នៅក្នុងលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០០៨ ថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី គណបក្សទាំងបីបានតវ៉ាថា មានប្រជាពលរដ្ឋកម្ពុជា យ៉ាងតិចមួយលាននាក់ ដែលត្រូវ គ.ជ.ប. បដិសេធមិនឲ្យបោះឆ្នោត ដោយសារតែបែបបទផ្សេងៗជាល្បិចកលរបស់គេ។
គួរជម្រាបថា កាលពីព្រឹកថ្ងៃទី៣០ កក្កដា មានប្រជាពលរដ្ឋប្រមាណ ៤០០នាក់ បាននាំគ្នាប្រមូលផ្ដុំគ្នានៅឯទីស្នាក់ការគណបក្សសមរង្ស៊ី នាទីក្រុងភ្នំពេញ តវ៉ាចំពោះការដែលពួកគាត់និងសមាជិកក្រុមគ្រួសាររបស់ពួកគាត់ ត្រូវបានមន្ត្រីរៀបចំការបោះឆ្នោត បដិសេធមិនឲ្យបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤នេះ។
អាជ្ញាធរក្រុងភ្នំពេញ បានដាក់ពង្រាយកម្លាំងប្រដាប់អាវុធនៅជុំវិញទីស្នាក់ការគណបក្សសមរង្ស៊ី និងនៅតាមដងផ្លូវនានាជិតវិមានឯករាជ្យនៅខណៈពេលមានកិច្ចជួបជុំគ្នានោះ។
ប្រជាពលរដ្ឋទាំងនោះ បានបង្ហាញពីភាពប្រក្រតីនានាទាក់ទងនឹងការបោះឆ្នោត ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ២៧ កក្កដានោះ ហើយទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ទោះជាយ៉ាងណា អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា នឹងមិនមានការបោះឆ្នោតឡើងវិញនោះទេ។
តាមលទ្ធផលបណ្ដោះអាសន្នក្រៅផ្លូវការនៃការបោះឆ្នោត បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩០អាសនៈ គណបក្សសមរង្ស៊ី ២៦អាសនៈ គណបក្សសិទ្ធិមនុស្ស ៣អាសនៈ គណបក្សនរោត្តម រណឫទ្ធិ ២អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ២អាសនៈ។
ក្រុមអ្នកសង្កេតការណ៍សហភាពអឺរ៉ុប បានឲ្យដឹងថា មានប្រជាពលរដ្ឋតែប្រមាណ ៥០.០០០នាក់ប៉ុណ្ណោះដែលមិនបានបោះឆ្នោត។
ទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានឲ្យដឹងថា ការបោះឆ្នោតអាណត្តិទី៤នេះ មិនបានត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិឡើយ បើទោះបីជាដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាក៏ដោយ៕