ពលរដ្ឋ​២០%​ប៉ុណ្ណោះ​ដែល​យល់​និង​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា

នៅ​ក្នុង​រយៈ​ពេល​១០​ខែ​នៃ​ឆ្នាំ​២០០៩​នេះ តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​២០%​ប៉ុណ្ណោះ ដែល​យល់​ដឹង​និង​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា។

0:00 / 0:00

មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​៩ វិច្ឆិកា​ថា តាម​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា ពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ក្នុង​អ្នក​បើក​បរ​យានយន្ត​នានា​១០០​នាក់ អ្នក​មាន​ប័ណ្ណ​បើក​បរ​មាន​តែ​៤០​នាក់​ប៉ុណ្ណោះ។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​២០%​ប៉ុណ្ណោះ ដែល​យល់​ដឹង​និង​គោរព​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ។ លោក​បញ្ជាក់​ថា ការ​យល់​ដឹង​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​នេះ មក​ពី​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ចរាចរណ៍​និង​មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត។

លោក ប៉ូ សំណាង មាន​ប្រសាសន៍​ដូច្នេះ ៖ «ច្បាប់​ដូច​ជា​ការ​ផាក​ពិន័យ​ហ្នឹង គឺ​យើង​សុំ​ឲ្យ​មាន​ការ​ដើរ​ទន្ទឹម​គ្នា​ផង ព្រោះ​យើង​មើល​ឃើញ​ថា សព្វថ្ងៃ​នេះ​ការ​ផ្សព្វផ្សាយ​មាន​កម្រិត​មួយ​យ៉ាង​ទាប​ជាង​ការ​ផាក​ពិន័យ ការ​ផាក​ពិន័យ​អាច​នាំ​ឲ្យ​ប្រជាជន​កម្ពុជា​យើង​រង​គ្រោះ​ដោយសារ​ការ​ផាក​ពិន័យ»

លោក​បាន​លើក​ឡើង​ទៀត​ថា ការ​ចាប់​និង​ផាក​ពិន័យ​ចំពោះ​ប្រជាពលរដ្ឋ​ណា​មិន​គោរព​ច្បាប់​ចរាចរណ៍​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ការ​ផាក​ពិន័យ​និង​ការ​សូក​ប៉ាន់​ប៉ូលិស​ចរាចរណ៍ ជា​លេស​មួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មិន​គោរព​និង​ស្វែង​យល់​អំពី​ច្បាប់​ចរាចរណ៍​ទៅ​វិញ​ទេ។

លោក ប៉ូ សំណាង មាន​ប្រសាសន៍​ដូច្នេះ​ទៀត​ថា ៖ «ច្បាប់​ចរាចរណ៍​យើង លោក​មាន​ការ​ផាក​ពិន័យ​ល្អ ប៉ុន្តែ​ដោយសារ​ការ​អនុវត្ត​របស់​យើង​មាន​ភាព​មិន​ច្បាស់​លាស់។ ឧទាហរណ៍​ដូចជា​ផ្លូវ​គេ​ហាម​មិន​ឲ្យ​បើក អ៊ីចឹង​ហើយ​អ្នក​ហ្នុង​ហ៊ាន​បើក​នៅ​ពេល​ប៉ូលិស​ផាក គាត់​មាន​បញ្ហា​សូក​ប៉ាន់ អ៊ីចឹង​បើក​ចូល​ទៅ»

យ៉ាង​នេះ​ក្តី នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក លោក​វរសេនីយ៍ត្រី ប៉ែន ឃុន បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០០៩​នេះ បើ​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០០៨ គឺ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ច្រើន​ជាង​មុន។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់​ចុះ ប៉ុន្តែ​ការ​ស្លាប់​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើន​ជាង​ឆ្នាំ​២០០៨។

លោក ប៉ែន ឃុន បាន​​អះអាង​ដូច្នេះ ៖ «រាជធានី​ភ្នំពេញ​របស់​យើង​មាន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ដូច​ពេល​ថ្ងៃ​យើង​បង្កើន​ការ​ផាក​ពិន័យ​នៅ​តាម​ដង​ផ្លូវ​នានា ដោយ​ឡែក​ពេល​យប់​យើង​បាន​ធ្វើ​ល្បឿន​មួយ​ទៀត​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ ការ​បើក​បរ​លើស​កំណត់ និង​គ្រឿង​ស្រវឹង​មួយ​ទៀត»

លោក ប៉ែន ឃុន បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍ គឺ​ពិសេស​នៅ​ពេល​យប់ ដូចជា​ការ​បើកបរ​និង​មិន​ពាក់​មួក​សុវត្ថិភាព​ជាដើម។ លោក​វរសេនីយ៍ត្រី ប៉ែន ឃុន បាន​បញ្ជាក់​ថា ចំពោះ​ការ​បើកបរ​ក្នុង​រាជនី​ភ្នំពេញ គឺ​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​ក្នុង​ល្បឿន​តែ​៤០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង។

លោក ប៉ូ សំណាង បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​ឆែកឆេរ​ចំពោះ​អ្នក​បើកបរ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ចំនួន​១០០​នាក់ មាន​៤០​នាក់​ប៉ុណ្ណោះ​គោរព​ច្បាប់​ចរាចរណ៍​និង​មាន​ប័ណ្ណ​បើកបរ​ នេះ​ជា​បញ្ហា​មួយ​ដែល​រដ្ឋាភិបាល​គិតគូរ ពិសេស​ការ​អប់រំ​ច្បាប់​ចរាចរណ៍​គួរ​តែ​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​សាលា​សាធារណៈ៕