ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​គ្រោង​ទៅ​តវ៉ា​នៅ​សាលា​ក្រុង​ពី​បញ្ហា​បូម​ខ្សាច់​ដាក់​បឹង

ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​សង់​នៅ​លើ​បឹងកក់​គ្រោង​នឹង​ទៅ​ធ្វើការ​តវ៉ា​នៅ​សាលាក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ ក្នុង​គោលបំណង​ឲ្យ​បញ្ឈប់​ការបូម​ខ្សាច់​ដាក់​បឹងកក់​ជា​បន្ទាន់ ពីព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ទាន់​ទទួល​ការយល់ព្រម​ក្នុង​ការដោះដូរ​ផ្ទះ​របស់​ពួក​គាត់​ជាមួយ​នឹង​សាលាក្រុង​នៅ​ឡើយ​ទេ។

0:00 / 0:00

បុរស​ដែល​ជា​អ្នក​ភូមិ​បឹងកក់ ឈ្មោះ ថន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ក៏​ដូច​ជា​ពលរដ្ឋ​ផ្សេង​ទៀត​ដែរ​មិន​យល់ព្រម​ទទួល​លុយ​ពី​សាលាក្រុង​ភ្នំពេញ ៨៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការចាកចេញ​ពី​ផ្ទះ​ដែល​បាន​រស់នៅ​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ​ទេ។ លោក​បន្ត​ថា​សូម​ឲ្យ​ក្រុមហ៊ុន​ឬ​សាលាក្រុង​មក​ដោះស្រាយ​ជា​មុន​សិន មុន​នឹង​បូម​ខ្សាច់​ដាក់​បឹង​នេះ។

លោក ថន បាន​ឲ្យ​ដឹង​ថា ៖ «ថា​ម៉ោង​៧​ព្រឹក​ជួបជុំ​គ្នា ធ្វើ​ដំណើរ​ទៅ​សាលាក្រុង ឲ្យ​មាន​ការផ្អាក​បូម​ខ្សាច់​ជា​បណ្ដោះអាសន្ន​សិន។ សុំ​ឲ្យ​ក្រុមហ៊ុន​មក​ដោះស្រាយ​ផ្ទះ​ប្រជាជន ជា​ពិសេស​ទិញ​ដូរ​អី​តាម​តម្លៃ​ទីផ្សារ​ហ្នឹង ឲ្យ​ដល់​ដៃ​ប្រជាជន​តែម្ដង»

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ៖ «សុំ​ឲ្យ​ផ្អាក​សិន កុំ​អាល​បូម ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ ដូច​ថា​ទិញ​ដូរ​អី ឲ្យ​ដោះស្រាយ​ជាមួយ​ប្រជាជន​ឲ្យ​ហើយ​សិន​ទៅ។ ខ្ញុំ​ត្រូវតែ​តស៊ូ​មតិ​ហ្នឹង​ដល់​ទី​បញ្ចប់។ ឥឡូវ​ប្រជាជន​ទាំងអស់​ហ្នឹង​ចង់​ទៅ​សាលាក្រុង ដើម្បី​ឲ្យ​សាលាក្រុង​ប្រាប់​ក្រុមហ៊ុន​ឲ្យ​ដោះស្រាយ​ថា មុន​ដំបូង​យើង​ត្រូវ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​សិន។ ៨​ពាន់​ដុល្លារ​ទៅ​ធ្វើ​អី​ចេញ ធ្វើ​ផ្ទះ​ឲ្យ​ឆ្ងាយ​ពេក ហើយ​សំណង់​ហ្នឹង​វា​អត់​សូវ​មាំ»

ពាក់ពន្ធ័​នឹង​ការទាមទារ​របស់​ប្រជាពលរដ្ឋ​ខាង​លើ នៅ​ថ្ងៃ​អាទិត្យ​នេះ​វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា តែ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។

ចំណែក​ឯ​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ម៉ាន់ ឈឿន បាន​ឲ្យ​សួរ​ទៅ​លោក សួន រិនឌី ជា​នាយរងខុទ្ទកាល័យ​ទទួល​បន្ទុក​កិច្ចការ​នៅ​បឹងកក់​នេះ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក សួន រិនឌី បាន​ឆ្លើយ​ថា​ទូរស័ព្ទ​នោះ​បាន​បិទ​ហើយ។

ចំណែក​ឯ​តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា​លោក​គាំទ្រ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុង​ការបញ្ឈប់​ការបូម​ខ្សាច់​បញ្ចូល​ក្នុង​បឹង​កក់​នេះ ហើយ​លោក​នឹង​ទៅ​ជួប​មន្ត្រី​បរិស្ថាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ ដើម្បី​ឲ្យ​មន្ត្រី​នោះ​បញ្ជាក់​ថា​តើ​មាន​លិខិត​បញ្ជាក់​ពី​ផល​ប៉ះពាល់​បរិស្ថាន​ដែរ​ឬ​ទេ​ក្នុង​ការបូម​ខ្សាច់​បញ្ចូល​បឹង​នោះ។

នៅ​ថ្ងៃ​នេះ​ដែរ​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​នៅ​ចំ​មុខ​ទុយោ​បូម​ខ្សាច់​បញ្ចូល​ក្នុង​បឹង​កក់​នោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​រុះរើ ៖ «បើ​យើង​ថា​ដាច់ខាត​យើង​មិន​ចេញ គេ​នឹង​បូម​ពន្លិច​យើង​ហើយ ម៉ោង​ប្រហែល​១ គេ​ឲ្យ​កង​កម្លាំង​គេ​មក ៣​-​៤​នាក់»

សូម​ជម្រាប​ដែរ​ថា​ទំនាស់​ដី​នៅ​ក្នុង​បឹង​កក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កើតឡើង​តាំងពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ ហើយ​សាលាក្រុង​ភ្នំពេញ​បាន​ជួល​បឹង​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​រយៈ​៩៩​ឆ្នាំ មាន​ទំហំ​ជាង​១០០​ហិកតារ ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​បឹង​នេះ​ប្រមាណ​៤​ពាន់​គ្រួសារ​ដែល​ត្រូវ​រង​ផល​ប៉ះពាល់៕