ខ្មែរ​ក្រោម​រំលឹក​ថ្ងៃ​បាត់បង់​ទឹកដី​នៅ​បរទេស

ថ្ងៃ​ទី​៤ មិថុនា ខែ​ក្រោយ​នេះ គឺ​ជា​ខួប​ទី​៦២​ឆ្នាំ ដែល​រាជាណាចក្រ​កម្ពុជា​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម​ទៅ​វៀតណាម ។

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​ពិធី​បុណ្យ​រំលឹក​ខួប​នេះ នៅ​សហ​រដ្ឋ​អាមេរិក កាណាដា និង​នៅ​តាម​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត។ លោក ថាច់ ង៉ុក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា តំបន់​ខ្លះ​ផ្ដើម​រៀបចំ​រំលឹក​ខួប​នេះ តាំង​ពី​ចុង​ខែ​ឧសភា​នេះ​ទៅ ៖ «នៅ​អាមេរិក ធ្វើ​ធំ​នៅ​ញ៉ូជឺស៊ី និង​នៅ​តាម​រដ្ឋ​ជា​ច្រើន​ទៀត និង​ធ្វើ​នៅ​កាណាដា ប្រទេស​អូស្ត្រាលី»

លោក ថាច់ ង៉ុក ថាច់ បញ្ជាក់​ថា ខ្មែរ​នៅ​រដ្ឋ​មីនីសូតា សហ​រដ្ឋ​អាមេរិក នឹង​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​រំលឹក​ខួប​បាត់បង់​ដែន​ដី​កម្ពុជា​ក្រោម​មុន​គេ គឺ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា​ខាង​មុខ​នេះ។ នៅ​ទ្វីប​អឺរ៉ុប​វិញ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​គ្រោង​នឹង​រៀបចំ​នៅ​ប្រទេស​ស្វីស នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មិថុនា ខែ​ក្រោយ​នេះ​នៅ​ឯ​ទីក្រុង​ស្ស៊ឺរ៉ិច។ លោក ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​នឹង​ប្រារព្ធ​ឡើង​ប្រហាក់​ប្រហែល​គ្នា​នៅ​តាម​ប្រទេស​ដទៃ​ដែរ ដោយ​ធ្វើ​តាម​បែប​បទ​ព្រះ​ពុទ្ធ​សាសនា ៖ «មាន​ព្រះ​សង្ឃ​ចូល​រួម​ទាំង​អស់ ៧​អង្គ ក្នុង​នោះ​មាន​លោក ទឹម សាខន ដែរ។ ធ្វើ​បុណ្យ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា និង​មាន​ការ​តាំង និង​ចែក​ចាយ​នូវ​ឯកសារ​ថ្មីៗ ដែល​ទាក់​ទង​នឹង​ទុក្ខ​វេទនា​របស់​ខ្មែរ​ក្រោម នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម»

លោក ថាច់ វៀន មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​អាច​នឹង​មាន​អ្នក​ចូល​រួម​យ៉ាង​តិច ២​រយ​នាក់ ច្រើន​ដូច​ឆ្នាំ​មុនៗ ពី​ព្រោះ​មាន​អ្នក​ចូល​រួម​មក​ពី​ប្រទេស​អាល្លឺម៉ង់ អូទ្រីស ប៊ែលស្ស៊ិច អ៊ីតាលី និង​ពី​ប្រទេស​បារាំង​ជា​ដើម។ សហ​ព័ន្ធ​ក៏​គ្រោង​នឹង​រៀបចំ​ធ្វើ​បុណ្យ​នៅ​ឯ​វត្ត​ពោធិវ័ង្ស នៅ​ជាយ​ក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១១ ខាង​មុខ​នេះ។ លោក ថាច់ ង៉ុក​ថាច់ បញ្ជាក់​ថា សហ​ព័ន្ធ​រៀបចំ​កម្មវិធី​បុណ្យ​លើក​នេះ​មាន​គោល​បំណង​សំខាន់ៗ រួម​មាន ៖ «ទី​១ បង្ហាញ​ថា ថៃ​ហ្នឹង​វៀតណាម​នៅ​តែ​ចង់​បាន​ដី​ខ្មែរ និង​ទី​២ ស្នើ​ឲ្យ​ខ្មែរ​ទាំង​អស់ រួម​គ្នា​យក​ទិវា​នេះ​ជា​ទិវា​ជាតិ»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ អាណានិគម​បារាំង​បាន​ប្រគល់​ដែន​ដី​កម្ពុជា​ក្រោម និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​រាប់​លាន​នាក់ ទៅ​ឲ្យ​អធិរាជ​វៀតណាម ព្រះចៅ បាវ ដាយ គ្របគ្រង​ផ្នែក​រដ្ឋបាល​តាំង​ពី​ពេល​នោះ​មក៕