ថ្ងៃ ១៧ មេសា ៣៧​ឆ្នាំ​មុន នៅ​តែ​ជា​ការ​ចង​ចាំ

ពលរដ្ឋ​ខ្មែរ​នៅ​ចង​ចាំ​មិន​ភ្លេច​អំពី​ទុក្ខ​វេទនា ដែល​កើត​មាន​ចំពោះ​ខ្លួន កាល​ពី​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ពេល​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម។

0:00 / 0:00

ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០១២ នេះ ធ្វើ​ឱ្យ​ជន​រងគ្រោះ​ខ្មែរ​នឹក​ឃើញ​ឡើង​វិញនូវ​ព្រឹត្តិការណ៍​ដ៏​ជូរ​ចត់​ កាល​ពី​​ជិត ៤០ មុន។ ១៧ មេសា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ជា​ថ្ងៃ​ដែល​ពលរដ្ឋ​កម្ពុជា​ចាប់​ផ្ដើម​ស្លាប់​បាត់បង់​ជីវិត​ជិត ២ លាន​នាក់។

ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នៅ​ចាំ​បាន​ថា ថ្ងៃ​ទី ១៧ ខែ​មេសា កាល​ពី ៣៧ ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​ពលរដ្ឋ​កម្ពុជា ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ទី​ក្រុង​ភ្នំពេញ និង​ទី​ក្រុង​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទៅ​រស់​នៅ​តាម​ជន​បទ អស់​រយៈ​ពេល​ជាង ៣ ឆ្នាំ ដោយ​មិន​បាន​វិល​ត្រឡប់​មក​វិញ។

ពេល​នោះ​គឺ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥។

ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥ ជា​ពេល​ដែល​កង​ទ័ព​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម​ពី​គ្រប់​ទិស សម្រុក​ចូល​ទី​ក្រុង​ភ្នំពេញ ក្រោម​ពាក្យ​ថា រំដោះ​ទី​ក្រុង​ភ្នំពេញ​ពី​របប​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​បរិវារ​របស់​ចក្រពត្តិ​អាមេរិក។

អ្នក​រងគ្រោះ​ក្រោម​របប​ខ្មែរក្រហម​មួយ​រូប ឈ្មោះ សុខ គីម ដែល​រស់​នៅ​ភូមិ​កោះ​នរា ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ ១៩៧៥ បាន​ឱ្យ​ដឹង​ពី​ហេតុ​ការណ៍​នៅ​ពេល​នោះ​ថា គាត់​បាន​ឃើញ​កង​ទ័ព​ខ្មែរក្រហម វ័យ​ក្មេងៗ សម្រុក​ចូល​ទី​ក្រុង​ភ្នំពេញ។

លោកស្រី សុខ គីម៖ «ទ័ព​គេ​នោះ​គេ​ដើរ​មក​ក្មេងៗ ខ្លះ​អូស​កាំភ្លើង​អត់​ចង់​រួច​ទេ។ ដើរ​ទៅ​គេ​ថា ស្រូត​យើង​ស្រូត ចូល​ភ្នំពេញ»។

ជ័យ​ជម្នះ​ថ្ងៃ​ទី ១៧ មេសា​របស់​កងទ័ព​ខ្មែរ​ក្រហម ក៏​ជា​ការ​បញ្ចប់​សង្គ្រាម​វិនាសកម្ម​រយៈ​ពេល ៥ ឆ្នាំ ដែល​ច្បាំង​បង្ហូរ​ឈាម​គ្នា រវាង​កង​ទ័ព​ខ្មែរ​ក្រហម និង​កង​ទ័ព​សាធារណរដ្ឋ​ខ្មែរ គាំ​ទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

អ្នក​រស់​នៅ​តាម​ទី​ក្រុង​ធំៗ ជា​ពិសេស​ទី​ក្រុង​ភ្នំពេញ ទាំង​ស្រី​ទាំង​ប្រុស បាន​នាំ​គ្នា​ចេញ​មក​ទទួល​រាក់ទាក់​កង​ទ័ព​ខ្មែរ​ក្រហម ដែល​កំពុង​ដើរ​ជា​ជួរៗ ចូល​ទីក្រុង។ អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​សង្ឃឹម​ថា ជ័យ​ជម្នះ​របស់​កង​ទ័ព​ខ្មែរ​ក្រហម​នៅ​ពេល​នោះ នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​ពួក​គេ​បាន​ធូរ​ស្បើយ​មិន​ខាន ពីព្រោះ​ទី​ក្រុង​ភ្នំពេញ​នៅ​ពេល​នោះ កាន់​តែ​ចង្អៀត​ដោយសារ​ជន​ភៀស​សឹក​ជាង​មួយ​លាន​នាក់ ចូល​មក​ជ្រកកោន នៅ​ពេល​ដែល​សង្គ្រាម​ចាប់​កើត​មាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៧០ មក។

អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​មួយ​រូប ឈ្មោះ វង្ស ម៉ាច រំឭក​ឡើង​វិញ​ថា នៅ​ពេល​ដែល​គេ​ចូល​មក​ក្នុង​ក្រុង​ដំបូង កង​ទ័ព​ខ្មែរក្រហម​ទាំង​នោះ​ហាក់​មាន​មិត្តភាព​ខ្លះ​ដែរ។

លោក វង្ស ម៉ាច៖ «ថ្ងៃ ១៧ មេសា ខ្មែរក្រហម​ចូល​មក​ក្រុង​ភ្នំពេញ ឃើញ​គេ​ដើរ​ទាំង​ជួរៗ ស្លៀក​ខ្មៅ​ពាក់​ខ្មៅ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ឈរ​អម​សង​ខាង​ផ្លូវ​ទះដៃ​អបអរ​ជាមួយ​នឹង​គេ ថា​បាន​ជោគជ័យ បាន​សុខ​សន្តិភាព។ មក​ម្ដង​ហ្នឹង​ដូច​ជា​ញញឹម​ញញែម គេ​ក៏​មិន​ទាន់​ធ្វើ​អី​យើងៗ ក៏​មាន​ការ​ទុក​ច្រើន»។

ក៏​ប៉ុន្តែ មិត្តភាព និង​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ក៏​ត្រូវ​រលាយ​បាត់​អស់ គឺ​នៅ​ពេល​ដែល​កង​ទ័ព​ខ្មែរ​ក្រហម ចាប់​ផ្ដើម​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​អស់​ឱ្យ​ចេញ​ពី​ទី​ក្រុង​ជា​បន្ទាន់ ដោយ​យក​លេស​ថា ជា​ការ​ងាយ​ស្រួល​បោស​សម្អាត​ខ្មាំង ដែល​នៅ​លាក់​ខ្លួន។

អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​មួយ​រូប គឺ​លោក ជុំ ម៉ី បញ្ជាក់​ថា ពលរដ្ឋ​ណា​មិន​ព្រម​ចាក​ចេញ ត្រូវ​កង​ទ័ព​ខ្មែរក្រហម​បាញ់​សម្លាប់។

​លោក ជុំ ម៉ី៖ «ទាំង​គេ​ទាំង​ខ្ញុំ មុន​ដំបូង​លើក។ រួច​ហើយ​វា​ថា ពុក​ម៉ែ​បងប្អូន​ទាំង​អស់ ឥឡូវ​អង្គការ​ឱ្យ​ចេញ​ពី​ភ្នំពេញ​ចំនួន​ប្រហែល ៥ ថ្ងៃ។ កាល​ណា​យើង​នៅ​ទី​ក្រុង​ភ្នំពេញ​ហ្នឹង​ខ្លាច​អាមេរិកាំង​ទម្លាក់​គ្រាប់​បែក​មក។ ម្ល៉ោះ​ហើយ​ឱ្យ​ចេញ​ទៅ​ប្រហែល​ជា ៥ ថ្ងៃ។ មិន​បាច់​យក​ស្អី​ទៅ​ទេ។ ខ្លះ​ក៏​រៀបចំ​ចេញ​ទៅ ខ្លះ​ក៏​មិន​បាន​រៀបចំ​ចេញ​ទៅ ហើយ​អ្នក​ណា​រឹង​ទទឹង វា​ក៏​បាញ់​សម្លាប់​នៅ​ទី​នោះ​ទៅ»។

អ្នក​នៅ​រស់​រួច​ផុត​ពី​របប​ខ្មែរក្រហម បាន​ចាត់​ទុក​ថ្ងៃ ១៧ មេសា​នោះ ថា​ជា​ថ្ងៃ​ជីវិត​ចាប់​ផ្ដើម​រង​ទុក្ខ​​លំបាក​បំផុត ដែល​មិន​ងាយ​នឹង​បំភ្លេច​បាន។

អ្នក​រងគ្រោះ​ដោយ​សារ​របប​ខ្មែរក្រហម​មួយ​រូប ឈ្មោះ សុខ គីម មាន​ប្រសាសន៍​ថា នៅ​ពេល​គាត់​រំឭក​ដល់​ថ្ងៃ ១៧ មេសា ជា​ថ្ងៃ​ដែល​គាត់​មាន​ការ​ឈឺ​ចាប់​បំផុត ព្រោះ​ជា​ថ្ងៃ ដែល​គាត់​បាន​បាត់បង់​ប្ដី និង​កូន។

លោកស្រី សុខ គីម៖ «ជា​ថ្ងៃ​ចង​កំហឹង​មួយ ដែល​យើង​ព្រាត់​ប្រាស​ប្ដី​ប្រពន្ធ ហើយ​វេទនា។ កាលណោះ​ចូល​ឆ្នាំ​ថ្ងៃ ១៧។ ថ្ងៃ​ចូល​ឆ្នាំ​ហ្នឹង​គេ​ចូល​មក។ ព្រលឹម​ឡើង​គេ​ថា ចេញៗ ថ្ងៃ ១៧ គេ​ជម្លៀស​ដំបូង ម៉ោង​ប្រហែល​ជា ៧ ឬ ៨ ព្រឹក។ ចេញ​មួយ​ភ្លែត​គេ​បោស​សំអាត​ខ្មាំង។ ហើយ​ខ្ញុំ​ប្ដី​ប្រពន្ធ ចេញ​ទៅ​អត់​មាន​អី​សោះ ក្ដៅ ហើយ​ទៅ​នៅ​រោង។ វេទនា»។

អតីត​យោធា​ខ្មែរ​ក្រហម​មួយ​រូប ឈ្មោះ សូ សារឿន នៅ​ខេត្ត​តាកែវ​ពេល​នោះ ថ្លែង​ថា ពលរដ្ឋ​ដែល​ជម្លៀស​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ ២ នៅ​ពេល​នោះ ជួប​ការ​លំបាក​ច្រើន។

​ លោក សូ សារឿន៖ «នៅ​តាម​ផ្លូវ​ជាតិ​លេខ ២ យើង​ហ្នឹង ពួក​ជម្លៀស​ចេញ​ពី​ភ្នំពេញ​វេទនា ហើយ​តាំង​ពី​រែក។ គិត​ទៅ​អ្នក​មាន​ឡាន​ច្រើន​តែ​អស់​សាំង​ចោល​តែ​ម្ដង។ ចាស់​ជរា​ដើរ​មិន​រួច មាន​កូន​មាន​ចៅ​គេ​រុញ​រទេះ​រុញ​អី​អ៊ីចឹង​ទៅ។ ណែន​អម​សង​ខាង​ (ផ្លូវ) ដូច​បុណ្យ​អ៊ីចឹង។ ទាហាន​គេ​ចង​ទាំង​ខ្សែៗ។ គេ​ចង​តែ​ដៃ​មួយ​ចំហៀង​ទេ តែ​មាន​គេ​អ្នក​បណ្ដើរ។ កាំភ្លើង​វា​ភ្ជង់​ជាប់​រហូត។ មួយ​ខ្សែ​ខ្ទង់ ១០០ ឬ ២០០ ទៅ»។

អតីត​យោធា​មួយ​រូប​ទៀត ឈ្មោះ ប្រាក់ សឿន បាន​ផ្ដល់​ហេតុផល​ថា ថ្នាក់​លើ​របស់​គាត់ បាន​បញ្ជា​ឱ្យ​ជម្លៀស​ឱ្យ​អស់​ចេញ​ពី​ទី​ក្រុង ដើម្បី​ជា​ការ​ងាយ​ស្រួល​រៀបចំ​ក្រុង​ឡើង​វិញ។

លោក ប្រាក់ សឿន៖ «ពេល ១៧ ភ្លាម កង​ទ័ព​រំដោះ​ចូល​ទៅ​ហ្នឹង ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង។ ខាង​កង​ទ័ព​ចេះ​តែ​ចាប់​ពួក​ទាហាន​ជា​បន្តបន្ទាប់។ ពួក​ប្រជាជន មាន​ឡាន​មាន​ម៉ូតូ​អី​អត់​មាន​ឱ្យ​បើក ឬ​ឱ្យ​បញ្ឆេះ​ម៉ាស៊ីន​ទេ គឺ​ឱ្យ​រុញ អូស​តាម​ផ្លូវ​ហ្នឹង​រហូត។ អត់​មាន​ឱ្យ​បើក​បរ​ទេ។ បើក​ទ្វា​កាន់​ចង្កូត​រុញ​ម្ខាង។ អត់​ឱ្យ​តៃកុង​អង្គុយ​ទេ ដាក់​តែ​ខោអាវ និង​អង្ករ»។

ការ​ជម្លៀស​ប្រជាពលរដ្ឋ​ពី​ទីក្រុង​ទាំង​អស់ ឱ្យ​ទៅ​រស់​តាម​សហករណ៍ និង​នៅ​ទូទាំង​ប្រទេស បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត ២ លាន​នាក់​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ការ​សម្លាប់ ការ​បង្អត់​បាយ និង​ការ​ធ្វើ​ការងារ​ហួស​កម្លាំង។

អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​លំដាប់​ទី​ពីរ គឺ​លោក នួន ជា កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០១២ បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរក្រហម​ថា ការ​ជម្លៀស​ពលរដ្ឋ​ពី​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ គឺ​ជា​ការ​ត្រឹមត្រូវ ពី​ព្រោះ​នៅ​ទីក្រុង​មិន​មាន​ស្បៀង​អាហារ​គ្រប់គ្រាន់។
​លោក នួន ជា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ឱកាស​ពន្យល់​ទៅ​ប្រជាជន​កម្ពុជា​ថា ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ គឺ​ពិត​ជា​ត្រឹមត្រូវ និង​ជា​ការ​ចាំបាច់​ទៅតាម​ច្បាប់​អន្តរជាតិ»។

ចាប់​ពី​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ២០១២ នេះ មាន​រយៈ​ពេល ៣៧ ឆ្នាំ​ហើយ។ បច្ចុប្បន្ន មាន​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ចំនួន ៣ រូប គឺ​លោក នួន ជា ខៀវ សំផន និង​ អៀង សារី ត្រូវ​សាលាក្ដី​ខ្មែរក្រហម​ជំនុំជម្រះ​ក្ដី ទាក់ទង​ទៅ​នឹង​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា រយៈ​ពេល​ជាង ៣ ឆ្នាំ ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជិត ២ លាន​នាក់។ ក្នុង​នោះ ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ ចំនួន ៣ លើក ក៏​ជា​អង្គហេតុ​នៃ​បទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​មួយ ដែល​ត្រូវ​លើក​យក​ជំនុំជម្រះ​ដែរ។

ថ្ងៃ​ទី ១៧ ខែ​មេសា ត្រូវ​បាន​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ចាត់​ទុក​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ធំធេង ដែល​ពួក​គេ​បាន​ឈ្នះ​សង្គ្រាម​លើ​អាមេរិក។ ក៏​ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​បាន​ចាត់​ថ្ងៃ​ទី១៧ មេសា​ជា​ថ្ងៃ​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត ព្រោះ​ថ្ងៃ​ទី ១៧ ខែ​មេសា​នេះ គឺ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​វិនាសកម្ម​គ្រប់​បែប​យ៉ាង នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។