កុមារី​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី

កុមារី​អាយុ ៣​ឆ្នាំ រស់​នៅ​ខេត្ត​កំពត ដែល​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី H5N1 ហើយ​ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ស្លាប់​ហើយ នៅ​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៣ កុម្ភៈ។

លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​អំពី​ការ​ស្លាប់​របស់​កុមារី​នោះ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ក្រោយ​ពី​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ មក ឥឡូវ​កុមារី​អាយុ ៣​ឆ្នាំ មក​ពី​ខេត្ត​កំពត នោះ បាន​ស្លាប់​ហើយ។

នេះ​ជា​ករណី​ស្លាប់​ទី​៦ ដោយសារ​មេរោគ​ផ្តាសាយ​បក្សី H5N1 នៅ​ក្នុង​ដើម​ឆ្នាំ​២០១៣ នេះ​នៅ​កម្ពុជា។

កុមារី​ដែល​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​ហើយ​ស្លាប់​នោះ មាន​ទី​លំនៅ​ភូមិ​ត្រពាំងកំភ្លាញ ឃុំ​អង្គភ្នំតូច ស្រុក​អង្គរជ័យ ខេត្ត​កំពត។

ការ​ធ្វើ​តេស្ត​ពិសោធន៍​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រក​ឃើញ​ថា កុមារី​នោះ​មាន​មេរោគ​ផ្តាសាយ​បក្សី H5N1 កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។