ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា តាមដីកាឆែកឆេររបស់លោក ស យសថាវរៈ ព្រះរាជអាជ្ញាតុលាការខេត្តបាត់ដំបងដែលបានបង្គាប់ឲ្យឆែកឆេរលំនៅឋានពីរផ្សេងគ្នានៅក្នុងឃុំក្តុលដូនទាវ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
អនុប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ខៀវ ឈឿត បានមានប្រសាសន៍ថា បុរសឈ្មោះ ម៉េង សុភាព អាយុ៤២ឆ្នាំ រស់នៅភូមិអូរតានប់ និងស្ត្រីឈ្មោះ រឿម រឿត អាយុជាង៤០ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំក្តុលដូនទាវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃសុក្រម្សិលមិញ។
លោក ខៀវ ឈឿត បានឲ្យដឹងថា ៖ «យើងរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនដែលយើងហៅថាយ៉ាម៉ានោះចំនួន២៩០គ្រាប់ ហើយនិងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់តូច ហើយនិងប្រាក់រៀលចំនួន២០ម៉ឺនរៀល ហើយជនល្មើសក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ»។
លោក ខៀវ ឈឿត បន្តថា កម្លាំងការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀន១០នាក់បានឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន២៩០គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់តូច និងភស្តុតាងមួយចំនួនផ្សេងទៀតពីផ្ទះឈ្មោះ ម៉េង សុភាព។
យោងតាមភស្តុតាងដែលដកហូតបានពីផ្ទះជនសង្ស័យឈ្មោះ ម៉េង សុភាព មានកញ្ឆាក្រៀម១កញ្ចប់ កាំភ្លើងខ្យល់១ដើម ជ្រុញសម្រាប់ហាន់កញ្ឆា១ ដបសម្រាប់ជក់ថ្នាំញៀនចំនួន១ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត បានមានប្រសាសន៍ថា ស្ថានភាពចរាចរណ៍គ្រឿងញៀននិងការប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តបាត់ដំបងមានការថយចុះបន្តិចនៅបំណាច់ឆ្នាំ២០០៨។
លោកបញ្ជាក់ថា ការប្រើប្រាស់និងការចែកចាយគ្រឿងញៀននៅតែកើតមាន ប៉ុន្តែខាងអាជ្ញាធរមានសមត្ថកិច្ចនៅតែខំប្រឹងបង្ក្រាបជាបន្តទៀត។
លោក ស ថេត បានមានប្រសាសន៍ថា ៖ «ទោះបីថាវាមិនអស់រលីង ប៉ុន្តែយើងធ្វើទៅជាជំហានៗ ព្រោះថាអានេះវាពិបាកណាស់... មិនដូចបទល្មើសផ្សេងៗទេ។ ធ្វើដូចភ្លៀងរលឹមអ៊ីចឹង យើងធ្វើអាធំអត់បាន ប៉ុន្តែយើងច្បិចអាក្រោមឲ្យអស់»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី បានមានប្រសាសន៍ថា គ្រឿងញៀនត្រូវបានគេនាំចូលតាមច្រកមួយចំនួនក្នុងខេត្តបាត់ដំបងជាប់ព្រំដែនថៃ។
លោក យិន ម៉េងលី បានបញ្ជាក់ថា ៖ «ស្រុកកំរៀងជាស្រុកមួយដែលមានការហូរចូលច្រើន ហើយយើងពិនិត្យឃើញថានៅតែមានអ្នកប្រើប្រាស់ បើយើងមើលអត្រាដូចជាមិនមានការថយចុះប៉ុន្មានទេ»។
យោងតាមរបាយការណ៍អគ្គលេខាធិកាដ្ឋានជាតិប្រឆាំងគ្រឿងញៀនគិតពីឆ្នាំ២០០៦ដល់ចុងឆ្នាំ២០០៨កន្លងទៅនេះ ស្ថានភាពអ្នកប្រើប្រាស់គ្រឿងញៀននៅទ្រឹង ក្នុងនោះមានពី៦០០០នាក់ទៅ ៦៥០០នាក់ ហើយចាប់ពីថ្ងៃទី២០ ដើមឆ្នាំ២០០៩នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានបង្ក្រាបបាន១៩ករណីធំៗនៅក្នុងប្រទេសកម្ពុជា៕