ការជូនដំណឹងដល់គ្រួសារចំនួន១៣គ្រួសារនោះ បានធ្វើឡើងតាំងពីថៃ្ងទី២៤ ខែធ្នូ កន្លងទៅនេះ ពោលគឺនៅសល់រយៈពេលមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ដែលជាថៃ្ងឱសានវាទនៃការរុះរើឈានមកដល់។
ប្រជាពលរដ្ឋឈ្មោះ អ៊ឹម វាសនា អាយុ៣៣ឆ្នាំ នៅក្នុងភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា ការរុះរើនិងបណ្តេញនោះគ្មានសំណងនៃការខូចខាតទេ។
លោក អ៊ឹម វាសនា បានឲ្យដឹងដូច្នេះ ៖ «ប្រជាពលរដ្ឋទាំង១៣គ្រួសារមានការព្រួយបារម្ភចំពោះការរុះរើហ្នឹង គាត់ភ័យខ្លាចអត់មានទៅលំនៅដែលត្រូវរស់នៅ។ គេដោះដូរជាមួយនឹងដីមួយឡូត៍។ ពួកខ្ញុំមិនមានការបដិសេធទេបើសិនជាគាត់ត្រូវការយកផ្លូវនោះទាំងអស់ ពីព្រោះផ្លូវនោះបើយកទាំងអស់ ពីព្រោះផ្លូវនោះបើយកទាំងអស់មានទំហំ៣០ម៉ែត្រ។ សូមសំណូមពរឲ្យគាត់ដោះស្រាយទំនាស់ឲ្យបានសមរម្យ ដែលគាត់ឲ្យដីមួយឡូត៍គឺនៅឯជាយក្រុង បើតាមឮគាត់ថា មិនដឹងថាដីហ្នឹងមានពិតប្រាកដនៅឡើយទេ»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ សុការី អាយុ២៦ឆ្នាំ ដែលកំពុងតែប្រឈមមុខនឹងការរុះរើឆាប់ៗនេះផងដែរ បានថែ្លងថា ៖ «គេនឹងរុះរើផ្ទះរបស់យើងខ្ញុំក្នុងរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃជូនដំណឹង គឺថ្ងៃទី២៤ ខែធ្នូ»។
គ្រួសារទាំងនោះបានមករស់នៅក្នុងតំបន់នោះរយៈពេលជាង២០ឆ្នាំមកហើយតាំងពីទសវត្ស៍ឆ្នាំ១៩៨០មកម្ល៉េះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
វិទ្យុអាស៊ីសេរីបានទាក់ទងសុំការបកស្រាយពីលោកអភិបាលនិងអភិបាលរងខណ្ឌទួលគោក អំពីការដោះស្រាយចំពោះការខ្វល់ខ្វាយរបស់គ្រួសារប្រជាពលរដ្ឋចំនួន១៣គ្រួសារនោះ ប៉ុន្តែពុំមានអ្នកឆ្លើយតប។
លោក ម៉ាន់ ឈឿន ជាអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនៅទ្បើយទេ។
លោក ម៉ាន់ ឈឿន មានប្រសាសន៍ថា ៖ «រឿងហ្នឹងអត់ដឹងទេ ទាល់តែសួរលោកខាងខណ្ឌ ព្រោះប៉ុន្មានថ្ងៃហ្នឹងខ្ញុំចុះទៅខេត្ត»។
ប្រភពពីគ្រួសារប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថៃ្ងទី១៦ ខែធ្នូកន្លងទៅ មន្រ្តីខណ្ឌទួលគោក បានប្រាប់ថា អាជ្ញាធរនិងផ្តល់ដីធ្លីទំហំទទឹង៤,៨ម៉ែត្រ និងបណ្តោយ១២ម៉ែត្រនៅក្នុងខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ និងប្រាក់ចំនួន១លានក្នុងមួយគ្រួសារ ដើម្បីជាថ្នូរនឹងការចាកចេញនិងរុះរើដោយស្ម័គ្រចិត្ត។
លោក ចាន់ សុវ៉េត ជាមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ៖ «មិនមានការចរចាគ្នា មិនមានការដោះស្រាយ មិនមានការសងសំណងសមរម្យត្រឹមត្រូវតាមផ្លូវច្បាប់ទេ ខ្ញុំគិតថា ឱសានវាទហ្នឹងមិនមែនជាដំណោះស្រាយទេ វាជាការបង្ខិតបង្ខំ គំរាមកំហែងស្មារតីប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋបាក់ខ្លបខ្លាចមិនហ៊ានតវ៉ា»។
មានគ្រួសារមួយចំនួនបានស្ម័គ្រចិត្តទទួលយកថ្នូរខាងលើនេះ ប៉ុន្តែគ្រួសារដែលបានមករស់នៅជាង២០ឆ្នាំមកហើយនោះមិនបានយល់ព្រមទេ៕