មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា សុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា កន្លងមកកម្ពុជា បានបើកច្រកព្រំដែនកម្ពុជា-វៀតណាម បានចំនួន ៤រួចហើយ។
នៅដើមឆ្នាំ២០១១ ខាងមុខនេះ ប្រទេសទាំងពីរ គឺវៀតណាម-កម្ពុជា គ្រោងនឹងប្រកាសបើកច្រកជាផ្លូវការចំនួនបីទៀត គឺនៅខែត្ររតនគិរី ច្រកអូរយ៉ាដាវ ជាប់នឹងខែត្រយ៉ាឡៃ ខែត្រមណ្ឌលគិរី ច្រកអូររាំង ជាប់នឹងខែត្រដាក់នុង ខែត្រក្រចេះ ច្រកត្រពាំងស្រែជាប់នឹងខែត្របិញភឿក ប្រទេសវៀតណាម។
មន្ត្រីសុំមិនបញ្ចេញឈ្មោះបន្ថែមថា ៖ «ឆ្នាំទៅយើងកំណត់គ្នាថា ឆ្នាំ២០១០ហ្នឹង យើងនឹងប្រកាសបើកបញ្ចប់ តែយើងធ្វើអត់ទាន់បានទេ ដោយសារតែផ្លូវយើងធ្វើមិនទាន់ហើយ តែឥឡូវយើងធ្វើចប់អស់ហើយនៅសល់តែផ្លូវដាក់ដាំមួយទេ»។
ការគ្រោងនឹងបើកច្រកព្រំដែនកម្ពុជា-វៀតណាម បីទៀតនេះ នៅក្នុងឱកាសមន្ត្រីក្រសួងសាធារណការកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំប្រចាំឆ្នាំជាមួយមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនវៀតណាម នៅទីក្រុងព្រែកឫស្សី ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០។
ប្រភពពីមន្រ្តីក្រសួងសាធារណការដដែល បានបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោកនៅតាមច្រកទាំង ៧នេះ តាំងពីឆ្នាំ១៩៩៨មក ប៉ុន្តែគេប្រកាសបើកឲ្យដំណើរការច្រកព្រំដែនប្រទេសទាំងពីរតែចំនួន ៤ទេ គឺមានដូចជាច្រកត្រពាំងថ្លុង ខែត្រកំពង់ចាម ជាប់នឹងខែត្រតៃនិញ ច្រកព្រែកចាក ខែត្រកំពត ជាប់នឹងខែត្រកៀងយ៉ាង ច្រកភ្នំឌិន ខែត្រតាកែវ ជាប់នឹងខែត្រអាងយ៉ាង ច្រកបាវិត ខែត្រស្វាយរៀង ជាប់នឹងខែត្រតៃនិញ ប្រទេសវៀតណាម។
មន្រ្តីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានលើកឡើងថា ការបើកច្រកព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាមនេះ គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរ ក្នុងការដឹកជញ្ជូនទំនិញទៅមក ៖ «ទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរទៅមុខពី១ឆ្នាំទៅ១ឆ្នាំ ជញ្ជីងពាណិជ្ជកម្ម តុល្យការហ្នឹង ឲ្យកាន់តែមានលក្ខណៈកើនឡើងរហូត ដូច្នេះហើយប្រទេសទាំងពីរហ្នឹងកាន់តែបើកច្រកកាន់តែទូលំទូលាយថែមទៀត»។
មន្ត្រីនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ ក៏បានសាទរចំពោះការគ្រោងបើកច្រកព្រំដែននេះដែរ ដោយលោកបញ្ជាក់ថា វាជាច្រកធ្វើដំណើរការសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។ ប៉ុន្តែលោក យឹម សុវណ្ណ បានសម្ដែងការព្រួយបារម្ភថា ការបើកច្រកទាំងនេះវានឹងមានលំហូរជនជាតិវៀតណាម អន្តោប្រវេសន៍មកកម្ពុជា កាន់តែច្រើនថែមទៀត នៅខណៈដែលប្រទេសកម្ពុជា បានអនុវត្តច្បាប់អន្តោប្រវេសន៍ធូររលុងនោះ។
លោក យឹម សុវណ្ណ បន្តថា ៖ «ហើយត្រូវទប់ស្កាត់អំពើពុករលួយឲ្យបានខ្លាំងមែនទែន បើមិនអ៊ីចឹងទេ វានឹងក្លាយជាច្រកចូលជនអន្តោប្រវេសន៍មកកម្ពុជា កាន់តែច្រើនទៀត ដែលជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ ដែលកម្ពុជាកំពុងតែជួបបញ្ហាហ្នឹងស្រាប់ ចំណែកតែគេ គេអនុវត្តច្បាប់បានគេមិនខ្វល់ទេ ខ្មែរសូម្បីទៅសុំទាននៅប្រទេសគេ (វៀតណាម) ទីក្រុងហូជីមិញហ្នឹង ក៏គេចាប់បញ្ជួនមកវិញដែរ»។
លោក យឹម សុវណ្ណ បានអះអាងទៀតថា វៀតណាមមានឥទ្ធិពលសេដ្ឋកិច្ចជាងកម្ពុជា ពីព្រោះប្រទេសកម្ពុជា ជាទីផ្សាររបស់វៀតណាម ដែលវៀតណាមទទួលបានប្រាក់ចំណេញពីកម្ពុជា ប្រមាណជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ចំពោះកម្ពុជា ទទួលបានប្រាក់ចំណេញពីវៀតណាមវិញ តែជាង ៦០លានទេក្នុងមួយឆ្នាំ៕