ក្រុមមន្រ្តីសុខាភិបាលខេត្តមណ្ឌលគិរីបានចុះទៅកាន់ភូមិពូរពេត ឃុំក្រងតេស ស្រុកពេជ្រាដា កាលពីរសៀលថ្ងៃទី២១ មីនាកន្លងមកនេះ ក្រោយពីបានដឹងថា មានមនុស្សឈឺស្លាប់យ៉ាងរហ័សចំនួន ៣នាក់ ហើយក្រុមមន្រ្តីទាំងនោះបានបញ្ជូនអ្នកភូមិ ៣នាក់ ក្នុងចំណោមអ្នកជំងឺ ១៥នាក់មកកាន់មន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់ដែរ។
លោក រឿន សារួន ជាគ្រូបង្រៀនរស់នៅភូមិពូរពេត ទីដែលកំពុងផ្ទុះជំងឺមិនដឹងមុខ បានប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងចំណោមអ្នកជំងឺថ្មី ១៥នាក់ បានចាប់ផ្ដើមឈឺបន្តគ្នាភ្លាមនៅវេលារសៀលខ្លះ និងខ្លះទៀតចាប់ឈឺក្នុងពេលយប់។ ក្នុងចំណោមអ្នកជំងឺទាំងនោះមានមនុស្សចាស់ ១០នាក់ និងក្មេង ៥នាក់ ៖ «មនុស្សធំ ៥នាក់ កុមារ ១០នាក់ អ្នកឈឺ។ នាំទៅពេទ្យអស់ហើយ!»។
មេឃុំក្រងតេស លោក ត្រេក សុផុន ដែលបានជួយធ្វើក្តារមឈូសបុណ្យសពអ្នកភូមិកាលពីម្សិលមិញនោះ បានប្រាប់វិទ្យុអាស៊ីសេរីដែរថា មានមនុស្សឈឺច្រើនចាប់ពីម៉ោង ៣រសៀលបន្តមក សូម្បីកូនស្រីលោកក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងពេលយប់ដែរ។ បន្ទាប់មកគឺរូបលោកតែម្តង បានមករកពេទ្យឯកជន និងសម្រាកព្យាបាលអស់មួយយប់ដែរ ហើយមិនទាន់អាចចេញទៅវិញបាននៅឡើយទេ។
មេឃុំរូបនេះឲ្យដឹងទៀតថា តាមការសង្កេតរបស់លោក អ្នកជំងឺនៅក្នុងភូមិចាប់ឈឺបន្តគ្នាភ្លាមៗ ហើយអាការៈជំងឺប្រហាក់ប្រហែលគ្នា គឺឈឺរមួលក្នុងពោះ ឈឺក្បាល វិលមុខ ក្អួត និងមានខ្លះទៀតរាកផង ដូចជារូបលោកកំពុងតែមានអាការៈបែបនេះដែរ។
លោក ផុន ប៊ុនសុខ អាយុ ២៤ឆ្នាំ ដែលកំពុងថែទាំប្រពន្ធនៅមន្ទីរពេទ្យបានរៀបរាប់អំពីអាការៈជំងឺប្រពន្ធខ្លួន ថា ៖ «ប្រពន្ធខ្ញុំឈឺពោះ ហើយឈឺក្បាល ហើយញាក់។ ប្រពន្ធខ្ញុំឈឺម៉ោង ៩យប់។ អ្នកភូមិប្រហែលជាម៉ោង៣ ម៉ោង៤ ម៉ោង៥អី... ឈឺៗ»។
លោកវេជ្ជបណ្ឌិត អ៊ី គង់ មន្រ្តីសុខាភិបាលដែលបានចុះទៅពិនិត្យស្ថានភាពអ្នកភូមិពូរពេត មានប្រសាសន៍ថា ពេទ្យមិនបានពិនិត្យសាកសពទេ ព្រោះថា នៅពេលទៅដល់ភូមិសាកសពត្រូវបានគេបញ្ចុះរួចអស់ទៅហើយ ដោយឡែកខណៈដែលឃើញមានអ្នកជំងឺច្រើនទៀតនោះ ក្រុមការងារលោកក៏បានបញ្ជូនមកមន្ទីរពេទ្យដើម្បីព្យាបាលហើយ។
ប្រធានប្រយុទ្ធនឹងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោក ឡេក សុវណ្ណរ័ត្ន ទទួលស្គាល់ថា ក្រុមមន្រ្តីសុខាភិបាលបានបញ្ជូនអ្នកជំងឺចំនួន ៣នាក់មកកាន់មន្ទីរពេទ្យប្រាកដមែន។ មកដល់ពេលនេះ អ្នកជំងឺទាំងនោះបានធូរស្រាលវិញហើយ។ លោកបានបដិសេធថា អ្នកភូមិមិនមានជំងឺអាសន្នរោគ និងផ្តាសាយប្រភេទ A(H1N1) នោះទេ។
លោក ឡេក សុវណ្ណរ័ត្ន បានបញ្ជាក់ថា ៖ «ខាងក្រុមខ្ញុំចុះទៅហ្នឹង វាជាក់ស្ដែងមានអ្នកស្លាប់ហ្នឹង ៣នាក់មែន ប៉ុន្តែស្លាប់ហ្នឹង មូលហេតុឈឺបំពង់ក ដូចថា ដកដង្ហើមតឹងទៅ ក៏ស្ទះស្លាប់អ៊ីចឹងទៅណា៎! ហើយនៅសេសសល់មានអ្នកជំងឺ ៣នាក់។ ២ករណីហ្នឹងរាក ប៉ុន្តែមិនមែនអាសន្នរោគទេ ហើយមួយករណីទៀតនោះ រលាកផ្លូវដង្ហើម ក៏មិនជាធ្ងន់ធ្ងរអីដែរ!»។
ត្បិតតែខាងមន្ទីរពេទ្យបានបញ្ជូនអ្នកជំងឺចំនួន ៣នាក់មកព្យាបាលមែន ប៉ុន្តែអ្នកជំងឺជាច្រើនទៀតបានមកកាន់មន្ទីរពេទ្យដោយខ្លួនឯងជាបន្តបន្ទាប់ និងមានអ្នកខ្លះទៀតបានទៅសម្រាកព្យាបាលនៅពេទ្យឯកជន។
ទាក់ទងទៅនឹងករណីឈឺស្លាប់មនុស្ស ៣នាក់កន្លងមកនេះ អ្នកភូមិគិតថា ប្រសិនបើអ្នកភូមិនៅមានឈឺស្លាប់បន្តច្រើនឡើងទៀតនោះ ពួកគាត់នឹងប្រជុំគិតគូរពីការរើភូមិចេញ៕