បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ មាន​ទូក​ចូល​រួម​ប្រណាំង​ប្រមាណ ៤២១​ទូក

ទូក​ចំនួន​៤២១​បាន​ចុះ​ឈ្មោះ​ប្រកួត​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក​ឆ្នាំ​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១១-១២ និង​១៣ វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ។

0:00 / 0:00

លោក សុក គង់ ប្រធាន​ការិយាល័យ​រដ្ឋបាល​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គិត​មក​ទល់​ថ្ងៃ​ទី​២៨ តុលា​នេះ មាន​ទូក​ចំនួន ៤២១ មក​ពី ១៩​ខែត្រ​ក្រុង​បាន​មក​ចុះ​ឈ្មោះ​ហើយ ហើយ​ការ​ឈប់​ទទួល​ពាក្យ​សុំ​ចូលរួម​ប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ តុលា ខាង​មុខ​នេះ។

តាម​លោក សុក គង់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ទូក​ដែល​ចុះ​ឈ្មោះ​ប្រកួត​ទាំង​៤២១​នោះ មាន​ចែក​ជា​ទូក​អុំ ទូក​ចែវ និង​មាន​ទូក​បុរស​ផ្សេង នារី​ផ្សេង ៖ «មក​ដល់​ហ្នឹង យើង​មិន​អាច​កំណត់​ថា ត្រឹម​ត្រូវ​ទេ នៅ​មិន​ទាន់​គ្រប់​ទេ។ ឥឡូវ​មាន ៤២១ ទូក​អុំ​បុរស ៣៦៨ ទូក​អុំ​នារី ៣ ចែវ​បុរស ៤៨ ចែវ​នារី ២ ទូក​ខ្លី ដែល​គេ​ហៅ​ថា​ខ្នាត​អន្តរជាតិ បុរស ៩៦ នារី​៤ ទាំង​អស់ ៤២១»

ចំពោះ​ចំនួន​ប្រទីប​វិញ តាម​លោក សុក គង់ បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ តាម​លោក​ដឹង មាន​ប្រទីប​ចំនួន ២៣ ដែល​កំពុង​រៀបចំ គឺ​កើន​ជាង​ឆ្នាំ​មុន​ដែល​មាន​មិន​ដល់​១០​ប្រទីប​ផង​ទេ។

លោក មិល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​យុវជន និង​កីឡា នៃ​ក្រសួង​អប់រំ ដែល​ជា​សមាជិក​គណៈកម្មាធិការ​បច្ចេកទេស​ក្នុង​ការ​ប្រណាំង​ទូក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​រៀបចំ​ប្រណាំង​ទូក​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ជា​បុណ្យ​ទាន​និង​មាន​លក្ខណៈ​ជា​ប្រពៃណី មិន​ដូច​ការ​ប្រកួត​យក​ឈ្នះ​ចាញ់​ដូច​ការប្រកួត​បាល់​ទាត់​នោះ​ទេ តែ​ក៏​មាន​ចំណាត់​ថ្នាក់​ផង​ដែរ។

លោក មិល កាដូ មាន​ប្រសាសន៍​ថា ៖ «ប៉ុន្តែ​មិន​អាច​រក​ឃើញ​តែ​មួយ លេខ​មួយ​សុទ្ធ ដូច​យើង​បាល់​ទាត់​ពិភពលោក ចេញ​ទៅ​លេខ​១ សុទ្ធ​អ៊ីចឹង​កើត​ទេ ព្រោះ​ទី​១ ពាក់ព័ន្ធ​នឹង​ពេល​វេលា ទី​២ សង្កត់​ធ្ងន់ គឺ​យើង​ជា​ប្រពៃណី ហើយ​ដូច្នេះ យើង​មិន​បាន​ចែក​ជា​ប្រភេទ​ទេ តែ​យើង​បាន​ចងក្រង​ជា​ផែន។ នៅ​ក្នុង​ការ​ប្រកាស​ជា​លទ្ធផល ផែន​លេខ​១ ផែន​លេខ​២ ផែន​លេខ​៣ ផែន​លេខ​៤ ហើយ​ថា អ្នក​ឈ្នះ ៣​ថ្ងៃ​ជាប់​គ្នា នឹង​ក្លាយ​ទៅ​ជា​ផែន​លេខ​១ ឈ្នះ ២​ថ្ងៃ ចាញ់​មួយ​ថ្ងៃ ហ្នឹង នៅ​ក្នុង​ផែន​លេខ​២ ឈ្នះ​មួយ​ចាញ់​ពីរ នៅ​ក្នុង​ផែន​លេខ​៣ ចាញ់​សុទ្ធ គឺ​នៅ​ក្នុង​ផែន​លេខ​៤»

បុណ្យ​អុំ​ទូក​ជា​ពិធី​បុណ្យ​មួយ​ដែល​មាន​មនុស្ស​មក​ពី​ជនបទ​មក​លេង​ទីក្រុង​និង​ទស្សនា​ការ​ប្រណាំង​ទូក​យ៉ាង​ច្រើន​កុះករ ដែល​ចំនួន​មនុស្ស​អាច​កើន​ដល់​ជាង ១​លាន​នាក់។

សូមរំឭក​ជូន​ថា កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក​នោះ មាន​គ្រោះថ្នាក់​មួយ​បាន​កើត​ឡើង ដែល​បណ្តាល​ឲ្យ​កីឡាករ​អុំ​ទូក​មក​ពី​ប្រទេស​សិង្ហបុរី​ចំនួន​៥​នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​ការ​លិច​ទូក​ដែល​មាន​ចំណុះ ២២​នាក់ នៅ​ក្បែរ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ជប៉ុន៕