ការលើកឡើងដូច្នេះគឺនៅក្នុងពិធីអបអរសាទរឆ្នាំទី១០ នៃការបង្កើតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០០៩។
លោក កៀង រតនា បានឲ្យដឹងថា សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមានចំនួន៧មហាវិទ្យាល័យ ហើយនិស្សិតគ្រប់មហាវិទ្យាល័យនេះមានមួយចំនួនក៏បានបញ្ចប់ការសិក្សាហើយដែរ។
លោក កៀង រតនា បានមានប្រសាសន៍ថា ៖ «អ្វីដែលយើងបានជោគជ័យកន្លងមកនេះ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាជួយការគាំទ្រទៅដល់ការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនោះយើងមានដៃគូសកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិក នៅអឺរ៉ុប នៅអាស៊ីអាគ្នេយ៍ សរុបទៅជាង៤០សកលវិទ្យាល័យ»។
លោកបានបន្តថា បច្ចុប្បន្នសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមាននិស្សិតចំនួនជាង១ម៉ឺននាក់ដែលជានិស្សិតថ្នាក់ត្រៀមបរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ហើយសាស្រ្តាចារ្យទាំងអស់មានជាង២០០នាក់។
គួររំឭកថា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា កាលពីថ្ងៃទី៨ កញ្ញា លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នឧត្តមសិក្សា ទាំងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជននៅទូទាំងប្រទេស ត្រូវពង្រឹងគុណភាពស្ថាប័ន ទាំងគុណភាពនិងបរិមាណ ដើម្បីផលិតសមត្ថភាពនិស្សិតឲ្យមានគុណភាពខ្ពស់ស្របតាមស្តង់ដារ ហើយអាចឆ្លើយតបតាមតម្រូវការទីផ្សារជាតិនិងអន្តរជាតិ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានឲ្យដឹងថា សាកលវិទ្យាល័យទាំងរដ្ឋនិងឯកជនមានប្រមាណ៦០ ក្នុងចំណោមសាកលវិទ្យាល័យទាំងនោះ ភាគច្រើនមិនបានយកចិត្តទុកដាក់ក្នុងការអប់រំដើម្បីឲ្យនិស្សិតដែលបានបញ្ចប់ការសិក្សាឲ្យមានគុណភាព។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «មើលទៅមានប្រមាណ២០%ឬ២៥%ទេ ដែលអ្នកដែលមានគុណភាពពេញលេញ ហើយភាគច្រើននោះគុណភាពវាខ្សោយ ហើយដោយសារតែសកលវិទ្យាល័យភាគច្រើនមិនសូវបានពង្រឹងការបណ្ដុះបណ្ដាល ក៏ដូចជាការបង្រៀន ប៉ុន្តែភាគច្រើនគ្រាន់តែជារូបភាពមួយ បើកតែមហាវិទ្យាល័យ សកលវិទ្យាល័យ ជាលក្ខណៈវិនិយោគទុនយកតែផលប្រយោជន៍ ដែលមិនបានគិតទៅដល់ការរៀនសូត្រ គិតទៅដល់អនាគតរបស់និស្សិតខ្មែរយើង»។
លោក រ៉ុង ឈុន បានបន្ថែមថា ការពង្រឹងគុណភាពសំខាន់បំផុតគឺរឹតបន្តឹងនៃការអប់រំនិងបំបាត់នូវការប្រឡងឆមាសឲ្យគ្នា ឬការជួលសរសេរសារណាឲ្យគ្នារបស់និស្សិតមួយចំនួននោះ៕