មេឃុំសេកុង លោក ចាន់ សុខា មានប្រសាសន៍ថា គេមិនទាន់ប្រាកដថា អ្នកភូមិដែលស្លាប់ដោយសារជំងឺរាកក្អួតនោះបណ្ដាលមកពីមេរោគអាសន្នរោគកាចសាហាវ ឬយ៉ាងណាទេ ក៏ប៉ុន្តែអ្នកភូមិជាច្រើននាក់ជាបន្តបន្ទាប់គ្នាបានកើតជំងឺរាកក្អួតនេះ ៖ «មានរាករូសច្រើនដែរ ប៉ុន្តែខ្ញុំមិនទាន់ក្ដាប់ព័ត៌មានបានជាក់ស្ដែង»។
ក្នុងចំណោមអ្នកភូមិដែលស្លាប់ មានពីរនាក់ជាមនុស្សពេញវ័យអាយុ ២៨ឆ្នាំ និង ៥៧ឆ្នាំ និងម្នាក់ទៀតជាកុមារអាយុ ១៨ខែ។
បើតាមអ្នកភូមិឲ្យដឹងថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១០ អ្នកភូមិបានមួង ម្នាក់បានស្លាប់បន្ទាប់ពីចូលព្រៃរកផ្លែសំរង ហើយរាកក្អួតពីក្នុងព្រៃមិនអាចសង្គ្រោះទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។ បន្ទាប់មកអ្នកភូមិបានហួយ ជាកុមារអាយុ ១៨ខែរាកស្លាប់ និងបន្ទាប់មកទៀតអ្នកភូមិចាន់ទូ អាយុ ៥៧ឆ្នាំ ឈ្មោះ ហេង បានរាកស្លាប់កាលពីថ្ងៃអាទិត្យ (៤ មេសា) កន្លងទៅនេះ។
អ្នកភូមិឈ្មោះ ស៊ូ ផាលីត មានប្រសាសន៍ថា អាការៈរោគនេះដូចជាជំងឺអាសន្នរោគដែលរាតត្បាតគួរឲ្យព្រួយបារម្ភ ពីព្រោះអ្នកភូមិមួយចំនួននៅឆ្ងាយពីមណ្ឌលសុខភាព ពិបាកក្នុងការស្វែងរកការសង្គ្រោះទាន់ពេលវេលាពីគ្រូពេទ្យ ៖ «រាកប្រហែលជាពីរបីម៉ោងស្លាប់តែម្ដង ទៅណាអត់ទាន់ទេ រហ័សណាស់»។
រៀងរាល់ឆ្នាំចាប់ពីខែមីនា ដល់ខែឧសភា ជារដូវក្ដៅ និងជារដូវស្វាយទុំ នៅប្រទេសកម្ពុជា តំបន់មួយចំនួនតែងកើតមានជំងឺរាកក្អួតរាតត្បាត ជាពិសេសដោយសារបរិភោគផ្លែឈើទុំមានដង្កូវល្អិត។
នេះជាលើកទីមួយហើយនៅឆ្នាំនេះ ដែលមានសេចក្ដីរាយការណ៍ពីការរាតត្បាតនៃជំងឺរាកក្អួតទ្រង់ទ្រាយច្រើននាក់ និងធ្វើឲ្យអ្នកភូមិស្លាប់នៅខេត្តស្ទឹងត្រែង។ ចំណែកនៅខេត្តរតនគិរី ក៏មានអ្នកភូមិយ៉ាងតិច ៣នាក់ស្លាប់ដោយសារជំងឺរាកចាប់ពីដើមឆ្នាំ២០១០មក។
ប្រធានមណ្ឌលសុខភាពស្រុកសៀមប៉ាង លោក ជួល សំនៀង មានប្រសាសន៍ថា មន្ត្រីសុខាភិបាលបានចុះទៅដល់មូលដ្ឋានដែលផ្ទុះចេញនូវជំងឺរាកក្អួតនោះ និងបានយកលាមកអ្នកជំងឺបញ្ជូនទៅមន្ទីរសុខាភិបាលខេត្ត ដើម្បីបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីវិភាគរកប្រភពមេរោគ និងមូលហេតុធ្វើឲ្យអ្នកភូមិប្រឈមនឹងបញ្ហារាកក្អួតនេះ។ លោកបន្តថា អ្នកភូមិ ៣នាក់ដែលបានស្លាប់ គឺមានតែ២នាក់ទេដែលមានជំងឺរាកក្អួត ចំណែកម្នាក់ទៀតស្លាប់ដោយសារជំងឺចាស់ជរា។
លោក ជួល សំនៀង មានប្រសាសន៍ដូច្នេះ ៖ «កំពុងតែមានជាបន្តបន្ទាប់ទៀត។ ក្រុមមណ្ឌលខ្ញុំចុះទៅដាក់ថ្នាំជួយសង្គ្រោះ កុំអីងាប់បន្តទៅទៀត»។
ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ទើបនឹងប្រកាសកាលពីពេលថ្មីៗនេះ ពីការផ្ទុះចេញជំងឺរាកធ្ងន់ធ្ងរមួយនៅខេត្តចំនួន៥ ក៏ប៉ុន្តែមិនបានបញ្ជាក់ថា ជាការផ្ទុះចេញនូវជំងឺអាសន្នរោគកាចសាហាវនោះទេ។
មន្ត្រីសុខាភិបាលគ្រប់ខេត្តក្រុងបានអំពាវនាវឲ្យអ្នកភូមិរក្សាអនាម័យ បរិភោគទឹកដាំពុះ អាហារដាំឆ្អិនល្អ និងគ្របការពារកុំឲ្យរុយទំចម្លងមេរោគចូលទៅក្នុងម្ហូបអាហារទាំងនោះ។ ជាមួយនោះដែរ ឲ្យប្រជាពលរដ្ឋសម្អាតទីលំនៅ ភូមិរស់នៅឲ្យបានស្អាត លុបរណ្ដៅកុំឲ្យមានភក់ជ្រាំ ឬបាចកំបោរស សម្លាប់មេរោគ ហើយប្រញាប់នាំក្រុមគ្រួសារទៅកាន់មន្ទីរពេទ្យកាលណាមានជំងឺរាកក្អួត និងបរិភោគទឹកឲ្យបានច្រើន៕