មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​នៅ​សៀមរាប​រង​ការចោទ​ថា​រារាំង​សកម្មភាព​របស់​បក្ស​ហ៊្វុនស៊ិនប៉ិច

សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ (CEC) ថា​បាន​រារាំង​សកម្មភាព​គណបក្ស​របស់​ខ្លួន​មិន​ឲ្យ​ដើរ​បិទ​ផ្ទាំង​ខិត្តប័ណ្ណ​ឃោសនា​នៅ​តាម​ភូមិ​មួយចំនួន​ដែល​ជា​ចេតនា​រារាំង​ផ្នែក​នយោបាយ ។

0:00 / 0:00

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រចាំ​ឃុំ​ខ្ចាស់ អ្នកស្រី អ៊ុំ ស៊ីណា បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មិថុនា ថា​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ ឈ្មោះ គឹម ប៊ុនរិទ្ធ បាន​រារាំង​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​៧​នាក់ កាលពី​ថ្ងៃ​ទី​២៩ មិន​ឲ្យ​ចូល​ទៅ​បិទ​ខិត្តប័ណ្ណ​ឃោសនា​គណបក្ស​ជាង​១០០​សន្លឹក និង​ព្រះឆាយាល័ក្ខណ៍​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​ភូមិ​ចំនួន​៣ ដោយសារ​តែ CEC អះអាង​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឃុំ​នោះ​មិន​ទាន់​មាន​ការសុំ​អនុញ្ញាត​ច្បាប់​នៅឡើយ ។

អ្នកស្រី អ៊ុំ ស៊ីណា បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​សុំ​តែ​បិទ​ខិត្តប័ណ្ណ​និង​លើក​បដា... មេ CEC ឈ្មោះ រិទ្ធិ គេ​ថា​អត់​បាន គេ​ថា​ខ្លាច​ប៉ះ​គណបក្ស»

ប៉ុន្តែ​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​សៀមរាប លោក នឹម វ៉ាន់សំ បាន​បដិសេធ​ការចោទ​ប្រកាន់​របស់​គណបក្ស​មក​លើ​ប្រធាន CEC នោះ គឺ​ជា​ការ​មិន​ពិត​ទេ ។ លោក នឹម វ៉ាន់សំ បាន​មាន​ប្រសាសន៍​ថា​តាមពិត​គឺ​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង​នោះ​សុទ្ធតែ​ជា​ស្រីៗ ហើយ​មាន​ការភ័យ​ខ្លាច​ខ្លួន​ឯង​នៅ​ពេល​ដែល​ដើរ​ជួប​ក្រុម​គណបក្ស​ផ្សេង​ដើរ​ធ្វើ​សកម្មភាព​ឃោសនា​ដែរ​នោះ រហូត​ដល់​អ្នក​ខ្លះ​ដោះ​អាវ​គណបក្ស​ចេញ​ពី​ខ្លួន​ទៀត​ផង ។

លោក នឹម វ៉ាន់សំ បាន​មាន​ប្រសាសន៍​ថា ៖ «ភ្លាម​ហ្នឹង​ក៏​បាន​ជួបជុំ​គ្នា​ដោះស្រាយ ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រធាន​ហ្នឹង​គាត់​មក​ដែរ»

ទោះ​យ៉ាង​ណា​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​ខ្ចាស់ លោក គឹម ប៊ុនរិទ្ធ បាន​ទទួល​ស្គាល់​ថា​លោក​ពិត​ជា​បាន​ហាម​ឃាត់​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងនោះ​មិន​ឲ្យ​ទៅ​បិទ​ខិត្តប័ណ្ណ​ឃោសនា​នៅ​ក្នុង​ភូមិ​ក្បូន និង​ភូមិ​គោក​សង្កែ​មែន ដោយសារតែ​លោក​មិន​យល់​អំពី​ច្បាប់​ស្តីពី​ការឃោសនា​ឲ្យ​បាន​ច្បាស់លាស់​ថា ការដើរ​បិទ​ខិត្តប័ណ្ណ​នោះ​លុះណាតែ​ត្រូវ​សុំ​ច្បាប់​ជា​មុន ។

លោក គឹម ប៊ុនរិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ជា​រឿង​ភ័ន្ត​ច្រឡំ​ទេ ការរៀន​សូត្រ​របស់​ខ្ញុំ​ថា​វា​កម្រិត​ទាប​ចុះ យល់​មិន​ដល់»

អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង នៅតែ​អល់ឯក​ក្នុង​ការទទួល​ស្គាល់​កំហុស​របស់​មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​នោះ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​ពុំ​ជឿ​ថា​មន្ត្រី CEC ពុំ​មាន​យល់​អំពី​ច្បាប់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ចេតនា​ដើម្បី​រារាំង​ការឃោសនា​គណបក្ស​របស់​លោក​តែប៉ុណ្ណោះ ។

អ្នក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក សរ វណ្ណារ៉ា ដែល​បាន​ចុះ​ស្រាវជ្រាវ​រឿង​នោះ​បាន​មាន​ប្រសាសន៍​ថា ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​ខ្ចាស់ បាន​ទទួល​ស្គាល់​ថា​ជា​កំហុស​របស់​គាត់​ដោយ​មាន​ការយល់​មិន​ដល់​ទៅ​នឹង​ជម្រៅ​ច្បាប់ ក៏ប៉ុន្តែ​ទោះ​យ៉ាងណា​បញ្ហា​នោះ​គឺ​ជា​ការរំលោភ​ទៅ​លើ​គណបក្ស​នយោបាយ ។

លោក សរ វណ្ណារ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​ក៏​បាន​សារភាព​ថា​មិន​បាន​យល់​ស៊ីជម្រៅ​ទាក់ទង​នឹង​ច្បាប់​ហ្នឹង​ជា​ការចន្លោះ​ប្រហោង​របស់​គាត់»

សូម​រំឭក​ថា​ចាប់តាំងពី​ការចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​មក ក្រៅពី​មាន​ការចោទ​ប្រកាន់​ថា​មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​ធ្វើការ​រារាំង​ការដើរ​បិទ​ខិត្តប័ណ្ណ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប នៅ​ឯ​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ស្លាក​គណបក្ស​សមរង្ស៊ី​ចំនួន​២​ផ្ទាំង​ត្រូវ​បាន​គេ​លួច​ទម្លាក់​កាលពី​យប់​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក ៕