​មិន​អាច​ឲ្យ​ឧក្រិដ្ឋ​ជន​គេច​ពី​ការ​ផ្តន្ទា​ទោស​នោះ​ឡើយ ប៉ុន្តែ គេ​ក៏​មិន​ត្រូវ​មើល​រំលង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​នោះ​ដែរ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល