កម្ពុជា​នឹង​ទទួល​ផល​ពី​ប្រេង​ក្នុង​បាត​សមុទ្ទ​នៅ​ឆ្នាំ​២០១១

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ផល​ពី​ប្រេង​ក្នុង​បាត​សមុទ្ទ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ ២០១១។

0:00 / 0:00

នៅ​ក្នុង​វេទិកា​យុវជនៈ ប្រេង និង​ឧស្ម័ន ស្ដីពី​ការគ្រប់គ្រង​ចំណូល​ពី​ប្រេង​និង​ឧស្ម័ន​នៅ​កម្ពុជា អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ហង្ស ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា​ចំណូល​ពី​ប្រេង​ដែល​នឹង​ទទួល​បាន​នៅ​ឆ្នាំ ២០១១ មាន​ចំនួន​ជា​ទឹក​ប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក ហង្ស ជួនណារ៉ុន បាន​ឲ្យ​ដឹង​ទៀត​ថា​បើ​ប្រៀបធៀប​ទៅ​នឹង​ចំណូល​ពី​វិស័យ​ផ្សេង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១១ វិស័យ​ទេសចរណ៍​នឹង​ទទួល​បាន​ចំណូល​២០០០​លាន​ដុល្លារ។ វិស័យ​កាត់ដេរ​បាន​៣៧០០​លាន​ដុល្លារ ហើយ​វិស័យ​កសិកម្ម​អាច​ទទួល​បាន​១៤០០​លាន​ដុល្លារ។

លោក ហង្ស ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា ៖ «បើ​ក្រុមហ៊ុន​តែម្ដង គេ​ប្រាប់​ថា​តែ​១០០​លាន​ផង ហើយ​ខ្ញុំ​ដាក់​២០០​លាន​នេះ គឺ​វា​គិត​ថា​ជា​មធ្យម​ទេ»

លោក ហង្ស ជួនណារ៉ុន មិន​បាន​ដឹង​ថា​តើ​មាន​ប្រេង​ប៉ុន្មាន​ស្ថិត​ក្នុង​បាត​សមុទ្ទ​នៃ​ប្រទេស​កម្ពុជា​នោះ​ឡើយ តែ​បើ​តាម​ធនាគារ​ពិភពលោក​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា ប្រេង​ក្នុង​បាទ​សមុទ្ទ​កម្ពុជា​មាន​ចំនួន​២​ពាន់​លាន​បារ៉ែល ចំណែក​ឯ​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ (UNDP) បាន​អះអាង​ថា​មាន​ចំនួន​៧០០​លាន​បារ៉ែល។

លោក ហង្ស ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ក្នុង​ការអនុវត្ត​គោលការណ៍​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​ឧស្សាហកម្ម និស្សារណកម្ម ហៅ​កាត់​ថា EITI ដើម្បី​គ្រប់គ្រង​ប្រាក់​ចំណូល​ពី​ប្រេង​និង​ឧស្ម័ន​នោះ​ប្រកប​ដោយ​តម្លាភាព។

ទាក់ទង​នឹង​ការគ្រប់គ្រង​ប្រាក់​ចំណូល​ពី​ប្រេង​និង​ឧស្ម័ន សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​គំរូ​តាម​ប្រទេស​ទីម័រ​ខាង​កើត ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ក្នុង​ការគ្រប់គ្រង​ប្រាក់​ចំណូល​ពី​ប្រេង​និង​ឧស្ម័ន​នោះ ហើយ​បាន​ចោទ​ថា​រដ្ឋាភិបាល​មិន​បាន​គ្រប់គ្រង​ថវិកា​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ដែរ។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ៖ «ទាំងអស់​គ្នា​ព្រួយ​បារម្ភ​ទាំងអស់​គ្នា​ហ្នឹង ដោយសារតែ​រដ្ឋាភិបាល​យើង​មាន​ភាព​ខ្ជីខ្ជា​ទៅ​នឹង​រឿង​ការចាយ​ប្រាក់​ជាតិ សូម្បីតែ​ប្រាក់​ជាតិ​ក៏​ប្រមូល​មិន​បាន​ត្រឹមត្រូវ​ផង ទម្រាំ​ប្រាក់​ចូល​ពី​ផល​ប្រេង វា​រឹតតែ​ធ្វើ​ឲ្យ​មាន​ការយក​ទៅ​កិប​បំបាត់​និង​បាត់បង់ មិន​បាន​ផល​ដល់​ប្រជារាស្រ្ដ។ ដូច្នេះ​វា​មាន​បញ្ហា​ព្រួយ​បារម្ភ»

គួរ​ជម្រាប​ថា​កាលពី​ចុង​ឆ្នាំ ២០០៧ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) ក៏​បាន​ព្យាករណ៍​ដែរ​ថា​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ចំនួន​១៧៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ប្រេង​ក្នុង​បាត​សមុទ្ទ នា​ឆ្នាំ ២០១១ ហើយ​ចំណូល​នេះ​នឹង​កើនឡើង​រហូត​ដល់​១៧​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុងពេល​១០​ឆ្នាំ ពោល​គឺ​ក្នុង​ឆ្នាំ ២០២១។ បន្ទាប់មក​ប្រាក់​ចំណូល​ពី​ប្រេង​និង​ឧស្ម័ន​នឹង​ធ្លាក់​ចុះ​មក​វិញ។

គេ​សង្ឃឹម​ថា​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ប្រេង​និង​ឧស្ម័ន​នៅ​បាត​សមុទ្ទ​នោះ នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា ហើយ​និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។ ទន្ទឹម​នឹង​នេះ​មាន​សេចក្ដី​រាយការណ៍​បង្ហាញ​ពី​ការព្រួយ​បារម្ភ​ថា ធនធាន​ទាំង​នោះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​តែ​ចំពោះ​អ្នក​មាន​អំណាច ហើយ​មិន​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​ធនធាន​ទាំង​នោះ​ឡើយ៕