ជន​ជាតិ​ថៃ​៧​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់

តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​ជន​ជាតិ​ថៃ ៧​នាក់ ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ កន្លង​មក។
ដោយ កែវ និមល
2010-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាតិ​ថៃ​ ២​នាក់ ក្នុង​ចំណោម ​៧នាក់​ ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់ (សញ្ញា​ព្រួញ) នៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០
ជន​ជាតិ​ថៃ​ ២​នាក់ ក្នុង​ចំណោម ​៧នាក់​ ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់ (សញ្ញា​ព្រួញ) នៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០
RFA/Mom Sophon

លោក សុខ រឿន ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ថា ជន​ជាតិ​ថៃ ៧​រូប ដែល​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ កន្លង​មក​នេះ បាន​ត្រូវ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ហើយ តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា និង​ចោទ​ប្រកាន់​មួយ​ចំណុច​ទៀត​តាម​ក្រមព្រហ្មទណ្ឌ ពី​បទ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​២៩ នៃ​ច្បាប់​អន្តោប្រវេសន៍ និង​ពី​បទ​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា តាម​មាត្រា​៤៧៣ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។

មាត្រា​២៩ នៃ​ច្បាប់​អន្តោប្រវេសន៍​បាន​ចែង​ថា ជន​បរទេស​រូប​ណា​ដែល​គ្មាន​ការ​អនុញ្ញាត ហើយ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដោយ​លបលាក់ បន្លំ ឬ​ដោយ​ល្បិច​ផ្សេងៗ ដែល​ផ្ទុយ​នឹង​បញ្ញត្តិ​នេះ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​គុក​ពី ៣​ខែ ទៅ​ដល់ ៦​ខែ មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ។

មាត្រា​ទី​៤៧៣ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា អំពើ​ចូល​ដោយ​ទុច្ចរិត​នៅ​ក្នុង​ទីលាន​សំណង់ ឬ​ឧបករណ៍​ដែល​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​យោធា ឬ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​អាជ្ញាធរ​យោធា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ២​លាន​រៀល។

ព្រះ​រាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ លោក សុខ រឿន បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពេល​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​នេះ ជន​ជាតិ​ថៃ​ទាំង ៧​រូប ត្រូវ​បាន​ប្រគល់​ឲ្យ​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ លោកស្រី ចាំង ស៊ីណាត ជា​ចៅក្រម​ស៊ើប​អង្កេត​ករណី​សំណុំ​រឿង​នេះ ដើម្បី​សាកសួរ និង​ស៊ើប​អង្កេត​បន្ត។

លោក កុយ គួង អនុ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ជា​អ្នក​នាំ​ពាក្យ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ​ដែរ លោក កាស៊ីត ភិរម្យ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ជួប​ជាមួយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ពិភាក្សា ទាក់ទង​ជាមួយ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ចំនួន ៧​នាក់​នេះ​ផង​ដែរ។

ប្រភព​មន្រ្តី​តុលាការ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជនជាតិ​ថៃ​ទាំង ៧​រូប​នោះ មាន​ស្រី្ត​ចំនួន ២​រូប និង​បុរស​ចំនួន ៥​រូប ក្នុង​នោះ​សមាជិក​សភា​មួយ​រូប​ឈ្មោះ លោក ផានិក រីគិតសែត ជា​សមាជិក​សភា​ក្រុង​បាងកក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​អ្នក​កាសែត​ចំនួន ២​រូប។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ ៧​រូប​នេះ មិន​បណ្ដាល​ឲ្យ​មាន​ទំនាស់​កម្ពុជា-​ថៃ នោះ​ឡើយ ៖ «ខ្ញុំ​គិត​ថា ឯកឧត្ដម អាភីស៊ិត នាយករដ្ឋមន្ត្រី​ថៃ និង​ប្រជាជន​ថៃ មិន​ចាត់​ទុក​រឿង​ថៃ រំលោភ​បំពាន​ចូល​ទឹក​ដី​កម្ពុជា ខុស​ច្បាប់ ហើយ​កម្ពុជា​ត្រូវ​ប្រើ​ប្រព័ន្ធ​តុលាការ វា​នឹង​ក្លាយ​ទៅ​ជា​ជម្លោះ​ការទូត​តឹងតែង​សា​ជា​ថ្មី​នោះ​ទេ ហើយ​កម្ពុជា​ក៏​មិន​យក​បញ្ហា​សងសឹក​ជា​មូលដ្ឋាន​នោះ​ទេ តែ​សុំ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់ ហើយ​អ្នក​តំណាងរាស្ត្រ​ថៃ ក៏​មិន​ត្រូវ​បាន​គាំពារ​ដោយ​អភ័យឯកសិទ្ធិ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ទេ។ ខុស​ច្បាប់​គឺ​ខុស​ច្បាប់»

ការ​សាកសួរ​ជន​ជាតិ​ថៃ ដោយ​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ម៉ោង ៩​ព្រឹក រហូត​ដល់​ម៉ោង​ជិត ៥​រសៀល នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Good actions! Hopefully there will be no pardon to them by the King again!

Dec 30, 2010 10:16 PM

គេហទំព័រ​ទាំងមូល