លោកស្រី យឹម សុខារី បានប្រាប់លោក ហ៊ុយ វណ្ណៈ ទៀតថា ក្រុមកុមារទាំងនោះក្រៅពីមិនបានចូលរៀនហើយ ក៏អាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជាការផ្ទុះមីនឬក៏ការប៉ះទង្គិចគ្នាដោយអាវុធទៀតផង។
យឺម សុខារី ៖ ចំពោះស្ថានភាពបច្ចុប្បន្នរបស់កុមានៅលើប្រាសាទក៏ដោយ នៅគ១ក៏ដោយ ឬក៏ជាកូនរបស់ទាហានក៏ដោយ គឺថាមិនបានទទួលការសិក្សា ហើយទី២នោះទៀតគឺថា សួរទៅមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ។ យើងមិនទាន់ដឹងច្បាស់ថា ទីកន្លែងដែលពួកគេរស់នៅ ដូចជាលើប្រាសាទគ១ ឬក៏តាមព្រៃដែលគាត់ទៅតាមឪពុកម្ដាយហ្នឹង នឹងមានសុវត្ថិភាពពេញលេញឬក៏យ៉ាងម៉េច។
ហ៊ុយ វណ្ណៈ ៖ តើលោកស្រីអាចបញ្ជាក់ទាក់ទិននឹងបញ្ហាស្ថានភាពនៃសុវត្ថិភាពឬអសន្តិសុខហ្នឹង គឺវាទាក់ទងទៅនឹងចំណុចអ្វីខ្លះ?
យឹម សុខារី ៖ ចំពោះបញ្ហាបារម្ភរបស់គេហ្នឹង ទី១ សុវត្ថិភាពនៃការផ្ទុះអាវុធហ្នឹង វាអាចនឹងកើតមានឡើងដោយចៃដន្យទៀតដែរឬអត់? ហើយទី២ មួយទៀតនោះ គឺថាសុវត្ថិភាពដីដែលមានមីននោះ មិនដឹងថា អាចនឹងដោះគ្រប់ទីកន្លែងដែលពួកគាត់រស់នៅអស់ហើយឬនៅអ៊ីចឹង។ យើងមានពីរចំណុចហ្នឹងដែលយើងមានការព្រួយបារម្ភចំពោះសុវត្ថិភាពកុមារ។
ហ៊ុយ វណ្ណៈ ៖ លោកស្រីអាចបញ្ជាក់បន្ថែមទៀតថា តើចំពោះអាណាព្យាបាលរបស់កុមារគាត់យល់ឃើញយ៉ាងម៉េចដែរ?
យឹម សុខារី ៖ ចំពោះយោបល់ឬក៏ទឹកចិត្តរបស់អាណាព្យាបាលកុមារដែលយើងបានសម្ភាសន៍នៅលើប្រាសាទក្ដី នៅលើគ១ក្ដី ឬក៏នៅតាមតំបន់ព្រៃដែលភរិយាទាហានរស់នៅ ដើម្បីប្រកបមុខរបរលក់ដូរតិចតួចក្ដីហ្នឹង គឺថាគាត់មានការព្រួយបារម្ភចំពោះសុវត្ថិភាពកូន។
ហ៊ុយ វណ្ណៈ ៖ លោកស្រីអាចបញ្ជាក់ តើកុមារទាំងនោះស្ថិតនៅក្នុងរវាងអាយុប៉ុន្មានឆ្នាំ ដល់ប៉ុន្មានឆ្នាំ?
យឹម សុខារី ៖ កុមារដែលមានអាយុដែលខ្ញុំបានជម្រាបជូន ៣ក្រុមខាងដើមហ្នឹង គឺថាអាយុដែលពេញវ័យរៀន គឺចាប់ពី៦ឆ្នាំទៅដល់១៨ឆ្នាំ។ ហើយដោយឡែកមួយទៀត មានក្រុមកុមារតូចៗជាងហ្នឹងទៀតមានមិនទាន់ពេញវ័យ៦ឆ្នាំហ្នឹង គឺចាប់ពី៤ឆ្នាំមកដល់៥ឆ្នាំហ្នឹង ក៏មានច្រើនដែរ ហើយគាត់ទាមទារឲ្យយើងយកមកដាក់លំនៅបណ្ដោះអាសន្នរបស់អង្គការ SCADP យើង នៅភូមិសាឯមហ្នឹងដែរ ប៉ុន្តែពេលខ្លះយើងយកមក ហើយវាមានការយំនឹករឭកទៅដល់ឪពុកម្ដាយគេ ពេលខ្លះយើងក៏ទំនាក់ទំនងឲ្យឪពុកម្ដាយគេយកទៅវិញចំពោះកុមារដែលមានវ័យ៤-៥ឆ្នាំ តែបើសិនជាគាត់ព្រមរស់នៅជាមួយបងៗដែលមករៀននៅក្នុងលំនៅឋានបណ្ដោះអាសន្នរបស់អង្គការយើង ឬក៏នៅក្នុងលំនៅឋានបណ្ដោះអាសន្ននេះ គឺយើងទុកឲ្យគេងនៅជាមួយបងៗពួកគេបើសិនជាគេមិនយំ។
លោកស្រី យីម សុខារី បានថ្លែងបន្តថា ចាប់តាំងពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៨ ខែតុលានេះ ក្រុមការងាររបស់អង្គការបានជួបកុមារចំនួន១៣៥ដែលកំពុងរស់នៅជាមួយឪពុកម្តាយគេជាកងទ័ពនៅព្រំដែនជាកងវិស្វកម្ម និងជាអ្នកស្រុកនៅជាប់តំបន់ជម្លោះនោះដោយកុមារខ្លះកំពុងរស់នៅក្នុងលេណដ្ឋានផងដែរ។
រហូតមកទល់ពេលនេះមានកុមារចំនួន៩៦ប៉ុណ្ណោះ ត្រូវគេសង្គ្រោះចេញពីតំបន់ព្រំដែនឬលេណដ្ឋានឲ្យមករស់នៅផ្ទះបណ្តោះអាសន្ននៅឯភូមិស្រឯមនៃខេត្តព្រះវិហារនោះ៕